ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ដំណើរការជំរឿនមន្ត្រីរាជការ មិនមែនជាដំណើរការអនុវត្តការវះកាត់ រកកំហុសរបស់មន្ត្រីនោះទេ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ដំណើរការជំរឿនមន្ត្រីរាជការ មិនមែនជាដំណើរការអនុវត្តការវះកាត់ រកកំហុសរបស់មន្ត្រីនោះទេ

ជាថ្មីម្តងទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ដំណើរការនៃការធ្វើជំរឿនមន្ត្រីរាជាការស៉ីវិលនាពេលនេះ មិនមែនជាដំណើរការនៃការអនុវត្តការវះកាត់ រកកំហុសរបស់មន្ត្រី រហូតឈានដល់ការដាក់ពិន័យណាមួយនោះទេ គឺដើម្បីផ្ទៀងផ្ទាត់ទិន្នន័យ ជាមួយមន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង។

ការលើកឡើងយ៉ាងដូច្នេះ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើឡើងក្នុងយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង នៅក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ចាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ជាថ្មី ដោយសារតែមានការផ្សព្វផ្សាយហើយ ដំណើរការនៃការធ្វើជំរឿននេះ មិនមែនជាដំណើរការនៃការអនុវត្តនូវការវះកាត់រកកំហុសរបស់មន្ត្រី ដែលអាចឈានទៅដល់ការដាក់ពិន័យ ឬក៏ការវះកាត់ណាមួយនោះទេ អ្វីដែលយើងអនុវត្តធ្វើនៅពេលបច្ចុប្បន្ន គឺធ្វើយ៉ាងណាទិន្នន័យ ដែលយើងមាននៅក្នុងប្រព័ន្ធ ទៅផ្ទៀងផ្ទាត់ជាក់ស្តែងទៅលើអ្វីដែលជារចនាសម្ពន្ធ័ និងមន្ត្រីដែលកំពុងបំពេញភារកិច្ចជាក់ស្តែងតែម្តង មិនការប្រែប្រួលទៅលើអ្វីដែលជាទិន្នន័យណាមួយទេ»

ត្រង់ចំណុចនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស្នើរសុំឲ្យមានការចូលរួមទាំងអស់គ្នា ហើយសូមកុំមានការព្រួយបារម្ភ ខណៈដែលដំណើរការជំរឿននេះ ពិតជាត្រូវការជាចាំបាច់ក្នុងការចូលរួមអនុត្តទាំងអស់គ្នា ស្របពេលទិន្នន័យដែលមានភាពច្បាស់លាស់ គឺជាមូលដ្ឋានគ្រឺះនៃដំណើរការធ្វើទំនើបកម្មនៃប្រព័ន្ធរដ្ឋបាលសាធារណៈ។

ដំណើរការជំរឿន នឹងអនុវត្តទៅតាម ក្រសួង-ស្ថាប័នទាំង៣១ ចាប់ផ្តើមដោយក្រសួងមុខងារសាធារណៈ, គ្រឹះស្ថានសិក្សាសាធារណៈ ចាប់ផ្តើមនៅរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដូនពេញ, អង្គភាពសុខាភិបាលមូលដ្ឋាន ចាប់ផ្តើមនៅរាជធានីភ្នំពេញ ក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (OD) ចតុមុខ។

ជាការរំពឹងទុកពីការធ្វើជំរឿន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងនូវ ០៤ចំណុចសំខាន់ៗដូចខាងក្រោម៖

១៖ ទិន្នន័យដែល ច្បាស់លាស់ ឯកភាពគ្នា ប្រើប្រាស់រួមគ្នាតែមួយ

២៖ ទិន្នន័យដែលច្បាស់ នឹងផ្តល់ជាមូលដ្ឋាន ក្នុងការគ្រប់គ្រងស្ថានភាពមន្ត្រីឲ្យរឹតតែច្បាស់លាស់ ការរៀបចំផែនការមន្រ្តី ការជ្រើសរើសបំពេញឲ្យចំនៅកន្លែងខ្វះខាតពិតប្រាកដ ផែនការអភិវឌ្ឍន៍សមត្ថភាពមន្ត្រី និងការពង្រាយមន្ត្រី

៣៖ ទិន្នន័យដែលចេញពីការធ្វើជំរឿននឹងបញ្ចូលក្នុងប្រព័ន្ធបច្ចេកវិទ្យាឬ data base ដែលនឹងផ្តល់នូវភាពងាយស្រួលជាច្រើនដល់ការអនុវត្តការងាររួមមាន ការប្រែប្រួលស្ថានភាពមន្រ្តី ការបើកបៀវត្ស ការឡើងឋានន្តរសក្តិ និងអត្ថប្រយោជន៍សហព័ទ្ធជាដើម

៤៖ ការគ្រប់គ្រងបាននូវស្ថានភាពជាក់ស្តែងនៃរចនាសម្ព័ន្ធ និងចំនួនមន្ត្រីបំពេញការងារជាក់លាក់តាមអង្គភាពនីមួយៗ នឹងអនុញ្ញាតឲ្យមានការពង្រឹងប្រសិទ្ធភាពស្ថាប័ន ឲ្យឆ្លើយតបនឹងការងារជាក់ស្តែង ដែលនឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ចូលរួម ក្នុងការបង្កើនប្រសិទ្ធភាព នៃការចំណាយថវិកាជាតិផងដែរ៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…