អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ក្រើនរំលឹក​ឲ្យ​ប្រុងប្រយ័ត្ន​មាតិកា​ព័ត៌មាន និង​រូបភាព​ដែល​ប៉ះពាល់​ដល់​សន្តិសុខជាតិ និង​ទំនាក់ទំនង​អន្តរជាតិ

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ក្រើនរំលឹក​ឲ្យ​ប្រុងប្រយ័ត្ន​មាតិកា​ព័ត៌មាន និង​រូបភាព​ដែល​ប៉ះពាល់​ដល់​សន្តិសុខជាតិ និង​ទំនាក់ទំនង​អន្តរជាតិ

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លើកឡើង​ទៅ​កាន់​អ្នកសារព័ត៌មាន និង​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ផលិត ផ្សព្វផ្សាយ និង​ចែករំលែក​មាតិកា​ព័ត៌មាន ពាក់ព័ន្ធ​នឹង​វិវាទ​ប្រទេស និង​ប្រទេស និង​សន្តិសុខ​ជាតិ​។ ខាង​ក្រោម​នេះ គឺ​ជា​សារ​ទាំង​ស្រុង​របស់​ឯកឧត្ដម​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន ដែល​បាន​ឆ្លើយតប​នឹង​អង្គភាព​សារព័ត៌មាន​ត្រយង​៖

យោង​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន អ្នក​សារព័ត៌មាន​មាន​សិទ្ធិ​ទទួល / ផ្សាយ​ព័ត៌មាន ដែល​មិន​បង្ក​មហន្តរាយ​ដល់​សន្តិសុខ​ជាតិ មហន្តរាយ​ដល់​ទំនាក់ទំនង​ជា​មួយ​ប្រទេស​ដទៃ ចៀសវាង​ផ្សាយ​ព័ត៌មាន​ដែល​មាន​គ្រោះថ្នាក់​ដល់​មន្ត្រី អនុវត្ត​ច្បាប់ ឬ​ត្រូវ​បំពេញ​បេសកកម្ម​របស់​ខ្លួន​។

ក្នុង​ន័យ​នេះ​ការ​រាយការណ៍ ស្ដីពី​បញ្ហា​សន្តិសុខជាតិ ដោយ​សារព័ត៌មាន​អាជីព​ក្ដី មិន​អាជីព​ក្ដី ឬ​ការ​ចែកចាយ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ក្ដី ចាំបាច់​ណាស់​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ ព័ត៌មាន ដែល​បាន​មក​ពី​ប្រភព​ផ្លូវការ​របស់​ក្រសួង​ស្ថាប័ន មាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​វិស័យ និង​ត្រូវ​ផ្សាយ​ដោយ​គោរព​ ក្រមសីលធម៌​វិជ្ជាជីវៈ ​ឲ្យ​បាន​ហ្មត់ចត់​។

ដូច្នេះ ការ​រាយការណ៍​លើ​ប្រធានបទ​ «សន្តិសុខ​ជាតិ» ត្រូវ​ឈរ​លើ​មូលដ្ឋាន នៃ​ភាព​ច្បាស់លាស់ ផ្ដល់​ព័ត៌មាន​មាន​ភាព​ប្រាកដប្រជា មាន​ក្រម​សីលធម៌​ត្រឹមត្រូវ ហើយ​ត្រូវ​ព្យាយាម​សហការ​ស្វែង​រក​ការ​បញ្ជាក់ និង​ផ្ដល់​ព័ត៌មាន​ពី​ក្រសួង​ស្ថាប័ន សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ធានា​ភាព​អាច​ជឿ​ទុកចិត្ត​បាន​សម្រាប់​សាធារណជន និង​ធានា​ថា មិន​បង្ក​បញ្ហា​ដល់​ប្រជាជន សង្គម​ជាតិ តែ​ត្រូវ​ចូលរួម​បញ្ចៀស​រាល់​ហានិភ័យ​នានា ដែល​អាច​បង្ក​ឱ្យ​មាន​ទំនាស់​ទាំង​ផ្ទៃ​ក្នុង​ប្រទេស ឬ​ជា​មួយ​ប្រទេស​ដទៃ ដែល​យើង​ត្រូវ​រក្សា​ទំនាក់ទំនង​ល្អ និង​កិច្ច​សហប្រតិបត្តិការ​យូរអង្វែង​។ យើង​ត្រូវ​លើក​កម្ពស់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ក្នុង​សង្គម និង​ចូលរួម​ទប់​ស្កាត់​រាល់​ការ​ចេញ​ផ្សាយ​បែប​បំភ្លៃ បំផ្លើស ការ​ក្លែងបន្លំ​ព័ត៌មាន​ដោយ​ចរិត​ញុះញង់ និង​មាន​បង្កប់​របៀបវារៈ​ទុច្ចរិត​នៅ​ពី​ក្រោយ​របស់​ក្រុម​ជាតិ​និយម​ជ្រុល ក្នុង​ការ​បង្ក​ភាព​អសន្តិសុខ​សង្គម បំផ្លាញ​សន្តិភាព និង​ធ្វើ​ឱ្យ​បាត់បង់​ទំនុក​ចិត្ត​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​។

