សម្តេចតេជោ ហ៊ុន សែន អំពាវឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ មុនអាជ្ញាធរថៃ ដេញចេញឬប្រមាថ, អ្នកណាក៏ដោយឱ្យតែខ្មែរ ទោះមានឯកសារ ឬគ្មានឯកសារ ក៏រាជរដ្ឋាភិបាលទទួលយកទាំងអស់

សម្តេចតេជោ ហ៊ុន សែន អំពាវឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ មុនអាជ្ញាធរថៃ ដេញចេញឬប្រមាថ, អ្នកណាក៏ដោយឱ្យតែខ្មែរ ទោះមានឯកសារ ឬគ្មានឯកសារ ក៏រាជរដ្ឋាភិបាលទទួលយកទាំងអស់

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមិថុនានេះ បានអំពាវនាវឱ្យដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ។

ថ្លែងតាមរយៈបណ្តាញសង្គម Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា« មុននេះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារ​ទាក់ទង​​ដល់ពលករខ្មែរ​នៅក្នុងប្រទេសថៃ។ នេះជាវិធានការគ្រប់ជ្រុងជ្រោយដែលជួយសម្រួលដល់បងប្អូនដែលវិលត្រឡប់មកស្រុកកំណើតវិញដើម្បីរកការងារធ្វើឬបង្កើតមុខរបរថ្មី។ បងប្អូនខ្លះបាន​ចោទសួរថា មានបងប្អូននៅថៃ ៣០ឆ្នាំហើយ ចង់មករស់នៅមើលម្តាយ ដែលមានអាយុ៨០ឆ្នាំ តែគាត់ពុំមានឯកសារ។ ខ្ញុំអាចឆ្លើយបានថា អ្នកណាក៏ដោយឲ្យតែជាខ្មែរទោះមាន ឬគ្មានឯកសារ​រាជរដ្ឋាភិបាល​ទទួលយកបានទាំងអស់ដោយគ្មានការរើសអើង»។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសូមពលករវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងការប្រមាថ។ សម្តេចបានបញ្ជាក់ថា «ខ្ញុំនិយាយបែបនេះព្រោះខ្ញុំយល់ច្បាស់ ថាជម្លោះព្រំដែនកម្ពុជា-ថៃ នឹងអូស បន្លាយពេលយូរពិសេសនៅពេលកម្ពុជា​ដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ពេលនោះ ពួកជ្រុលនិយមថៃ និងយោធាថៃមួយចំនួន នឹងរករឿងធ្វើបាបបងប្អូន។ នេះជារឿងពិតដែលបាន​និងកំពុងកើតឡើង និងត្រូវតែកើតឡើងដោយចៀសមិនរួច»

សម្តេចបានភ្ជាប់នូវសាររបស់ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីបងប្អូនបានជ្រាបដូចខាងក្រោម៖

«ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេច​ក្នុងការសម្របសម្រួលដោះស្រាយ៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក និងថែទាំព្យាបាលសុខភាពបឋម ជូនបងប្អូននៅតំបន់ព្រំដែន។

ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារ​ក្នុងប្រទេសជូនបងប្អូន​ដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមជាង ៧ម៉ឺននាក់។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការ​ជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនិងសង្គមកិច្ចមួយចំនួន។

ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន។ ពេលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរ​យើងប្រឈមនឹងបញ្ហា ស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក គឺជាចំណុចខ្លាំងរបស់ប្រជាជាតិខ្មែរយើង»៕

Related post

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃទៀតដោយ ៖…
អនុព័ន្ឋយោធាចំនួន​ ០៩​ ប្រទេស​ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភាសសឹក​ ក្រោយមានបទឈប់បាញ់រវាង​ កម្ពុជា​-ថៃ

អនុព័ន្ឋយោធាចំនួន​ ០៩​ ប្រទេស​ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភាសសឹក​ ក្រោយមានបទឈប់បាញ់រវាង​ កម្ពុជា​-ថៃ

នៅថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា បានចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹក ក្រោយកម្ពុជាចូលរួមអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ដោយមានវត្តមានមកពីប្រទេសចំនួន០៩ និង១៤រូបបានចូលរួម ក្នុងនោះរួមមាន ប្រទេស អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង…
ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ…