លោកជំទាវបណ្ឌិត ជា សិរី លើកឡើងថា អត្រាដាក់ប្រាក់សន្សំ និងកម្ចីជាប្រាក់រៀលពីធនាគារនៅកម្ពុជា មានកម្រិតទាប បើធៀបនឹងប្រាក់ដុល្លារ

លោកជំទាវបណ្ឌិត ជា សិរី លើកឡើងថា អត្រាដាក់ប្រាក់សន្សំ និងកម្ចីជាប្រាក់រៀលពីធនាគារនៅកម្ពុជា មានកម្រិតទាប បើធៀបនឹងប្រាក់ដុល្លារ

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អះអាងថាការដាក់ប្រាក់រៀលសន្សំក្នុងធនាគាររបស់ប្រជាជនកម្ពុជា មានតែចំនួន១១ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាប្រាក់ដុល្លារអាមេរិក ទាំងអស់។

ការបញ្ជាក់តបស់ទេសាភិបាលធនាគារជាតិខាងលើ បានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ ក្នុងឱកាសអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅវិមានរដ្ឋសភា ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងការគាំទ្រប្រាក់រៀល ក៏ដូចជាជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀលទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរក្សានូវអធិបតេយ្យជាតិ ធ្វើឱ្យសេរីភាពនៃសេដ្ឋកិច្ចកាន់តែមានភាពប្រសើរឡើង និងពង្រឹងនូវ អត្តសញ្ញាណជាតិ និងភាពធន់។

លោកជំទាវ ជា សិរី បានបន្តថា សម្រាប់ឥណទាន ដែលប្រជាជនកម្ពុជាខ្ចីជាប្រាក់រៀលពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏មានចំនួនតិចតួចដែរ ដែលក្នុងនោះមានតែ១៣ភាគរយប៉ុណ្ណោះ ជាប្រាក់រៀល ហើយសល់ ពីនេះសុទ្ធសឹងជាប្រាក់ដុល្លារអាមេរិក។ ទោះជាយ៉ាងនេះក្តី លោកជំទាវ បញ្ជាក់ថា កំណើនចរាចរប្រាក់រៀល ក៏បានកើនឡើង ទន្ទឹមគ្នានឹងការចរាចរប្រាក់ដុល្លារ ដែលធ្វើឱ្យកម្រិតដុល្លារូបនីយកម្មនៅទ្រឹង ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើ ឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា បានលើកទឹកចិត្តដល់ក្រសួងស្ថាប័ន សាធារណៈ និងវិស័យឯកជន បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រែក្លាយប្រាក់រៀលទៅជារូបិយវត្ថុចម្បងនៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងវិស័យទាំងអស់ ដោយឯកឧត្តម បានលើកឡើងថា ការប្រើប្រាស់ រូបិយវត្ថុជាតិតែមួយ នឹងអាចឈានទៅជួយកាត់បន្ថយផលប៉ះពាល់ពីកត្តាខាងក្រៅ ហើយនឹងធ្វើឱ្យប្រទេស កម្ពុជានឹងមានឯករាជ្យផ្នែកសេដ្ឋកិច្ចខ្ពស់ជាងមុន។

ឯកឧត្តម បានបញ្ជាក់ថា «សភាលើកទឹកចិត្តដល់ ធនាគារជាតិនៃកម្ពុជា បន្តធ្វើការផ្សព្វផ្សាយស្តីពីការប្រើប្រាស់ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចហ្សូអរ (KHQR) ឱ្យបានទូលំទូលាយដល់សាធារណជនទាំងស្ត្រី និងបុរស ជាពិសេសក្នុងចំណោមវិស័យឯកជន និងអ្នកទេសចរ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែខ្លាំង និងកាត់បន្ថយផលប៉ះពាល់នៃអតិផរណា ដែល បណ្តាលមកពីអត្រាប្តូរប្រាក់ពីរូបិយប័ណ្ណបរទេស»។

គួរបញ្ជាក់ជូនថា ក្នុងឆ្នាំ២០២៤ ចំនួនប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមរយៈប្រព័ន្ធបាគង បានកើនឡើង៤,៣ដង ហើយ ទំហំទឹកប្រាក់បានកើនឡើង ២,២ដង ធៀបនឹងឆ្នាំ២០២៣ ដែលច្រើនជាងកំណើននៃប្រតិបត្តិការ និងទំហំទូទាត់ជាប្រាក់ដុល្លារអាមេរិក ដែលបានកើនឡើង២,៣ដង និង១,៩ដង រៀងគ្នា។

