ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យស្ថានភាពអាងទឹកបត់រកា និងទីតាំងដែលត្រូវស្តារបន្ទាន់ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំរោង ខេត្តតាកែវ

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យស្ថានភាពអាងទឹកបត់រកា និងទីតាំងដែលត្រូវស្តារបន្ទាន់ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំរោង ខេត្តតាកែវ

នៅរសៀលថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ រួមជាមួយ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ស្ថានភាពអាងទឹកបត់រកា និងទីតាំងដែលត្រូវស្តារជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមខ្វះទឹកធ្ងន់ធ្ងរនៅបណ្តាឆ្នាំខាងមុខ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា អាងទឹកបត់រកា ស្ថិតនៅក្នុងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មានទំនប់ប្រវែង ៨៤៣ម៉ែត្រ សំណង់ទ្វារទឹកចំនួន ២កន្លែង ដែលមានប្រភពទឹកមកពីទន្លេបាសាក់ និងទឹកភ្លៀង មានផ្ទៃអាងទំហំ ១៨៦ហិកតា អាចស្តុកទឹកបាន ៣ ៤០០ ០០០ ម៉ែត្រគូប មានលទ្ធភាពស្រោចស្រពលើដីស្រូវវស្សាចំនួន ២៦៨ហិកតា និងស្រោចស្រពដីស្រូវប្រាំងចំនួន ២៣៨ហិកតា។

ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា តាមការពិនិត្យជាក់ស្តែងលើការប្រើប្រាស់ទឹកអាងកន្លងមកទឹកសម្រាប់ស្រោចស្រពស្រូវរដូវវស្សា និងស្រូវរដូវប្រាំងមិនមានការខ្វះខាតនោះទេ គឺមានការខ្វះខាតទឹកសម្រាប់តែផលិតទឹកស្អាតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ នៅចន្លោះខែមីនា ដល់ខែមិថុនា ដោយសារអាងគោករាក់ និងតម្រូវការទឹកប្រើប្រាស់មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ន ស្ថានីយផលិតទឹកស្អាតបត់រកា បានបូមទឹកអាងបត់រកាក្នុង១ថ្ងៃប្រមាណ ៤០០០ម៉ែត្រគូប ដើម្បីផលិតទឹកស្អាតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋចំនួន ៦៩៣៩គ្រួសារ ដែលកំពុងរស់នៅតាមភូមិចំនួន៥៧ នៃឃុំចំនួន៥ ក្នុងស្រុកសំរោង ខេត្តតាកែវ។

ឯកឧត្តមរដ្ឋមន្ត្រីបានឯកភាពលើការស្នើសុំរបស់តំណាងស្ថានីយផលិតទឹកស្អាត ក្នុងការស្តារអាងទឹកបត់រកាចំនួន៥ហិកតា ដើម្បីរក្សាទឹកសម្រាប់ផលិតទឹកស្អាតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅរដូវប្រាំង។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ស្ថានីយផលិតទឹកស្អាតបត់រកាត្រូវទទួលបន្ទុកស្តារអាងទឹកបត់រកា គិតចាប់ពីពេលនេះក្នុងទំហំ៥ហិកតារយៈពេល២ឆ្នាំ ហើយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងក្រុមការងារក្រសួងមានតួនាទីត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃការស្តារឱ្យបានត្រឹមត្រូវតាមបទដ្ឋានដែលមានស្រាប់ ដើម្បីជៀសវាងការអនុវត្តខុសពីបច្ចេកទេស។

គួរបញ្ជាក់ថា ជាដំណោះស្រាយបន្ទាន់ អាជ្ញាធររួមជាមួយស្ថានីយផលិតទឹកស្អាតបត់រកាបានយកទឹកពីស្រះឯកជនមួយកន្លែងនៅក្បែរស្ថានីយ ដើម្បីយកទឹកទៅផ្គត់ផ្គង់ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយក្នុងពេលជាមួយគ្នានេះ គ្រឿងចក្រក៏បានបញ្ជូនទៅដល់ទីតាំងស្តារផ្ទៃអាងផងដែរ។

អាជ្ញាធរពាក់ព័ន្ធនិងប្រជាពលរដ្ឋ បានសម្តែងនូវក្តីរីករាយនិងសូមគោរពថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានអន្តរាគមន៍ទាន់ពេលវេលា៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃទៀតដោយ ៖…
អនុព័ន្ឋយោធាចំនួន​ ០៩​ ប្រទេស​ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភាសសឹក​ ក្រោយមានបទឈប់បាញ់រវាង​ កម្ពុជា​-ថៃ

អនុព័ន្ឋយោធាចំនួន​ ០៩​ ប្រទេស​ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភាសសឹក​ ក្រោយមានបទឈប់បាញ់រវាង​ កម្ពុជា​-ថៃ

នៅថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា បានចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹក ក្រោយកម្ពុជាចូលរួមអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ដោយមានវត្តមានមកពីប្រទេសចំនួន០៩ និង១៤រូបបានចូលរួម ក្នុងនោះរួមមាន ប្រទេស អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង…
ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ…