ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS។

ពិធីនេះត្រូវបានធ្វើឡើងនៅទីតាំងគម្រោង ដែលស្ថិតក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងក្រុមហ៊ុន ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានថ្លែងថា ខេត្តពោធិ៍សាត់ ចាត់ទុកជាខេត្តដែលឈានមុខគេមួយ ក្នុងការផលិតថាមពលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ និងប្រភពវារីអគ្គីសនី ដែលមានរហូតដល់ទៅ៣ទីតាំង សម្រាប់ផ្គត់ផ្គង់ក្នុងខេត្ត និងការនាំចេញ។ ការរីកចម្រើននៃថាមពលអគ្គិសនីនេះ គឺដោយមានគោលនយោបាយ ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា ដោយមានការយកចិត្តទុកដាក់ពីលោក ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានយកចិត្តទុកដាក់ និងទាក់ទាញវិនិយោគទុន ឱ្យមកចូលក្នុងខេត្ត ដើម្បីជំរុញឱ្យសេដ្ឋកិច្ចខេត្ត មានការរីកចម្រើន ប្រែក្លាយពីខេត្តឆ្លងកាត់មកជាខេត្តដែលពោរពេញដោយការទាក់ទាញ ទាំងផ្នែកឧស្សាហកម្ម និងទេសចរណ៍។

លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងការអាណិតអាសូរដោយស្មោះ ចំពោះជនរងគ្រោះទាំងអស់ នៃជម្លោះព្រំដែន កម្ពុជា-ថៃ។ ជាមួយគ្នានោះ លោកសូមសម្តែងការគាំទ្រ ចំពោះកិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់ ហើយក៏សង្ឃឹមថាសន្តិភាពនឹងត្រលប់មកវិញ ក្នុងពេលឆាប់ៗនេះ។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន នៅឆ្នាំ២០៥០ ដោយតម្រូវឱ្យកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ការប្រើប្រាស់ថាមពល កកើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ គឺជាមធ្យោបាយវិជ្ជមាន និងមានប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាប្រឈមនេះ។

លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) បន្ថែមថា គម្រោងថាមពលពន្លឺព្រះអាទិត្យ និងប្រព័ន្ធអាគុយស្តុកថាមពលនៅទីនេះ នឹងរួមចំណែកបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងរបស់កម្ពុជា និងតម្រូវការសម្រាប់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។ លើសពីនេះ គម្រោងនេះនឹងរួមចំណែកដល់ការសម្រេចបាន នូវគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ របស់ប្រទេសជប៉ុន តាមរយៈJCM ដែរនេះ ពិត ជា គម្រោង ឈ្នះ- ឈ្នះ សម្រាប់ ប្រទេស ជប៉ុន និងប្រទេសកម្ពុជា ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា ចាប់តាំងពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឡើងកាន់មុខតំណែង នៅខែសីហា ឆ្នាំ២០២៣ សម្តេចបាននឹងកំពុងធ្វើការយ៉ាងមមាញឹក ដើម្បីធ្វើពិពិធកម្ម ភាពជាដៃគូសេដ្ឋកិច្ចរបស់កម្ពុជា ដោយបានបង្ហាញនូវបំណងប្រាថ្នាដ៏មុតមាំ ក្នុងការទាក់ទាញការវិនិយោគបន្ថែមទៀត ជាពិសេសពីប្រទេសជប៉ុន។ ជាក់ស្តែងដូចជាគម្រោងនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនថាមពលអគ្គិសនី Chugoku ដែលជាក្រុមហ៊ុនថាមពលអគ្គិសនី ឈានមុខគេមួយនៅក្នុងប្រទេសជប៉ុន និងសហការជាមួយក្រុមហ៊ុន SchneiTec ZEALOUS ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា គម្រោងនេះពិតជាមានសារៈសំខាន់ សម្រាប់ឆ្លើយតបទៅនឹងវឌ្ឍនភាព នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្តពោធិ៍សាត់ ដែលទាមទារនូវការប្រើប្រាស់ថាមពលអគ្គិសនីកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ។ លោកសង្ឃឹមថា គម្រោងនេះនឹងជួយផ្គត់ផ្គង់ដល់បណ្តាញជាតិ សម្រាប់ការប្រើប្រាស់យ៉ាងទូលំទូលាយ និងការបង្កើតថាមពលកកើតឡើងវិញ នៅក្នុងប្រទេសកម្ពុជា ធានាបាននូវការផ្គត់ផ្គង់ថាមពល ដែលមានស្ថេរភាព ដោយប្រើប្រភពថាមពលកាបូនទាប និងត្រួសត្រាយផ្លូវ ទៅកាន់ការសម្រេចបាននូវអព្យាក្រឹតភាពកាបូន។

ជាការពិតណាស់ថា សមិទ្ធផលនានាមានការរីកចម្រើន លើគ្រប់វិស័យទូទាំងប្រទេស និយាយជារួមនឹងនិយាយដោយឡែក ក្នុងខេត្តពោធិ៍សាត់ មានការអភិវឌ្ឍ ពីមួយដំណាក់កាលទៅមួយដំណាក់កាល គឺកើតចេញពីកត្តាសន្តិភាព ដែលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានខិតខំយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ធ្វើឱ្យយើងទាំងអស់គ្នា រហូតទទួលបានសម្បត្តិមហាសាលនេះ «សន្តិភាព»។ ជាមួយគ្នានោះ ការវិនិយោគរបស់ក្រុមហ៊ុននីមួយៗ គឺមិនងាយស្រួលទេ បើគ្មានសន្តិភាព និងគ្មានការយកចិត្តទុកដាក់ និងជួយគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ។

ដូច្នេះយើងត្រូវមានភាពជឿជាក់លើការដឹកនាំ របស់សម្ដេចទាំងទ្វេ ដូចដែលយើងទាំងអស់គ្នាបានឃើញស្រាប់ហើយ លើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ សម្ដេចបានឆ្លើយតបទាន់ពេលវេលាទាំងសេដ្ឋកិច្ចនយោបាយ និងការទូត ព្រមទាំងការការពារបូរណភាពទឹកដី ឱ្យនៅគង់វង្ស និងស្ថិតស្ថេរ៕

 

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…