ក្រសួងទេសចរណ៍ឯកភាពជំរុញកិច្ចប្រតិបត្តិការជាមួយរដ្ឋបាលខេត្តហឺណាន ក្រោមស្មារតី «ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤»

ក្រសួងទេសចរណ៍ឯកភាពជំរុញកិច្ចប្រតិបត្តិការជាមួយរដ្ឋបាលខេត្តហឺណាន ក្រោមស្មារតី «ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤»

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន សូវកាង (Sun Shougang) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងជាអភិបាលរងប្រតិបត្តិខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការជំរុញកិច្ចប្រតិបត្តិការរវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហឺណាន ក្រោមស្មារតីនៃ «ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤» និង“ផែនការសកម្មភាពនៃការកសាងសហគមន៍​វាសនារួមកម្ពុជា-​ចិនក្នុងយុគសម័យថ្មី (២០២៤-២០២៨)” រវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាល​​កម្ពុជា និងរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ុន សូវកាង និងបានថ្លែងអំណរគុណចំពោះឯកឧត្តម ដែលគាំទ្រដល់ស្មារតី “ឆ្នាំនៃការផ្លាស់​ប្តូរ​ប្រជាជន​​និងប្រជាជនកម្ពុជា-ចិន២០២៤” តាមរយៈការសហការរៀបចំ “ការសម្តែងក្បាច់គុនសាវលីញ និងល្បុក្កតោនៅអង្គរ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ដើម្បីជួយដល់ការទាក់ទាញទេសចរអន្តរជាតិ ជាពិសេសទេសចរចិនមកកាន់ខេត្តសៀមរាប។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍវិស័យ​ទេសចរណ៍ ដែលជាចលករដ៏សំខាន់មួយក្នុងការចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម ស៊ុន សូវកាង បានលើកឡើងថា កម្ពុជាជាមិត្តដ៏ស្មោះត្រង់របស់ចិន ហើយតែងគាំទ្រគោលនយោបាយចិន និងបានប្ដេជ្ញាចូលរួមគាំទ្រអនុវត្តនូវវិធានការ និងសកម្មភាពយុទ្ធសាស្ត្រនានា ដែលបានដាក់ចុះក្នុងការស្ដារវិស័យទេសចរណ៍កម្ពុជាឡើងវិញ។

ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន និងឯកឧត្តម ស៊ុន សូវកាង បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំដោយផ្តោតលើការជំរុញអនុវត្ត «គម្រោងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ហឺណាន​-​អាស៊ាន“ «គម្រោងវិថីសូត្រផ្លូវអាកាស” និងបានឯកភាពបង្កើតក្រុមការងារដើម្បីអនុវត្តខ្លឹមសារកំណត់ហេតុនៃកិច្ចប្រជុំខាងលើនេះឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍​នៃប្រទេសទាំងពីរ៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…