ឯកឧត្តមរដ្ឋមន្រ្តីឧស្សាហកម្ម៖ ការចូលក្នុងប្រព័ន្ធសុចរិតភាព និងនវានុវត្តន៍ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍអាជីវកម្ម

ឯកឧត្តមរដ្ឋមន្រ្តីឧស្សាហកម្ម៖ ការចូលក្នុងប្រព័ន្ធសុចរិតភាព និងនវានុវត្តន៍ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍអាជីវកម្ម

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តដល់សហគ្រិនស្រ្តី ចូលក្នុងប្រព័ន្ធសុចរិតភាព និងនវានុវត្តន៍ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តបែបនេះ ក្នុងឱកាសដែលឯកឧត្តមបានទទួលជួបតំណាងសមាគមសហគ្រិនស្ត្រីកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងលទ្ធភាពគាំទ្រ ដើម្បីផ្តល់ភាពអង់អាចដល់សហគ្រិនស្ត្រី នៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា លោកស្រី ចាន់ ភារី បានណែនាំសមាសភាពថ្នាក់ដឹកនាំថ្មីរបស់សមាគម ព្រមទាំងចក្ខុវិស័យ សកម្មភាពការងារ និងបញ្ហាប្រឈមដែលសហគ្រិនស្ត្រី កំពុងជួបប្រទផងដែរ។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា សមាគមសហគ្រិនស្ត្រីកម្ពុជា គឺជាសមាគមដែលលេចធ្លោរមួយ និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំថ្មី របស់សមាគម ឱ្យចាប់យកនវានុវត្តន៍ ដើម្បីជួយគាំទ្រសហគ្រិនស្ត្រីកម្ពុជា កាន់តែច្រើនឱ្យទទួលបានជោគជ័យមួយកម្រិតទៀត។

ជាមួយគ្នានេះ បានជម្រាបជូនគណៈប្រតិភូអំពីគោលដៅរបស់អាស៊ាន ក្នុងការធ្វើសុខដុមនីយកម្មស្តង់ដារនៅឆ្នាំ២០២៥ខាងមុខ ដែលនឹងតម្រូវឱ្យផលិតផលបំពេញតាមស្តង់ដារទាំងនោះ មុននឹងអាចនាំទៅចេញលក់នៅប្រទេសណាមួយក្នុងតំបន់។ ឯកឧត្តមបានស្នើឱ្យសមាគមលើកកម្ពស់ការចូលក្នុងប្រព័ន្ធ ក្នុងចំណោមសមាជិករបស់ខ្លួន ព្រមទាំងសហការជាមួយក្រសួង និងដៃគូនានា ដូចជាសហគ្រិនខ្មែរ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។

ឯកឧត្តមបានលើកឡើងថា៖ «ដើម្បីឱ្យមានភាពប្រកួតប្រជែង វាជារឿងសំខាន់ដែលយើងត្រូវរៀបចំអាជីវកម្មរបស់យើងឱ្យចូលក្នុងប្រព័ន្ធ ចាប់យកស្តង់ដារ និងធ្វើតេស្តគុណភាពផលិតផលឱ្យបានត្រឹមត្រូវ»

ឯកឧត្តមបានបន្ថែមថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏កំពុងធ្វើកំណែទម្រង់មន្ទីរពិសោធន៍ជាតិរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពធ្វើតេស្ត ដោយផ្តោតលើតម្រូវការជាក់ស្តែងរបស់វិស័យឯកជន។

លោកស្រី ចាន់ ភារី បានជម្រាបជូនពីបញ្ហាប្រឈម របស់សហគ្រិនស្ត្រីកម្ពុជា ដែលភាគច្រើនកំពុងធ្វើអាជីវកម្មធុនមីក្រូ និងតូច និងមានការយល់ដឹងតិចតួចអំពីស្តង់ដារ និងនីតិវិធីសម្រាប់ការនាំចេញ។