ចេញ​ពី​ព្រឹត្តិការណ៍​ថ្មីៗ​នេះ អ្នក​សារព័ត៌មាន​គ្រប់រូប​ត្រូវ​ដើរ​តួនាទី​សំខាន់​ខ្លាំង​ឡើង​ក្នុង​ការ​ធានា​ថា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន​មិន​បង្ក​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​សាធារណៈ ដោយសារ​ការ​ផ្ដល់​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ ឬ​មិន​បាន​ស្រង់​ព័ត៌មាន​ពី​ប្រភព​ផ្លូវការ​របស់​ក្រសួង សា្ថប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះ​។ អ្នកសារព័ត៌មាន មាន​សិទ្ធិ​ក្នុង​ការ​រាយការណ៍ ផ្ដល់​ព័ត៌មាន​ជូន​ប្រជាជន តែ​អ្នក​សារព័ត៌មាន​ក៏​មាន​ករណីយកិច្ច​ចាំបាច់ និង​កាតព្វកិច្ច​ផង​ដែរ ក្នុង​ការ​ត្រូវ​ធ្វើ​តុល្យភាព​រវាង​ការ​ផ្សាយ​ព័ត៌មាន​ជូន​សាធារណជន និង​ភាព​ចាំបាច់​នៃ​ការ​ការពារ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង «​សន្តិសុខជាតិ» ដែល​ជា​តួនាទី​អ្នកសារព័ត៌មាន​ត្រូវ​ចូលរួម ដោយ​ត្រូវ​រាយការណ៍​ដោយ​ឈរ​លើ​ភាព​សុចរិត ស្មោះត្រង់ ភាពត្រឹមត្រូវ មិន​លម្អៀង និង​ជៀសវាង​ការ​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម ឬ​ការ​និយាយ ឬ​ចែកចាយតៗគ្នា ឬ​ការស្មាន​ៗ ដោយ​គ្មាន​ប្រភព​ច្បាស់លាស់ ជា​ពិសេស​នៅ​ពេល​រាយការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការងារ​ស៊ើបការណ៍ ការអង្កេត ប្រតិបត្តិការ​យោធា អាយុ​ជីវិត​របស់​យោធា ឬ​ប្រភេទ​ព័ត៌មាន​សម្ងាត់​ជាតិ​។ ការ​រាយការណ៍​ទាំង​អាជីព និង​មិន​មែន​អាជីព ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ទំនួលខុសត្រូវ​ខ្ពស់ ដើម្បី​ចូលរួម​ធានា​សណ្ដាប់ធ្នាប់ ស្ថិរភាព និង​សន្តិសុខ​សង្គម ដោយ​ចៀសវាង​ការ​បំផ្លើស បំភ្លៃ ឬ​ការ​កាឡៃ​ព័ត៌មាន​ប្រាសចាក​ពី​ការពិត​។

សូម​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន អ្នកសារព័ត៌មាន​អាជីព មិន​មែន​អាជីព អ្នក​ចែកចាយ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម ឱ្យ​បង្កើន​ការ​ទទួលខុស​ត្រូវ​ក្នុង​ការ​ផ្សព្វផ្សាយ ចែកចាយ​ព័ត៌មាន ដោយ​ជា​និច្ច​ជា​កាល​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ត្រូវ​មាន​មនសិការ​ទទួល​ខុសត្រូវ ស្រលាញ់​ប្រទេស​ជាតិ ប្រជាជន និង​ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅ​ពេល​រាយការណ៍​ព័ត៌មាន ស្ដីពី​សន្តិ​សុខជាតិ ត្រូវ​គិតគូរ​ដល់​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ឡើង និង​ផលវិបាក​ក្នុង​រយៈ​ពេល​វែង​ចេញ​ពី​ការ​រាយការណ៍​នោះ​។ ពាក់ព័ន្ធ​នឹង​សន្តិសុខជាតិ គឺ​សូម​អំពាវនាវ​ឱ្យ​បង្កើន​ការ​សហការ ដើម្បី​ស្វែង​រក​ការ​ផ្ដល់​ព័ត៌មាន និង​ការ​បញ្ជាក់​ពី​ប្រភព​ផ្លូវការ​ត្រឹមត្រូវ ត្រូវ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ជា​មុន និង​មិន​ត្រូវ​ឱ្យ​មាន​ការ​បែក​ធ្លាយ​ព័ត៌មាន​ជាតិ ឬ​ការ​សម្ងាត់​ជាតិ​ដោយ​ប្រការ​ណា​មួយ​ឡើយ ព្រោះ​វា​នឹង​បណ្ដាល​ឱ្យ​កើត​មាន​នូវ​ព្យសនកម្ម និង​មហន្តរាយ​ដល់​ប្រជាជន សន្តិសុខ និង​សង្គម​ជាតិ​ទាំង​មូល​៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…