ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត, ក្រុមហ៊ុនអូស្ត្រាលី ចង់វិនិយោគលើការកែច្នៃដំណាំស្ពៅ (ស័រហ្គាំ- Sorghum)

ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត, ក្រុមហ៊ុនអូស្ត្រាលី ចង់វិនិយោគលើការកែច្នៃដំណាំស្ពៅ (ស័រហ្គាំ- Sorghum)

ក្រុមដ៏ធំមួយរបស់អូស្ត្រាលី គឺក្រុមហ៊ុន Enserv Holding Australia បាន​បង្ហាញ​បំណងចង់វិនិយោគលើការកែច្នៃដំណាំស្ពៅ (Sorghum) នៅក្នុងប្រទេសកម្ពុជា។ វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា «ស្ពៅ» ជា​ធញ្ញ​ជាតិ​មួយ​ប្រភេទ ពួក​ពោត ផ្លែ​ជា​ស្មែង​ចង្កោម គ្រាប់​មូល​ៗ​ល្អិត​ៗ កាល​ណា​ទុំ​មាន​សម្បុរ-ស។

បំណងនេះត្រូវបានបញ្ជាក់ដោយលោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia ពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជានាទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានឆ្លៀត​ពេល​ដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបសម្ដេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ដែល​ផ្ដោត​លើការដាំដុះដំណាំស្ពៅ (Sorghum)។ ក្រុមហ៊ុនមានសមត្ថភាពកែច្នៃដំណាំនេះ​ ទៅជាអង្ករ​មាន​កាឡូរីទាបតែមានប្រូតេអ៉ីនខ្ពស់ និងអាចកែច្នៃយកទៅប្រើប្រាស់ជាជីវៈឧស្ម័ន្ម (Biogas) ថែមទៀតផង។

លោកប្រធានក្រុមហ៊ុន ក៏បានជម្រាបសម្ដេចធិបតីផងដែរថា ដំណាំស្ពៅ គឺជាដំណាំផ្តល់ទិន្ន​ផល​ខ្ពស់ មិន​រើសប្រភេទដី និងមិនត្រូវការទឹកច្រើនដូចដំណាំស្រូវ ហើយក៏អាចរួមចំណែក ក្នុងការស្រូបយកឧស្ម័ន​កា​បូ​និក​ពីបរិយាកាសផងដែរ។

លោកប្រធានក្រុមហ៊ុន បន្ថែមទៀតថា ដោយពិនិត្យឃើញអំពីសក្ដានុពលនៃវិស័យកសិកម្ម និងស្ថានភាព​ដីកសិកម្មនៅកម្ពុជាដែលមានលក្ខណៈអំណោយផលទៅលើប្រភេទដំណាំនេះ លោកប្រធានក្រុមហ៊ុន បានបង្ហាញបំណងរបស់ក្រុមហ៊ុនស្វែងរកឱកាសវិនិយោគលើដំណាំនេះនៅកម្ពុជា ដើម្បីកែច្នៃទៅជា​ផលិត​ផល​សម្រេចសម្រាប់នាំចេញទៅក្រៅប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយ​លោកប្រធាន​ក្រុមហ៊ុន។ សម្តេចធិបតី បានបញ្ជាក់ថា ដូចនីតិកាលមុនៗដែរ គោលបំណងសំខាន់របស់រាជរដ្ឋាភិបាល​កម្ពុជាក្នុងអាណត្តិទី៧នេះ គឺបង្កើននូវប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលបានដាក់​ចេញគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាបន្ថែមទៀត តាមរយៈការប្រើប្រាស់នូវបច្ចេក​វិទ្យា​ទំនើបៗ ដើម្បីជួយជំរុញដល់វិស័យកសិកម្មនៅកម្ពុជា។

