ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ សកម្មភាពរបស់ លោក ត្រាំ បានងាកចេញពីគោលការណ៍ច្បាប់អន្តរជាតិ ប្រព័ន្ធពហុភាគី និងកិច្ចព្រមព្រៀងជាអន្តរជាតិទាំងឡាយ ដែលអាម៉េរិកធ្លាប់ជារដ្ឋភាគីនិងហត្ថលេខី

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ សកម្មភាពរបស់ លោក ត្រាំ បានងាកចេញពីគោលការណ៍ច្បាប់អន្តរជាតិ ប្រព័ន្ធពហុភាគី និងកិច្ចព្រមព្រៀងជាអន្តរជាតិទាំងឡាយ ដែលអាម៉េរិកធ្លាប់ជារដ្ឋភាគីនិងហត្ថលេខី

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា សកម្មភាពរបស់រដ្ឋការ លោក ត្រាំ (Trump) ប្រធានាធិបតីអាម៉េរិក បានងាកចេញពីគោលការណ៍ច្បាប់អន្តរជាតិ ប្រព័ន្ធពហុភាគី និងកិច្ចព្រមព្រៀងជាអន្តរជាតិទាំងឡាយ ដែលអាម៉េរិកធ្លាប់ជារដ្ឋភាគីនិងហត្ថលេខី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងឱកាសគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លទ្ធផលនៃការងារការបរទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ» នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពពិភពលោកបានបន្តវិវត្តតាមលក្ខណៈស្មុគស្មាញប្រែប្រួលឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់ស្រាប់ទៅហើយ ដោយសារតែការប្រកួតប្រជែងកាន់តែតានតឹងឡើងរវាងមហាអំណាចធំៗនៃពិភពលោក ជាពិសេសការប្រកួតប្រជែងរវាងអាម៉េរិក និងចិន។ ព្រមជាមួយនេះ នៅមានការប្រឈម ជាច្រើនដែលបង្កឡើងដោយបញ្ហាសន្តិសុខប្រពៃណី (តួយ៉ាងសង្គ្រាមនៅអ៊ុយក្រែន នៅហ្គាហ្សា ជម្លោះប្រដាប់អាវុធនៅតំបន់កាស្មៀរ ការគំរាមកំហែងនុយក្លេអ៊ែរ…) និងបញ្ហាសន្តិសុខមិនប្រពៃណី (ដូចការប្រែប្រួលអាកាសធាតុ ឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្ម Cyber ជាដើម)។ ទាំងប្រទេសតូច-ធំ ឬជាអំណាចកណ្តាលសុទ្ធតែត្រូវបង្ខំចិត្តពិចារណាឡើងវិញ កែសម្រួលជំហរយុទ្ធសាស្ត្រ នយោបាយការបរទេស នយោបាយសេដ្ឋកិច្ច សន្តិសុខ ដើម្បី ការពារផលប្រយោជន៍គោលរបស់ជាតិរៀងៗខ្លួន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា «សភាពការណ៍នេះបានធ្លាក់ទៅក្នុងភាពកាន់តែស្មុគស្មាញថែមទៀត ជាមួយនឹងការចាប់ផ្តើម អនុវត្តយុទ្ធសាស្រ្តការទូត និងសេដ្ឋកិច្ចរបស់លោកប្រធានាធិបតី Trump បន្ទាប់ពីលោក ចូលកាន់តំណែងអាណត្តិទី២ ភ្លាមនោះ។ ការប្រកាសរបស់លោកពាក់ព័ន្ធនឹងការចង់ច្បាមយកប្រទេសកាណាដា មកធ្វើជារដ្ឋទី៥១ របស់សហរដ្ឋអាម៉េរិក, ការយក Greenland សម្រាប់គោលដៅសន្តិសុខ, ការចង់យកមកវិញនូវព្រែកជីក Panama, ការចង់យកតំបន់ Gaza ពីប្រជាជនប៉ាឡេស្ទីន, ហើយចុងក្រោយនេះ ការប្រើវិធីដំឡើងពន្ធលើទំនិញនាំចូល អាមេរិកពីគ្រប់ប្រទេសដោយគ្មានលើកលែងនោះ បានបញ្ជាក់អំពីការងាកចេញរបស់រដ្ឋការ Trump ពីគោលការណ៍ច្បាប់អន្តរជាតិ ប្រព័ន្ធពហុភាគី និងកិច្ចព្រមព្រៀងជាអន្តរជាតិទាំងឡាយ ដែលអាម៉េរិកធ្លាប់ជារដ្ឋភាគីនិងហត្ថលេខី។ ទាំងនេះ គឺសំដៅសម្រេចនូវនយោបាយ «ផលប្រយោជន៍ អាមេរិកជាចំបង» និង «ធ្វើឱ្យអាម៉េរិកខ្លាំងក្លាឡើងវិញ» របស់លោកប្រធានាធិបតី Trump»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងទៀតថា នៅចំពោះមុខស្ថានភាពនេះ កម្ពុជាដែលជាប្រទេសតូចនិងខ្សោយនៅឡើយខាងសេដ្ឋកិច្ច មានការចាំបាច់ក្នុងការពិចារណា រៀបចំកែសម្រួល តម្រែតម្រង់ទិសយុទ្ធសាស្ត្រ និង នយោបាយការបរទេសរបស់ខ្លួន ដើម្បីឆ្លើយតបនឹងវិបត្តិ និងការប្រឈមដែលកាន់តែ ស្មុគស្មាញទៅៗ។

