ក្រសួងការងារសម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីពង្រឹងសមត្ថភាពពលកម្មជំនាញរបស់កម្ពុជា និងបង្កើនការទាក់ទាញវិនិយោគិន

ក្រសួងការងារសម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីពង្រឹងសមត្ថភាពពលកម្មជំនាញរបស់កម្ពុជា និងបង្កើនការទាក់ទាញវិនិយោគិន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ZHAO HAIYAN (ចាវ ហាយយាន) អគ្គទីប្រឹក្សាទូតទទួលបន្ទុកកិច្ចការកុងស៊ុលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុន Jiangsu Huibo Robotics Technology រួមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា សមិទ្ធផលរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិតនេះ នឹងធ្វើឱ្យយុវជនកម្ពុជា និយាយជារួម និងសិស្ស-និស្សិត ដែលសិក្សានៅវិទ្យាស្ថាន NPIC និយាយដោយឡែក កាន់តែមានសមត្ថភាពជំនាញកាន់តែខ្ពស់បន្ថែមទៀត ដែលស្របទៅតាមតម្រូវការទីផ្សារការងារ ដែលកំពុងសម្បូរបែប ក្នុងបរិបទបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។ ការខិតខំបំពាក់បំប៉នដល់សិស្ស-និស្សិតកម្ពុជានូវជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនេះដែរ ក៏ជាគន្លឹះសំខាន់មួយ ក្នុងការបង្កើនការទាក់ទាញវិនិយោគិនពីបរទេសឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។

នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានសង្កត់ធ្ងន់ថា៖ «ប្រសិនជាគ្មានការរីកចម្រើនផ្នែកធនធានមនុស្សជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងផលិតភាពនោះទេ កម្ពុជាក៏មិនអាចពង្រីកឧត្តមភាពនៃការប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានា ក្នុងការទាក់ទាញគម្រោងវិនិយោគថ្មីៗនោះឡើយ»

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ការអភិវឌ្ឍធនធានមនុស្ស គឺជានយោបាយសំខាន់មួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមអាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងគោលបំណងធានាឱ្យបានធនធានមនុស្សកាន់តែល្អ ប្រកបដោយគុណភាព និងមានលទ្ធភាពប្រកួតប្រជែងនៅក្នុងទីផ្សារ។

ឯកឧត្តមរដ្ឋមន្ត្រីក៏មិនភ្លេចថ្លែងអំណរគុណដល់ក្រុមហ៊ុន Jiangsu Huibo Robotics Technology ដែលបានផ្តល់ជាអំណោយជារោងជាងមកដល់ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលធ្វើឱ្យវិទ្យាស្ថានដ៏ទំនើបរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមួយនេះកាន់តែទំនើប និងមានសមត្ថភាពកាន់តែខ្ពស់ ក្នុងការបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋខ្មែរបន្ថែមទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលេចផងដែរថា វត្តមាននៃជំនួយរបស់ក្រុមហ៊ុនទំនើបរបស់ចិននេះ នឹងក្លាយជាធ្នាក់នាំយកក្រុមហ៊ុនវិនិយោគចិនធំៗ ឱ្យមកកម្ពុជា កាន់តែច្រើនបន្ថែមទៀត៕

Related post

លោកស្រី​ Paetongtarn Shinawatra: ប្រទេសត្រូវតែដើរទៅមុខ ឯកភាព​ជាតិ​ថៃ រួម​កម្លាំង​គ្នា​ជំរុញ​គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ

លោកស្រី​ Paetongtarn Shinawatra: ប្រទេសត្រូវតែដើរទៅមុខ ឯកភាព​ជាតិ​ថៃ រួម​កម្លាំង​គ្នា​ជំរុញ​គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ

លោកស្រី​ Paetongtarn Shinawatra បានលេីកឡេីងថា​  “​ ប្រទេសត្រូវតែដើរទៅមុខ ឯកភាព​ជាតិ​ថៃ រួម​កម្លាំង​គ្នា​ជំរុញ​គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ​ “​ តាមរយៈ​បណ្ដាញ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកស្រី​ នៅមុននេះបន្តិច​ នាថ្ងៃ​ទី​ ២២​ ខែមិថុនា​ ឆ្នាំ​២០២៥​ នេះ​ ក្នុងកិច្ចប្រជុំមួយជាមួយ​ គណៈកម្មាធិការ​ប្រតិបត្តិ​ នៃ​រដ្ឋាភិបាល​ចម្រុះ​ ។ ក្នុង​នោះដែរលោកស្រីបានរៀបរាប់ថា​…
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ច្រានចោលការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមទុច្ចរិត ដែលព្យាយាមបង្កើតព័ត៌មានក្លែងក្លាយថា «កោះឬស្សី» ត្រូវបានវៀតណាមគ្រប់គ្រង

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ច្រានចោលការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមទុច្ចរិត ដែលព្យាយាមបង្កើតព័ត៌មានក្លែងក្លាយថា «កោះឬស្សី» ត្រូវបានវៀតណាមគ្រប់គ្រង

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញមកប្រកាសច្រានចោលលើការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមទុច្ចរិត ដែលព្យាយាមបង្កើតព័ត៌មានក្លែងក្លាយថា «កោះឬស្សី» ត្រូវបានវៀតណាមគ្រប់គ្រង ដែលនេះគឺជាព័ត៌មានមិនពិតនោះទេ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន ឯកឧត្តម ឡុង ឌីម៉ង់ បានបញ្ជាក់ដូចនេះថា «ពាក់ព័ន្ធជាមួយនឹងការចេញវីដេអូ និយាយពីរឿងកោះឫស្សី នេះ…
ក្រសួងទេសចរណ៍ និងសមាគមសិល្បករខ្មែរ ឯកភាពគ្នាជំរុញការផ្សព្វផ្សាយកម្ពុជា ក្នុងរដូវកាលបៃតង

ក្រសួងទេសចរណ៍ និងសមាគមសិល្បករខ្មែរ ឯកភាពគ្នាជំរុញការផ្សព្វផ្សាយកម្ពុជា ក្នុងរដូវកាលបៃតង

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងសហការី ស្តីពីការចូលរួមជួយជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងស្នើសុំកិច្ចសហការ និងគាំទ្រលើកិច្ចការទេសចរណ៍វប្បធម៌ផងដែរ។ ក្នុងជំនួបពិភាក្សា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់…