ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាត ឱ្យឯកឧត្តម វ៉ាង យី ចូលបង្គំគាល់ និងសវនាការ
- នយោបាយនយោបាយ និងការបរទេសព័ត៌មាន ព្រះមហាក្សត្រ
- April 22, 2024
បន្ទាប់ពីជាន់ដីកម្ពុជាភ្លាមនៅរសៀលថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ទទួលបានព្រះបរមរាជានុញ្ញាតពីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចូលក្រាបបង្គំគាល់ និងសវនាការនៅក្នុងព្រះបរមរាជវាំង។
សូមបញ្ជាក់ថា ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញមកដល់កម្ពុជាហើយ នៅវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ។
ប្រមុខការទូតចិន រូបនេះនឹងបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រហូតថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ ក្រៅពីការចូលបង្គំគាល់ព្រះមហាក្សត្រហើយនោះ ឯកឧត្តម វ៉ាង យី ក៏នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ឯកឧត្តម វ៉ាង យី ក៏នឹងធ្វើជាសហប្រធានជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧។ ឯកឧត្តមក៏នឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីផ្លាស់ប្តូរទស្សនៈអំពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងល្អប្រសើរដែលមានស្រាប់លើគ្រប់វិស័យ។
ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នៅពេលនេះ ធ្វើឡើងស្របពេលនឹងការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
ឯកឧត្តម វ៉ាង យី ជាប្រមុខការទូតរបស់ចិនដែលទស្សនកិច្ចនៅកម្ពុជាញឹកញាប់បំផុត។ ឯកឧត្តមទើបនឹងបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ៕
អត្ថបទដោយ៖ Nou Seyha