សម្ដេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យ​ថាមពលអគ្គិសនី ដូច្នេះការប្រេីប្រាស់បច្ចេកវិទ្យាទំនេីប​ និងថ្មី ដេីម្បីផលិតថាមពលអគ្គិសនី​ គឺជាផ្នែកមួយ​ស្រប​ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យថាមពល ដោយផ្ដោតទៅលើ​ថាម​ពលស្អាត។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានជម្រាបទៅក្រុមហ៊ុនផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ឈប់​ការផ្តល់ការអនុញ្ញាត​ឱ្យបង្កេីតរោង​ចក្រ​ដំណើរការដោយថាមពលធ្យូងថ្មថ្មីបន្ថែបទៀតផងដែរ។ ដូច្នេះ​ការ​អភិវឌ្ឍវិស័យថាមពលតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងទំនើប ដើម្បីបង្កើតថាមពលស្អាតនេះ គឺជា​ផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើ បរិវត្តកម្មថាមពលនៅកម្ពុជា។

ឆ្លេីយតបទៅនឹងបំណង​វិនិយោគរបស់ក្រុមហ៊ុន​, សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន​បំពេញ​ទស្ស​ន​​កិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយសហការជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការសម្របសម្រួលរបស់​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម។

សូមបញ្ជាក់ថា ក្រុមហ៊ុន Enserv Holding Australia គឺជាក្រុមហ៊ុនឈានមុខ ក្នុងការបង្កើតថាមពល​ស្អាត ការកាត់បន្ថយការបំភាយឧស្ម័ន និងបម្រែបម្រួលអាកាសធាតុ។ ចក្ខុវិស័យរបស់ក្រុមហ៊ុន ផ្តល់​ដំណោះ​ស្រាយថាមពលសម្រេច តាមរយៈការច្នៃប្រឌិត ថាមពលស្អាត និងការបង្កើតថាមពលស្អាត៕

 

Related post

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ មិនមែនបើកឱ្យតែបាននោះទេ គឺរាជរដ្ឋាភិបាលកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងមានភាពម្ចាស់ការក្នុងការសាងសង់ព្រែកជីកជាប្រវត្តិសាស្ត្រមួយនេះ ដែលមានប្រជាពលរដ្ឋទូទាំងប្រទេសគាំទ្រ ដូចនេះរាជរដ្ឋាភិបាលត្រូវតែធ្វើឱ្យបានដាច់ខាត និងបានល្អបំផុតសម្រាប់ប្រយោជន៍របស់ជាតិខ្មែរ។ ការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ» គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីកដែលកម្ពុជា មានក្នុងសម័យហ្វូណន ឬ​សម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។…
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ភាពមន្ទិលសង្ស័យគ្នា ជាការនាំឱ្យបែកបាក់ជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ភាពមន្ទិលសង្ស័យគ្នា ជាការនាំឱ្យបែកបាក់ជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ភាពមន្ទិលសង្ស័យគ្នានៅក្នុងសង្គមខ្មែរ បានបង្កឱ្យមានការបែកបាក់ជាតិ ហើយពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោនេះ កន្លងទៅក៏មានបងប្អូនមួយចំនួននៅតែមានមន្ទិល ដោយភាន់ច្រឡំថា ជាការធ្វើឱ្យបាត់បង់អធិបតេយ្យភាពផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងនេះមិនបានធ្វើឱ្យបាត់បង់អធិបតេយ្យភាពនោះទេ ផ្ទុយទៅវិញនឹងធ្វើឱ្យកម្ពុជាមានសក្តានុពល ការពារឯករាជ្យជាតិ និងអធិបតេយ្យជាតិផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងបែបនេះ…
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់ព្រែកជីកហ្វូនតេជោ ដើម្បីកិត្យានុភាព ឯករាជ្យភាព អធិបតេយ្យ និងភាពរីកចម្រើនកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់ព្រែកជីកហ្វូនតេជោ ដើម្បីកិត្យានុភាព ឯករាជ្យភាព អធិបតេយ្យ និងភាពរីកចម្រើនកម្ពុជា

ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នាវេលាម៉ោង៩៖០៩នាទីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការសាងសង់ព្រែកជីកហ្វូនតេជោនេះ គឺដើម្បីកិត្យានុភាព ឯករាជ្យភាព អធិបតេយ្យ និងភាពរីកចម្រើនរបស់កម្ពុជា។ ពិធីបើកការដ្ឋានព្រែកជីក ដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច ចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ…