កម្ពុជានឹងមានភូមិខ្មែរនៅប្រទេសជប៉ុន នាពេលខាងមុខ
- ទេសចរណ៍ព័ត៌មានជាតិព័ត៌មានផ្សេងៗសេដ្ឋកិច្ច/ពាណិជ្ជកម្ម
- April 23, 2024
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ នៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូរបស់ជប៉ុនមួយក្រុមដឹកនាំដោយ ឯកឧត្តម តាកិស៊ិ អុខាមិ នាយកគ្រប់គ្រងក្រុមហ៊ុនកុជីម៉ា(KOJIMA HOLDINGS)ចូលជួបសំដែងការគួរសមដើម្បីរាយការណ៍ស្តីពីវឌ្ឍនភាពនៃដំណើរការរៀបចំភូមិខ្មែរនៅប្រទេសជប៉ុន។
ក្នុងកិច្ចពិភាក្សាដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈប្រតិភូនៃក្រុមហ៊ុនកុជីម៉ា(KOJIMA HOLDINGS)ដែលជាអ្នកផ្តើមគំនិតវិនិយោគបង្កើតភូមិខ្មែរនេះ បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីដំណើរការរៀបចំ និងការតុបតែងដើម្បីឱ្យកសិដ្ឋានរបស់ខ្លួនទៅជាទីតាំងដែលមានសោភណ្ឌភាពជាខ្មែរដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេស ភ្ញៀវជប៉ុន ក៏ដូចជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ ស្នាក់នៅ និងរៀនសូត្រនៅប្រទេសជប៉ុន។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណវិស័យឯកជនជប៉ុនដែលបានចាប់អារម្មណ៍បង្កើតភូមិខ្មែរនៅក្នុងក្រុងអីសេហារ៉ា(Isehara) ខេត្តណាហ្គាវ៉ា(Kanagawa)ដើម្បីបង្ហាញពីសម្ផារខ្មែរ ហាងម្ហូបខ្មែរ ហាងកាហ្វេ និងការដាំដំណាំរបស់ខ្មែរផងដែរ។
សូមបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រីការងារ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ធ្លាប់បានទៅទស្សនកិច្ចដល់ទីតាំងដើម្បីពិនិត្យមើលការផ្តើមការសាងសង់។ ដើម្បីធ្វើឱ្យទីតាំងមានសោភណ្ឌភាពជាខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលបណ្តាលវិជ្ជាជីវៈ បានផ្គត់ផ្គង់សម្ភារមួយចំនួនដើម្បីប្រើប្រាស់ និងដាក់តាំងបង្ហាញនៅក្នុងភូមិដែលរួមមានស្គរឆៃយ៉ាំ ទ្រ មុខស្វា មុខត្លុកជាដើម។
យ៉ាងណាក៏ដោយភាគីជប៉ុនបានលើកឡើងថា ភូមិខ្មែរនេះ នឹងអាចបើកឱ្យដំណើរការនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ៕
អត្ថបទដោយ៖ Nou Seyha