លោកស្រីបានលើកឡើងថា សមាជិកសមាគមមួយចំនួន បានជួបបញ្ហាប្រឈម ដូចជាការលក់ធ្លាក់ចុះ លទ្ធភាពចំណេញតិច និងចំណាយប្រតិបត្តិការខ្ពស់ ដូច្នេះសមាគមដែលបច្ចុប្បន្នមានសមាជិកប្រមាណ ១ពាន់នាក់ កំពុងខិតខំជួយសម្រួលដល់ការផ្គូផ្គងផលិតផល តាមរយៈការកសាងបណ្តាញអាជីវកម្ម និងការចូលរួមក្នុងពិព័រណ៍ផលិតផលនានា។

ឯកឧត្តម ហែម វណ្ណឌី បានផ្តល់អនុសាសន៍ឱ្យសមាគម ផ្តោតអាទិភាពលើអភិបាលកិច្ចស្ថាប័ន និងភាពជាតំណាងរបស់សមាជិក ដោយស្នើសមាគមឱ្យពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដូចជាអូស្ត្រាលីជាដើម។

ឯកឧត្តមបានបញ្ជាក់ពីសារៈសំខាន់នៃការចូលក្នុងប្រព័ន្ធរបស់អាជីវកម្ម ដើម្បីបង្កើនលទ្ធភាពទទួលបានទុន ហិរញ្ញវត្ថុ និងឱកាសអភិវឌ្ឍន៍ជំនាញ។

លើសពីនេះ ឯកឧត្តមបានស្នើឱ្យសមាគមបង្កើតគោលការណ៍ណែនាំស្តីពី«អ្វីដែលត្រូវធ្វើ និងមិនត្រូវធ្វើ»សម្រាប់អ្នកដែលចង់ក្លាយជាសហគ្រិន ជាពិសេសធុរកិច្ចថ្មី ដោយផ្តោតលើសុច្ចរិតភាពអាជីវកម្ម។ ឯកឧត្តមបានណែនាំឱ្យអនុវត្តការត្រួតពិនិត្យដោយខ្លួនឯង តាមរយៈសមាគម ដោយរៀបចំការប្រកួតប្រជែងពានរង្វាន់សុចរិតភាពអាជីវកម្ម ដើម្បីលើកទឹកចិត្តសមាជិកឱ្យអនុវត្តអាជីវកម្មប្រកបដោយក្រមសីលធម៌។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់សមាជិកសមាគមឱ្យពិចារណាចងក្រងគ្នា ដើម្បីទទួលបានប្រយោជន៍ពីសេដ្ឋកិច្ចវិមាត្រ តាមរយៈការប្រមូលផ្តុំកម្លាំងផលិត និងការអភិវឌ្ឍចង្កោមផលិតកម្ម។ ជាមួយគ្នានេះលោកជំរុញឱ្យចាប់យកនវានុវត្តន៍ លើការផលិតផលិតផលប្រពៃណីដូចជាសូត្រអាចត្រូវបានច្នៃ មិនត្រឹមតែសម្រាប់ផលិតជាសម្លៀកបំពាក់ទេ តែពង្រីកទៅផលិតផលផ្សេងទៀត ដូចជាគ្រឿងតុបតែងផ្នែកខាងក្នុងសណ្ឋាគារ ឬអគារធំៗ ដើម្បីបង្កើនទីផ្សារផលិតផលទាំងនោះ៕