បើតាមធនាគារជាតិនៃកម្ពុជា បានអះអាងថា ការប្រើប្រាស់លុយរៀលច្រើននឹងពង្រឹងអធិបតេយ្យ និងបង្កើន ភាពម្ចាស់ការលើការគ្រប់គ្រងសេដ្ឋកិច្ច។ ការណ៍នេះ ដោយសារនៅពេលលុយរៀលអាចដើរតួនាទីសំខាន់ ក្នុងការកំណត់ថ្លៃទំនិញ និងសេវា គឺកម្ពុជាអាចរក្សាស្ថិរភាពថ្លៃបានប្រសើរជាងមុន។ ជាមួយគ្នានេះ ធនាគារជាតិ អាចជួយសម្រាល ឬបន្ថយអត្រាការប្រាក់បានមួយកម្រិត តួយ៉ាងដូចជាការឱ្យខ្ចីបច្ចុប្បន្ន ភាគច្រើនជាដុល្លារអាមេរិក អត្រាការប្រាក់ត្រូវបានកំណត់ដោយប្រទេស ដែលបោះពុម្ពប្រាក់ដុល្លារ អាមេរិក។ ដូចនេះ អត្រាការប្រាក់ត្រូវប្រែប្រួលទៅតាមនយោបាយរូបិយវត្ថុនៅសហរដ្ឋអាមេរិក។

ធនាគារជាតិនៃកម្ពុជា បន្តថា រដ្ឋនឹងទទួលបានចំណូលបន្ថែមពីការបោះពុម្ពប្រាក់ ដោយការបោះពុម្ពលុយ ត្រូវមានការចំណាយទៅលើក្រដាស និងទឹកថ្នាំ។ ឧទាហរណ៍ ក្រដាសប្រាក់១ម៉ឺនរៀលមួយសន្លឹក ចំណាយថ្លៃផលិត៣០០រៀល។ ប៉ុន្តែ ពេលបោះពុម្ពហើយ យើងទទួលបានចំណូលពីតម្លៃចារឹកនៃក្រដាស ប្រាក់នោះ ពោលគឺ ១ម៉ឺនរៀល។ ដូចនេះ គម្លាតនៃតម្លៃចារឹក និងការចំណាយលើការបោះពុម្ព គឺជាចំណូល ពីការបោះពុម្ពប្រាក់ក្នុងឧទាហរណ៍ គឺ៩៧០០រៀល ដែលនេះជាផលចំណេញ សម្រាប់រដ្ឋាភិបាលអាចប្រើប្រាស់ ក្នុងការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ ផ្ទុយទៅវិញ នៅពេលចាយលុយ ដុល្លារអាមេរិកច្រើន ជាការជួយរកចំណូលឱ្យសហរដ្ឋអាមេរិកផងដែរ។ ការចាយលុយរៀល អាចអនុញ្ញាត ឱ្យរដ្ឋអាចបោះផ្សាយមូលបត្ររដ្ឋ សម្រាប់ផ្តល់ហិរញ្ញប្បទានរយៈពេលវែង ដល់គម្រោងវិនិយោគ សាធារណៈធំៗ៖ ដូចជាសាលារៀន ផ្លូវថ្នល់ និងមន្ទីរពេទ្យ។ ការខ្ចីជាលុយដុល្លារអាមេរិក អាចបង្កជា ហានិភ័យក្នុងការសងត្រឡប់ ប្រសិនបើលុយដុល្លារអាមេរិកមានការប្រែប្រួលខ្លាំង និងបង្កផលរំខាន ប្រសិនបើម្ចាស់បំណុលមិនអនុញ្ញាតឱ្យយើងខ្ចីក្នុងរយៈពេលវែង។ ប៉ុន្តែ ការខ្ចីជាលុយរៀលពីសាធារណជន និងភ្នាក់ងារសេដ្ឋកិច្ចនៅក្នុងប្រទេសតាមរយៈការបោះផ្សាយមូលបត្ររដ្ឋ ផ្តល់នូវភាពបត់បែនខ្ពស់ ពីព្រោះលុយរៀលជាលុយរបស់យើង ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រងទាំងតម្លៃ និងរយៈពេល ក្នុងការសង៕

អត្ថបទ​ដោយ:​ Met Kim Au

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…