សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រមុខការទូតចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រមុខការទូតចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅល្ងាចថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី រដ្ឋ​មន្ត្រី​ការបរទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យ​គណៈ​កម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនផងដែរនោះ បានអញ្ជើញមកដល់កម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បី​បំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ។

ជាន់ដីកម្ពុជាភ្លាម ឯកឧត្តម វ៉ាង យី បានអញ្ជើញចូលបង្គំគាល់ និងសវនាការ​ជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ បន្ទាប់មកឯកឧត្តម វ៉ាង យី ក៏ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី សុខ ចិន្តាសោភា ប្រមុខការទូតរបស់កម្ពុជា។

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម វ៉ាង យី បានអញ្ជើញចូលរួមកិច្ច​ប្រជុំ​លើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តរដ្ឋាភិបាលកម្ពុជា-ចិន នៅ​ក្រុម​​​ប្រឹក្សាអភិវឌ្ឍកម្ពុជា ដែលភាគីកម្ពុជាដឹកនាំដោយឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

នៅក្រោយកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តម វ៉ាង យី បានរៀបចំពិធីអបអរសាទរផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យ​នាំ​ចេញ​​ទៅកាន់ទីផ្សារចិនជាផ្លូវការ។ ឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម វ៉ាង យី ក៏​បាន​ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ទៀត ដើម្បី​រួម​ចំណែកអភិវឌ្ឍន៍វិស័យទឹកស្អាត និងវិស័យកសិកម្មនៅកម្ពុជា។ ឯកសារសំខាន់​ចំនួន​៣នេះរួមមាន
ទី១៖ លិខិតប្តូរសារស្តីពីការផ្តល់ជំនួយ​របស់ចិនសម្រាប់ផ្គត់ផ្គង់ទឹកស្អាត​នៅជនបទដំណាក់កាលទី២
ទី២៖ វិញ្ញាបនបត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា
ទី៣៖ ពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវការអនាម័យសម្រាប់ផលិតផលចំណីឆ្កែពាក់កណ្តាលសម្រេចធ្វើពីស្បែកគោ សម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។

ភាគីទាំងពីរក៏រៀបចំពិធីប្រគល់-ទទួលសៀវភៅ កំណត់ហេតុរបស់នគរចេនឡា អំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ ប្រែសម្រួលជាភាសាខ្មែរ។

នៅរសៀលថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអនុញ្ញាតឱ្យលោក វ៉ាង យី ជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។

ឯកឧត្តម វ៉ាង យី នឹងអញ្ជើញចាកចេញពីកម្ពុជានៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤​។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី នៅពេលនេះ ធ្វើឡើងស្របពេលប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

ឯកឧត្តម វ៉ាង យី ជាប្រមុខការទូតរបស់ចិនដែលទស្សនកិច្ចនៅកម្ពុជាញឹកញាប់បំផុត។ ឯកឧត្តមទើបនឹងបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ សន្ទនា​ទូរស័ព្ទ​ជាមួយ​ នាយក​រដ្ឋមន្ត្រី​ ម៉ាឡេស៊ី​

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ សន្ទនា​ទូរស័ព្ទ​ជាមួយ​ នាយក​រដ្ឋមន្ត្រី​ ម៉ាឡេស៊ី​

ល្ងាចនេះ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូលលើកទី៤៦ ប្រកបដោយជោគជ័យ និងអរគុណឯកឧត្តមចំពោះការយកចិត្តទុកដាក់ លើស្ថានការណ៍ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ។ ខ្ញុំបានបញ្ជាក់ជូនឯកឧត្តម Anwar អំពីគោជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ÷ ១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ២. ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ…
ប្រមុខ​ក្រសួង​ការពារ​ជាតិ​ខ្មែរ​ និងថៃ​ ឯកភាព​គ្នាបន្ថយភាពតានតឹង​ ដោយរក្សាការទំនាក់ទំនងគ្នាជៀសវាងការប៉ះទង្គិចដោយយោធា​

ប្រមុខ​ក្រសួង​ការពារ​ជាតិ​ខ្មែរ​ និងថៃ​ ឯកភាព​គ្នាបន្ថយភាពតានតឹង​ ដោយរក្សាការទំនាក់ទំនងគ្នាជៀសវាងការប៉ះទង្គិចដោយយោធា​

នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តទៅនៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ជាលទ្ធផលនៃកិច្ចប្រជុំ យើងបាន៖ –…
រដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញជាគណៈអធិបតីចូលរួមកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០

រដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញជាគណៈអធិបតីចូលរួមកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបានគោរពអញ្ជើញជាគណៈអធិបតីចូលរួមក្នុងកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិពរណ៍អន្តរជាតិសេអ៊ូលលើកទី៤០ និងសន្និសីទឧស្សហកម្មទេសចរណ៍ពិភពលោកលើកទី៤ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីសេអ៊ូល។ សូមជម្រាបថា កម្មវិធីនេះមានការចូលរួមពី ប្រទេសជាង៤០ ពីគ្រប់ទ្វីប ស្តង់ពិព័រណ៌ចំនួន៥០០ អ្នកលក់ចំនួន៧៥០ ក្រុមហ៊ុន និងអ្នកទិញចំនួន៨០០ក្រុមហ៊ុន ហើយក្រសួងទេសចរណ៍ក៏បានចូលរួមដោយរៀបចំពន្លាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក ជាពិសេសប្រជាជនកូរ៉េ ដើម្បីមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនឡើង៕