ព្រឹកថ្ងៃនេះព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ឆ្នាំង

ព្រឹកថ្ងៃនេះព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធធ្វើឡើងនៅទីព្រះស្រែក្នុងកីឡដ្ឋានក្រុងកំពង់ឆ្នាំង ស្ថិតនៅទីរួមខេត្តកំពង់ឆ្នាំង។

 

ក្នុងព្រះរាជពិធីនេះ មានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ ដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ឯកអគ្គរាជទូត/រដ្ឋទូតនៃបណ្តាប្រទេសជាមិត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងយ៉ាងច្រើនកុះករ។

នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ផាត សុផាន្នី ទទួលបានព្រះបរមរាជានុញ្ញាតពីព្រះមហាក្សត្រ ធ្វើជាស្តេចមាឃ និងមេហួ ដើម្បីប្រារព្ធកិច្ចច្រត់ព្រះនង្គ័ល និងសាបព្រោះគ្រាប់ពូជស្រូវ និងពូជដំណាំនានា ទៅតាមព្រះរាជបវេណីនៃព្រះរាជពិធីតាំងពីបុរាណកាលតរៀងមក។

 

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ធ្វើឡើងក្នុងគោលបំណងផ្សង មើលពីប្រផ្នូលស្រុកទេស និងការបង្កបង្កើនផល ទៅតាមការបរិភោគរបស់គោឧសភរាជ។ ពិធីនេះដែរក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើរបរកសិកម្មជាចម្បងឱ្យដឹងថារដូវរស្សា ជារដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ។

 

សូមបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានគេប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ។ ច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយ សំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ហើយក៏ជាព្រះរាជពិធីមួយស្ថិតក្នុងចំណោមព្រះរាជពិធីផ្សេងៗឯទៀតប្រចាំឆ្នាំ ដែលចាត់ចូលជាព្រះរាជពិធីទ្វារទសមាស។

នៅប្រទេសឥណ្ឌាបុរាណ និងនៅព្រះរាជាណាចក្រកម្ពុជា ការប្រកបរបរកសិកម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគផលដំណាំដទៃៗទៀត។ ការបង្កើតផលិតផលស្រូវ អង្ករ ឬក៏ផលដំណាំផ្សេងៗ ដូចជាពោត សណ្តែក ល្ង ដោយព្រះរាជាតាមរយៈព្រះរាជពិធីខាងលើនេះ បណ្តាលមកពីកត្តាចម្បងមួយ គឺលក្ខណៈស័ក្តិសិទ្ធិរបស់តួអង្គ «ស្តេច» ក្នុងក្រសែភ្នែករបស់ប្រជានុរាស្ត្រ។ មានន័យថា ផលដំណាំពុំមែន ស្ថិតនៅត្រឹមតែការដាំដុះ បច្ចេកទេស ឬសេដ្ឋកិច្ចនោះទេ ពោលគឺប្រាកដជាបណ្តាលមកពីពិធីកម្មនេះឯង។

 

តាមទម្លាប់ព្រះរាជពិធីនេះ ធ្វើឡើងក្នុងការផ្សង មើលប្រថ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ គោ១នឹម ដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ» ក៏មានកំណត់ក្នុងលក្ខណៈតាមបែបនិយមបច្ចុប្បន្ន គឺសម្បុរខ្មៅ ស្នែងរាងជ្រពាស់ ឈ្នក់ ឬ ប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច។ គោ២ នឹមទៀត ដែលសម្រាប់ ហែមុខហែរក្រោយឃើញថា មិនទាន់កំណត់លក្ខណៈ តែតាមដែលធ្លាប់ប្រើមក ហើយឃើញច្រើនតែសម្បុរក្រហម។ ឯ «គោឧសភរាជ» នោះវេលាទឹមច្រត់ព្រះនង្គ័ល គេប្រដាប់ដោយគ្រឿងគឺពាក់ស្រោមមុខស្រោមស្នែង និងពាក់សំពត់កម្រាល សម្បុរក្រហមលើខ្នងផង។ ឯព្រះនង្គ័លទាំង៣នោះ គេលាបថ្នាំពណ៌ខ្មៅកាត់ខ្សែក្រហមដោយអន្លើៗ ឯចន្ទោលព្រះនង្គ័ល សម្រាប់អ្នកតំណាងព្រះអង្គនោះមានលក្ខណៈពិសេស គឺធ្វើជារូបនាគ លាបថ្នាំពណ៌លឿងបែបយ៉ាងពណ៌មាស។ នៅត្រង់កនាគមានភូធ្វើពីរោមសត្វសម្បុរ បែបភូទួន។

 

ទាក់ទិននឹងការផ្សងគោឧសភរាជ គឺព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យបរិភោគ និងផឹកអាហារ៧យ៉ាង ដែលរៀបដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ ១តុ គ្រាប់សណ្ដែក ១តុ គ្រាប់ពោត ១តុ គ្រាប់ល្ង ១តុ ស្មៅស្រស់ ១តុ ទឹក ១តុ ស្រា ១តុ។ សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូយកទឹកមន្ដប្រោះក្បាលព្រះគោទាំងពីរ ហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័លស្ដេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យបរិភោគ និងផឹក អាហារទាំង៧យ៉ាង។ គោឧសភរាជចូលចិត្ដបរិភោគ និងផឹកអ្វី គេមិនបង្ខំឱ្យនោះឡើយ។ គោឧសភរាជបរិភោគ និងផឹកអ្វី ព្រាហ្មណ៍ក៏ទាយផលប្រផ្នូនៃភោគផលធ្វើស្រែចម្ការក្នុងឆ្នាំនេះ ទៅតាមការបរិភោគ ឬផឹក របស់គោឧសភរាជ៕

ដោយ÷ Met Kim Au

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…