ប្រធានរដ្ឋសភាថៃ ជម្រាបសម្តេចតេជោថា នឹងមើលថែពលករខ្មែរ ឱ្យដូចប្រជាពលរដ្ឋថៃ
- នយោបាយនយោបាយ និងការបរទេស
- March 23, 2024
លោក វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភាថៃ បានប្រកាសថា នឹងមើលថែពលករខ្មែរដែលកំពុងបំពេញការងារនៅក្នុងប្រទេសថៃ ឱ្យដូចប្រជាពលរដ្ឋថៃ។ ជាពិសេសផ្ដល់ឱកាសឱ្យគ្រួសារ និងកូនរបស់ពលករកម្ពុជាទទួលបានការអប់រំរៀនសូត្រភាសាថៃផងដែរ។
លោកប្រធានរដ្ឋសភា បានប្រកាសបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនោះ សម្ដេចតេជោបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់លោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ។ សម្ដេចតេជោ មានជំនឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកយ៉ាងសំខាន់ថែមទៀតដល់ការពង្រឹង និងពង្រីកនៅទំនាក់ទំនងជាមិត្តភាពរវាងប្រទេស និងប្រជាជន ជាពិសេសស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណលោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា ដែលបានអញ្ជើញចូលរួមពិធីស្រាយបួសជាមួយបងប្អូនខ្មែរឥស្លាម ដែលជាផ្នែកមួយធ្វើឱ្យមានសុខដុមនីយកម្មសាសនានៅកម្ពុជា។
លោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃជួបសម្ដែងការគួរសម និងបានជម្រាបសម្ដេចតេជោថា កាលពី៣០ឆ្នាំមុន រូបលោកបានជួបសម្ដេចតេជោ ក្នុងនាមជាអ្នកនយោបាយវ័យក្មេងរបស់កម្ពុជាដ៏មានសក្ដានុពល និងនៅថ្ងៃនេះបានជួបសម្ដេចជាថ្មីក្នុងនាមជាអ្នកនយោបាយដ៏ជោគជ័យលើការដឹកនាំប្រទេស។
លោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា បានលើកឡើងថា កម្ពុជា និងថៃ ជាប្រទេសភូមិផងរបងជាមួយគ្នា ដូច្នេះត្រូវចេះស្រលាញ់ និងសាមគ្គីគ្នា ដើម្បីជាផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
លោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉ៈថា បានអបអរសាទរចំពោះសម្ដេចតេជោ ដែលបានទទួលតួនាទីជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអបអរសាទរចំពោះសម្ដេចតេជោ ដែលនឹងត្រូវក្លាយជាប្រធានព្រឹទ្ធសភានាពេលខាងមុខ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការរីកចំរើនលើគ្រប់វិស័យនៃទំនាក់ទំនងកម្ពុជាថៃ និងបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះរដ្ឋាភិបាលថៃដែលបានយកចិត្តទុកដាក់ផ្ដល់ការថែទាំដល់ពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ។ សម្ដេចតេជោ បានជំរុញឱ្យប្រទេសទាំងពីរលើកកម្ពស់ថែមទៀតលើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យការងារ ទេសចរណ៍ជាដើម។ល។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញបំណងចង់ឃើញកម្ពុជា និងថៃ លើកកម្ពស់ទំនាក់ទំនង ពីទំនាក់ទំនងដៃគូជាយុទ្ធសាស្ដ្រ ទៅជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយនៅពេលអនាគត។ ចំពោះកិច្ចសហប្រតិបត្តិការតំបន់វិញ សម្តេចតេជោ បានលើកឡើងថា កម្ពុជា និងថៃ ត្រូវជំរុញថែមទៀត ដើម្បីផលប្រយោជន៍រវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌអាស៊ាន ACMEC និងមហាអនុតំបន់មេគង្គ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉ៈថា ដែលបានអបអរសាទរសម្ដេច និងបានជូនពរគណៈប្រតិភូទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕
អត្ថបទដោយ៖ SREY Moch