ឯកឧត្តមបានបន្ថែមថា នាដើមខែមិនាថ្មីៗនេះ ក្នុងសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ក្រសួងការបរទេសបានសម្រេច ពិនិត្យ និងរៀបចំឡើងវិញនូវការងារធំៗទាំងឡាយដែលចាប់តាំងពីឆ្នាំ២០១៨មក បានបម្រើជាមគ្គុទ្ទេសន៍សម្រាប់ការងារការទូតរបស់យើង។ ការរៀបចំឡើងវិញនេះត្រូវបាន សម្តេចធិបតីនាយករដ្ឋមន្ត្រី គាំទ្រ លើកទឹកចិត្ត និងផ្តល់អនុសាសន៍បន្ថែម ដើម្បីការពារដោយម៉ឺងម៉ាត់បំផុតនូវអធិបតេយ្យជាតិ បូរណភាពទឹកដី ឯករាជ្យនយោបាយ ការពារនិងលើក ស្ទួយមុខមាត់កិត្យានុភាព ផលប្រយោជន៍គោលរបស់ជាតិ និងពលរដ្ឋកម្ពុជា។ អាទិភាពរបស់ក្រសួងនឹងផ្តោតទៅលើការពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងការពង្រីកទំនាក់ទំនងថែមទៀតជាមួយដៃគូថ្មីតាមទិសស្លោក «ពង្រីកមិត្តខាងក្រៅ កែទម្រង់ខាង ក្នុងដោយឈរលើស្មារតីឯករាជ្យ» និងដោយ «ប្រកាន់នយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់អន្តរជាតិ»។ កម្ពុជានឹងបន្តគាំទ្រ និងចូលរួមវិភាគទាន តាមច្រើនបំផុតដែលអាចធ្វើទៅបាន ក្នុងការពង្រឹងពហុភាគីនិយម សណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ រួមចំណែកដល់សន្តិភាពនៅលើពិភពលោក និងពង្រីកកិច្ចសហប្រតិបត្តិការតំបន់ និង អន្តរជាតិ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិយើងលើឆាកអន្តរជាតិ។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កម្ពុជាក៏នឹងបន្តចូលរួមយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ាន ពង្រឹងមជ្ឈភាព សាមគ្គីភាព ឯកភាព អាស៊ាន និងដើរតួនាទីជាសមាជិកដ៏សកម្មបំផុតមួយរបស់អាស៊ាន។ អ្នកការទូតរបស់យើងនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ការពារ និងលើកស្ទួយកិត្យានុភាពជាតិ តាមរយៈការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ ក៏ដូចជាការទូតសាធារណៈ ដែលក្រសួងទើបបង្កើតថ្មី។ កំណែទម្រង់ផ្ទៃក្នុងក៏នឹងត្រូវបន្ត គុណភាព សមត្ថភាព កម្រិតវិជ្ជាជីវៈ និងភាពវៀងវៃរបស់អ្នកការទូតយើងក្នុងការពិគ្រោះយោបល់ ចរចា បកស្រាយ ការពារនយោយបាយ និងជំហររបស់រដ្ឋាភិបាលយើងនឹងត្រូវសម្រួចថែមទៀត ដើម្បីសម្រេចនូវបេសកកម្មដ៏ថ្លៃថ្នូរខាងលើនេះ៕

