ឯកឧត្តមរដ្ឋមន្រ្តីឧស្សាហកម្ម៖ ការចូលក្នុងប្រព័ន្ធសុចរិតភាព និងនវានុវត្តន៍ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍអាជីវកម្ម

ឯកឧត្តមរដ្ឋមន្រ្តីឧស្សាហកម្ម៖ ការចូលក្នុងប្រព័ន្ធសុចរិតភាព និងនវានុវត្តន៍ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍអាជីវកម្ម

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តដល់សហគ្រិនស្រ្តី ចូលក្នុងប្រព័ន្ធសុចរិតភាព និងនវានុវត្តន៍ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តបែបនេះ ក្នុងឱកាសដែលឯកឧត្តមបានទទួលជួបតំណាងសមាគមសហគ្រិនស្ត្រីកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងលទ្ធភាពគាំទ្រ ដើម្បីផ្តល់ភាពអង់អាចដល់សហគ្រិនស្ត្រី នៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា លោកស្រី ចាន់ ភារី បានណែនាំសមាសភាពថ្នាក់ដឹកនាំថ្មីរបស់សមាគម ព្រមទាំងចក្ខុវិស័យ សកម្មភាពការងារ និងបញ្ហាប្រឈមដែលសហគ្រិនស្ត្រី កំពុងជួបប្រទផងដែរ។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា សមាគមសហគ្រិនស្ត្រីកម្ពុជា គឺជាសមាគមដែលលេចធ្លោរមួយ និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំថ្មី របស់សមាគម ឱ្យចាប់យកនវានុវត្តន៍ ដើម្បីជួយគាំទ្រសហគ្រិនស្ត្រីកម្ពុជា កាន់តែច្រើនឱ្យទទួលបានជោគជ័យមួយកម្រិតទៀត។

ជាមួយគ្នានេះ បានជម្រាបជូនគណៈប្រតិភូអំពីគោលដៅរបស់អាស៊ាន ក្នុងការធ្វើសុខដុមនីយកម្មស្តង់ដារនៅឆ្នាំ២០២៥ខាងមុខ ដែលនឹងតម្រូវឱ្យផលិតផលបំពេញតាមស្តង់ដារទាំងនោះ មុននឹងអាចនាំទៅចេញលក់នៅប្រទេសណាមួយក្នុងតំបន់។ ឯកឧត្តមបានស្នើឱ្យសមាគមលើកកម្ពស់ការចូលក្នុងប្រព័ន្ធ ក្នុងចំណោមសមាជិករបស់ខ្លួន ព្រមទាំងសហការជាមួយក្រសួង និងដៃគូនានា ដូចជាសហគ្រិនខ្មែរ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។

ឯកឧត្តមបានលើកឡើងថា៖ «ដើម្បីឱ្យមានភាពប្រកួតប្រជែង វាជារឿងសំខាន់ដែលយើងត្រូវរៀបចំអាជីវកម្មរបស់យើងឱ្យចូលក្នុងប្រព័ន្ធ ចាប់យកស្តង់ដារ និងធ្វើតេស្តគុណភាពផលិតផលឱ្យបានត្រឹមត្រូវ»

ឯកឧត្តមបានបន្ថែមថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏កំពុងធ្វើកំណែទម្រង់មន្ទីរពិសោធន៍ជាតិរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពធ្វើតេស្ត ដោយផ្តោតលើតម្រូវការជាក់ស្តែងរបស់វិស័យឯកជន។

លោកស្រី ចាន់ ភារី បានជម្រាបជូនពីបញ្ហាប្រឈម របស់សហគ្រិនស្ត្រីកម្ពុជា ដែលភាគច្រើនកំពុងធ្វើអាជីវកម្មធុនមីក្រូ និងតូច និងមានការយល់ដឹងតិចតួចអំពីស្តង់ដារ និងនីតិវិធីសម្រាប់ការនាំចេញ។

លោកស្រីបានលើកឡើងថា សមាជិកសមាគមមួយចំនួន បានជួបបញ្ហាប្រឈម ដូចជាការលក់ធ្លាក់ចុះ លទ្ធភាពចំណេញតិច និងចំណាយប្រតិបត្តិការខ្ពស់ ដូច្នេះសមាគមដែលបច្ចុប្បន្នមានសមាជិកប្រមាណ ១ពាន់នាក់ កំពុងខិតខំជួយសម្រួលដល់ការផ្គូផ្គងផលិតផល តាមរយៈការកសាងបណ្តាញអាជីវកម្ម និងការចូលរួមក្នុងពិព័រណ៍ផលិតផលនានា។

ឯកឧត្តម ហែម វណ្ណឌី បានផ្តល់អនុសាសន៍ឱ្យសមាគម ផ្តោតអាទិភាពលើអភិបាលកិច្ចស្ថាប័ន និងភាពជាតំណាងរបស់សមាជិក ដោយស្នើសមាគមឱ្យពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដូចជាអូស្ត្រាលីជាដើម។

ឯកឧត្តមបានបញ្ជាក់ពីសារៈសំខាន់នៃការចូលក្នុងប្រព័ន្ធរបស់អាជីវកម្ម ដើម្បីបង្កើនលទ្ធភាពទទួលបានទុន ហិរញ្ញវត្ថុ និងឱកាសអភិវឌ្ឍន៍ជំនាញ។

លើសពីនេះ ឯកឧត្តមបានស្នើឱ្យសមាគមបង្កើតគោលការណ៍ណែនាំស្តីពី«អ្វីដែលត្រូវធ្វើ និងមិនត្រូវធ្វើ»សម្រាប់អ្នកដែលចង់ក្លាយជាសហគ្រិន ជាពិសេសធុរកិច្ចថ្មី ដោយផ្តោតលើសុច្ចរិតភាពអាជីវកម្ម។ ឯកឧត្តមបានណែនាំឱ្យអនុវត្តការត្រួតពិនិត្យដោយខ្លួនឯង តាមរយៈសមាគម ដោយរៀបចំការប្រកួតប្រជែងពានរង្វាន់សុចរិតភាពអាជីវកម្ម ដើម្បីលើកទឹកចិត្តសមាជិកឱ្យអនុវត្តអាជីវកម្មប្រកបដោយក្រមសីលធម៌។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់សមាជិកសមាគមឱ្យពិចារណាចងក្រងគ្នា ដើម្បីទទួលបានប្រយោជន៍ពីសេដ្ឋកិច្ចវិមាត្រ តាមរយៈការប្រមូលផ្តុំកម្លាំងផលិត និងការអភិវឌ្ឍចង្កោមផលិតកម្ម។ ជាមួយគ្នានេះលោកជំរុញឱ្យចាប់យកនវានុវត្តន៍ លើការផលិតផលិតផលប្រពៃណីដូចជាសូត្រអាចត្រូវបានច្នៃ មិនត្រឹមតែសម្រាប់ផលិតជាសម្លៀកបំពាក់ទេ តែពង្រីកទៅផលិតផលផ្សេងទៀត ដូចជាគ្រឿងតុបតែងផ្នែកខាងក្នុងសណ្ឋាគារ ឬអគារធំៗ ដើម្បីបង្កើនទីផ្សារផលិតផលទាំងនោះ៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…