Related post

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឆាំងក្បត់ជាតិទាំងមេទាំងកូន, បើអាជ្ញាធរថៃ មិនឃុបឃិតទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឆាំងក្បត់ជាតិទាំងមេទាំងកូន, បើអាជ្ញាធរថៃ មិនឃុបឃិតទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកថា សកម្មភាពរបស់ សមាជិកក្រុមប្រឆាំងម្នាក់ស្នាក់នៅប្រទេសថៃ ដែលក្លែងបន្លំធ្វើជាកងទ័ពជួរមុខ ហើយផលិតវីដេអូបំបាក់ទឹកចិត្តកងទ័ព គឺជាអំពើក្បត់ជាតិ ដែលក្បត់ជាតិទាំងមេទាំងកូនចៅតែម្តង។ តាមបណ្តាញសង្គម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានចែករំលែកសេចក្តីប្រកាសរបស់​ស្នងការដ្ឋននគរបាលរាជធានីភ្នំពេញ និងរូបភាពជនខាងលើនេះ ដោយសម្តេចបានបញ្ជាក់ដូច្នេះថា៖ «អំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេស…
សម្តេចតេជោ៖ សូមបងប្អូនកុំពង្រីកបញ្ហា ឈានដល់ការស្អប់ខ្ពើមជាតិសាសន៍ ដោយរក្សាភាពស្ងប់ស្ងាត់ ដើម្បីរដ្ឋាភិបាលដោះស្រាយព្រំដែនជាមួយថៃដោយសន្តិវិធី

សម្តេចតេជោ៖ សូមបងប្អូនកុំពង្រីកបញ្ហា ឈានដល់ការស្អប់ខ្ពើមជាតិសាសន៍ ដោយរក្សាភាពស្ងប់ស្ងាត់ ដើម្បីរដ្ឋាភិបាលដោះស្រាយព្រំដែនជាមួយថៃដោយសន្តិវិធី

រយៈពេលពីរបីថ្ងៃចុងក្រោយនេះ សម្តេចតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារជា បន្តបន្ទាប់នៅលើបណ្តាញសង្គមដោយបានអំនាវនាវដល់ជនរួមជាតិអោយរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែម៉ឺងម៉ាត់មិនទុកឱ្យបរទេសប្រមាថ។ សម្តេចតេជោ បានបង្ហោះសារថា សូមកុំធ្វើឱ្យបញ្ហាប្រឈមុខនៅព្រំដែនជាមួយថៃនេះក្លាយជាបញ្ហា នៃអារម្មណ៍ជាតិសាសន៍ ឬជាតិនិយមជ្រុល។ ហើយម្សិលមិញនេះ សម្តេចតេជោ បានបង្ហោះសារមួយទៀត ដោយបានសរសេរថាសម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង…
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ នយោបាយ «ឈ្នះឈ្នះ» គឺជាស្នូលនៃដំណោះស្រាយបញ្ហារបស់មេដឹកនាំយើង

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ នយោបាយ «ឈ្នះឈ្នះ» គឺជាស្នូលនៃដំណោះស្រាយបញ្ហារបស់មេដឹកនាំយើង

(ភ្នំពេញ)៖ ក្រោយពីទទួលបានព័ត៌មានស្តីពីការសម្រួលកងទ័ពរវាងប្រទេសទាំងពីរ ដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំមួយ ដែលហៀបនឹងផ្ទុះឡើងទៅហើយនោះ មានបងប្អូនជនរួមជាតិយើងជាច្រើនបានសាទរ និងធូរទ្រូង ប៉ុន្តែក៏មានបងប្អូនយើងមួយចំនួនហាក់មិនអស់ចិត្ត ចំពោះព័ត៌មាននេះ។ បើតាមការលើកឡើងរបស់ឯកឧត្តម ប៉ែន ប៉ូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។ ឯកឧត្តម ប៉ែន ប៉ូណា បានលើកឡើងជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំសូមបងប្អូនពិចារណាលើចំណុចមួយចំនួនដូចតទៅ៖ ទី១៖ ការបញ្ចៀសសង្គ្រាមដ៏ធំមួយកុំឱ្យផ្ទុះឡើងដោយភាគីទាំងពីរសុខចិត្តសម្រួលកម្លាំងរៀងៗខ្លួន គឺជានយោបាយឈ្នះឈ្នះមួយទៀតដែលថ្នាក់ដឹកនាំយើងសម្រេចបានសម្រាប់ប្រទេសជាតិនិងប្រជាជនយើង។ បើសិនជាសង្គ្រាមនេះផ្ទុះឡើងមែន វាមានទំហំធំជាងសង្គ្រាមព្រះវិហារឆ្ងាយណាស់។…