Related post

លោកស្រី​ Paetongtarn Shinawatra: ប្រទេសត្រូវតែដើរទៅមុខ ឯកភាព​ជាតិ​ថៃ រួម​កម្លាំង​គ្នា​ជំរុញ​គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ

លោកស្រី​ Paetongtarn Shinawatra: ប្រទេសត្រូវតែដើរទៅមុខ ឯកភាព​ជាតិ​ថៃ រួម​កម្លាំង​គ្នា​ជំរុញ​គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ

លោកស្រី​ Paetongtarn Shinawatra បានលេីកឡេីងថា​  “​ ប្រទេសត្រូវតែដើរទៅមុខ ឯកភាព​ជាតិ​ថៃ រួម​កម្លាំង​គ្នា​ជំរុញ​គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ​ “​ តាមរយៈ​បណ្ដាញ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកស្រី​ នៅមុននេះបន្តិច​ នាថ្ងៃ​ទី​ ២២​ ខែមិថុនា​ ឆ្នាំ​២០២៥​ នេះ​ ក្នុងកិច្ចប្រជុំមួយជាមួយ​ គណៈកម្មាធិការ​ប្រតិបត្តិ​ នៃ​រដ្ឋាភិបាល​ចម្រុះ​ ។ ក្នុង​នោះដែរលោកស្រីបានរៀបរាប់ថា​…
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ច្រានចោលការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមទុច្ចរិត ដែលព្យាយាមបង្កើតព័ត៌មានក្លែងក្លាយថា «កោះឬស្សី» ត្រូវបានវៀតណាមគ្រប់គ្រង

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ច្រានចោលការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមទុច្ចរិត ដែលព្យាយាមបង្កើតព័ត៌មានក្លែងក្លាយថា «កោះឬស្សី» ត្រូវបានវៀតណាមគ្រប់គ្រង

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញមកប្រកាសច្រានចោលលើការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមទុច្ចរិត ដែលព្យាយាមបង្កើតព័ត៌មានក្លែងក្លាយថា «កោះឬស្សី» ត្រូវបានវៀតណាមគ្រប់គ្រង ដែលនេះគឺជាព័ត៌មានមិនពិតនោះទេ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន ឯកឧត្តម ឡុង ឌីម៉ង់ បានបញ្ជាក់ដូចនេះថា «ពាក់ព័ន្ធជាមួយនឹងការចេញវីដេអូ និយាយពីរឿងកោះឫស្សី នេះ…
ក្រសួងទេសចរណ៍ និងសមាគមសិល្បករខ្មែរ ឯកភាពគ្នាជំរុញការផ្សព្វផ្សាយកម្ពុជា ក្នុងរដូវកាលបៃតង

ក្រសួងទេសចរណ៍ និងសមាគមសិល្បករខ្មែរ ឯកភាពគ្នាជំរុញការផ្សព្វផ្សាយកម្ពុជា ក្នុងរដូវកាលបៃតង

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងសហការី ស្តីពីការចូលរួមជួយជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងស្នើសុំកិច្ចសហការ និងគាំទ្រលើកិច្ចការទេសចរណ៍វប្បធម៌ផងដែរ។ ក្នុងជំនួបពិភាក្សា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់…