សម្តេចធិបតី​៖ រាជរដ្ឋាភិបាល នីតិកាលទី៧ ផ្តោតលើកិច្ចការកែទម្រង់ និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ

សម្តេចធិបតី​៖ រាជរដ្ឋាភិបាល នីតិកាលទី៧ ផ្តោតលើកិច្ចការកែទម្រង់ និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ផ្តោតលើកិច្ចការនៃការកែទម្រង់ ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ វៃឆ្លាត និងស្អាតសំ្អ តាមរយៈការតាមដាន ការត្រួតពិនិត្យ ការអង្កេត ការស្រាវជ្រាវដំណើរការនៃការអនុវត្តការងារ ដើម្បីវាយតម្លៃលើការទទួលខុសត្រូវ និងវិនិច្ឆ័យគុណសម្បតិ្ត គុណវិបត្តិ ក្នុងបំណងកែលម្អឱ្យកាន់តែប្រសើរទ្បើង ។​

នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងអធិការកិច្ច នៅសណ្ឋាគារសុខាភ្នំពេញ ។

នៅក្នុងពិធីដ៏អធិកអធម សម្តេចធិបតី បានធ្វើការគូសបញ្ជាក់ថា កិច្ចការអាទិភាពមួយក្នុងចំណោមកិច្ចការងារស្នូលរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា គឺអភិបាលកិច្ច ដោយមានន័យថាយើងត្រូវរៀបចំផ្ទះឱ្យបានស្អាតបាត ទើបមានផាសុកភាពល្អ បង្កឱ្យការបម្រើប្រជាជនកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ក្នុងន័យនេះ ក្រសួងអធិការកិច្ចបានប្តូរឈ្មោះប៉ុន្តែភារកិច្ចស្នូលនៅតែបន្តដដែល ហើយការប្តូរឈ្មោះនេះក៏ជាការបង្ហាញនូវឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការសម្រួចភារកិច្ចរបស់ក្រសួង ដើម្បីឱ្យដើរតួនាទីកាន់តែសកម្មក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើកិច្ចការនៃការពង្រឹងអភិបាលកិច្ច ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ផ្តោតលើកិច្ចការងារការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ វៃឆ្លាត និងស្អាតសំ្អ តាមរយៈការតាមដាន ការត្រួតពិនិត្យ ការអង្កេត ការស្រាវជ្រាវដំណើរការនៃការអនុវត្តការងារ ដើម្បីវាយតម្លៃលើការទទួលខុសត្រូវ និងវិនិច្ឆ័យគុណសម្បតិ្ត គុណវិបត្តិ ក្នុងបំណងកែលម្អឱ្យកាន់តែប្រសើរទ្បើង ។ ក្នុងបរិការណ៍នេះ កិច្ចការងារអធិការកិច្ច គឺជាអាទិភាពចម្បង ប្រកបដោយប្រសិទ្ធភាព និងភាពប្រទាក់ក្រទ្បា ដើម្បីជួយដល់អភិក្រមចំនួន ៤ គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល » ក្នុងចំណោមអភិក្រមទាំង ៥ ដែល សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដាក់ចេញ ដើម្បីបន្តកែទម្រង់ស្ថាប័ន និងលើកកម្ពស់អភិបាលកិច្ចក្នុងវិស័យសាធាណៈ ។ ជាងនេះទៀត ដោយកិច្ចការអធិការកិច្ចជាកិច្ចការងារស្មុគ្រស្មាញ ដូច្នេះទាមទារនូវការកសាងសមត្ថភាព និងបំពេញលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួន មានដូចជា៖ (១) ការកសាងធនធានមនុស្ស (២) ការៀបចំយន្តការ និងរបៀបរបបការងារ (៣) ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និង (៤) កិច្ចសហការ ការលើកទឹកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក ។

