សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ មិនមែនបើកឱ្យតែបាននោះទេ គឺរាជរដ្ឋាភិបាលកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងមានភាពម្ចាស់ការក្នុងការសាងសង់ព្រែកជីកជាប្រវត្តិសាស្ត្រមួយនេះ ដែលមានប្រជាពលរដ្ឋទូទាំងប្រទេសគាំទ្រ ដូចនេះរាជរដ្ឋាភិបាលត្រូវតែធ្វើឱ្យបានដាច់ខាត និងបានល្អបំផុតសម្រាប់ប្រយោជន៍របស់ជាតិខ្មែរ។

ការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ» គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីកដែលកម្ពុជា មានក្នុងសម័យហ្វូណន ឬ​សម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។ ជាភ័ព្វសំណាងសម្រាប់ជាតិកម្ពុជាក្រោមមាគ៌ាដ៏អស្ចារ្យ និងមគ្គទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាស្គាល់ការរួបរួម និងសុខសន្តិភាពជាថ្មី បានផ្តល់ឱកាសឱ្យកម្ពុជាមានឱកាសគាស់រំលើង​ឡើងវិញ នូវបណ្តាញផ្លូវទឹកដ៏សំខាន់របស់អាណាចក្រខ្មែរឡើងក្រោយកប់បាត់ជិត២ពាន់ឆ្នាំ។

ការគូសបញ្ជាក់បែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ។

នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នារៀបចំការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនឱ្យដំណើរការទៅដោយជោគជ័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ហើយនៅថ្ងៃនេះសូម្បីតែទេវតា ក៏បានចូលរួមអបអរសាទរនូវការការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនេះ ហើយការរៀបចំបានយ៉ាងរហ័សនេះ គឺបានបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់របស់យើង ពិតណាស់កាលពីដើមទីរាជរដ្ឋាភិបាលបានគិតថាគម្រោងនេះនឹងធ្វើឡើងនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ ប៉ុន្តែ គម្រោងនេះត្រូវបានរៀបចំកសាងមុនផែនការ ចំណុចនេះគឺជាការប្តេជ្ញាចិត្ត រួមជាមួយភាពច្បាស់លាស់ និងសមត្ថភាពក្នុងការចាត់ចែងធ្វើនេះឱ្យបានយើងក៏រំកិល ៤ខែមកមុន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «មិនមែនរំកិលដើម្បីគ្រាន់តែរូបភាពទេ គឺរំកិលពេលវេលាដោយសារតែយើងមានសមត្ថភាពគ្រប់គ្រាន់ និងភាពម្ចាស់ការនៅក្នុងការកសាង ហើយនេះគឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល […] គម្រោងជាប្រវត្តិសាស្ត្រមួយនេះដែលមានប្រជាពលរដ្ឋទូទាំងប្រទេសគាំទ្រ យើងត្រូវតែធ្វើឱ្យបានដាច់ខាត និងបានល្អបំផុតសម្រាប់ជាតិរបស់យើង»

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសបើកការដ្ឋានជីកព្រែកហ្វូណនតេជោនេះ សូមបួងសួងដល់ទេវតារក្សាកម្ពុជា និងវត្ថុស័ក្តិសិទ្ធនៅក្នុងលោក សូមបន្តជួយថែរក្សាកម្ពុជា និងសម្តែងនូវកត្តញ្ញូតាធម៌ ដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុត សូមឧទ្ទិសដល់បុព្វបុរសខ្មែរគ្រប់សម័យទាំងអស់ ដែលបានកសាងទឹកដីកម្ពុជា និងបន្សល់ទឹកដីកម្ពុជាដល់ពេលបច្ចុប្បន្ន និងសូមថ្វាយជូនព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលបានទាមទារឯករាជ្យជាតិ និងរំដោះប្រជាពលរដ្ឋខ្មែរ ពីនឹមអាណានិកគមបរទេស ព្រះមហាក្សត្រ សម្តេចម៉ែ ព្រមទាំងឥស្សរជនខ្មែរជាច្រើនរូបទៀត ដើម្បីបុព្វហេតុទឹកដី ដើម្បីកសាងទឹកដីមួយដ៏រុងរឿងនេះ។

សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននោះទេ តែគម្រោងព្រែកជីកហ្វូណនតេជោ គឺបានឆ្លុះបញ្ចាំងពីមហាសាមគ្គីភាពជាតិខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្នុងសម័យកាលទំនើបនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ក្នុងនាមជាអ្នកដឹកនាំបន្តវេន សូមបានប្រកាសប្ដេជ្ញាបន្តគំរូវីរៈភាពរបស់ថ្នាក់ដឹកនាំជំនាន់ ដោយធ្វើគ្រប់បែបយ៉ាងដើម្បីរក្សាសន្តិភាព ការអភិវឌ្ឍ សាមគ្គីភាពជាតិ ពិសេសការប្ដេជ្ញាចិត្តឱ្យបានចេញជារូបរាងនូវព្រែកជីកហ្វូណនតេជោ។

គួរជម្រាបថា គម្រោង «ព្រែកជីកហ្វូណន-តេជោ» គឺជាផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច ចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

«ព្រែកជីកហ្វូណន-តេជោ» នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…