នៅក្នុងឱកាសនោះផងដែរ សម្តេចធិបតី បានកោតសសើរដល់ ថ្នាក់ដឹកនាំ និងមន្ត្រី រាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអធិការកិច្ច ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ឥតឈប់ឈរប្រកបដោយភាពម៉ឺងម៉ាត់, ប្រាកដនិយមក្នុងស្មារតីសាមគ្គីភាព, ឯកភាពផ្ទៃក្នុង និងកិច្ចសហការគ្នា រហូតទទួលបានសមិទ្ធផលការងារដែលក្រសួងអធិការកិច្ចសម្រេចបាននៅឆ្នាំ ២០២៣ កន្លងទៅ ។ ជាក់ស្តែង, ក្រសួងបានដោះស្រាយ បណ្តឹងពីគ្រប់មជ្ឈដ្ឋាន, ជាពិសេស ការងារស៊ើបអង្កេតករណីបណ្តឹងរ៉ាំរ៉ៃ ពាក់ព័ន្ធនឹងទំនាស់ដីធ្លី ដោយប្រើយន្តការសម្របសម្រួលបញ្ចប់ទំនាស់, ផ្អែកលើគោលការណ៍ «ឈ្នះ-ឈ្នះ», ពោលគឺ គូភាគីទទួលយកដោយពេញចិត្ត, និងសន្សំសំចៃ ដែលមិនចាំបាច់ចាយលើសេវាមេធាវី ។ ទន្ទឹមនេះ សម្តេចធិបតី ក៏បានជំរុញលើកទឹកចិត្តឱ្យបន្តរួមគ្នារៀបចំ និងអនុវត្តផែនការថ្មីៗ ប្រកបដោយសង្គតិភាពជាមួយគោលដៅ នៃវិស័យអធិការកិច្ច សំដៅបន្តលើកកម្ពស់ការងារអធិការកិច្ច និងជំរុញការចូលរួមឱ្យកាន់តែសកម្មខ្លាំង បន្ថែមទៀតពីគ្រប់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិបាលកិច្ច និងស្ថាប័នល្អ និងមានគុណភាពខ្ពស់ នៅកម្ពុជា ។

សូមបញ្ជាក់ផងដែរថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានបង្កើត នៅក្នុងនីតិកាលទី ២ នៃរដ្ឋសភា ក្នុងគោលបំណងតាមដាន, ត្រួតពិនិត្យ និងវាយតម្លៃ តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព នៃការអនុវត្តបេសកកម្ម និងគោលនយោបាយរបស់ក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពសាធារណៈទាំងអស់ សំដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, កាត់បន្ថយភាពក្រីក្រ និង លើកកម្ពស់ជីវភាពរបស់ប្រជាជន ។ ចំពោះការប្តូរឈ្មោះមកជាក្រសួងអធិការកិច្ច នាពេលនេះ, រាជរដ្ឋាភិបាលនីតិកាលទី ៧ និងបន្តបន្ទាប់ នៃរដ្ឋសភា មានចេតនាបង្ហាញអំពីឆន្ទៈមុតស្រួច និងឥតងាករេ ក្នុងការកែទម្រង់ស៊ីជម្រៅនូវប្រព័ន្ធរដ្ឋបាល និង សេវាសាធារណៈ នៅកម្ពុជា តាមរយៈការកែទម្រង់ និងកាអភិវឌ្ឍស្ថាប័ន, ការលើកកម្ពស់អភិបាលកិច្ច, ការធ្វើទំនើបកម្មស្ថាប័ន, ការកសាង និងការអភិវឌ្ឍមូលធនមនុស្ស, និងការជំរុញអធិការកិច្ច ពិសេស “អធិការកិច្ចបែបឌីជីថល” ដោយអនុវត្តអភិក្រម “វះកាត់” នៅពេលចាំបាច់ ៕

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា​ #peaceofcambodia

Related post

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ​នៃកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល៖…
កម្ពុជា-ចិន បើកកិច្ចប្រជុំជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ

កម្ពុជា-ចិន បើកកិច្ចប្រជុំជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ

(ព្រះសីហនុ)៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Ling Ji អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួល តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងកិច្ចប្រជុំលើកទី១ របស់ក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ចកម្ពុជា-ចិន។ កិច្ចប្រជុំនេះ…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារាម ហៅ (វត្តតូប) នៅស្រុកទឹកឈូ ខេត្តកំពត

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារាម ហៅ (វត្តតូប)…

នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ពេជ ចន្ទមន្នី ហ៊ុនម៉ាណែត ឧត្ដមភរិយានាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារាម ហៅ (វត្តតូប) ស្ថិតនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារាមនាពេលនេះ ក្រោមព្រះវត្ដមាន…