ភាគីកម្ពុជា-ចិន អបអរផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យចេញជាផ្លូវការ ទៅកាន់ប្រទេសចិន
- កសិកម្មនយោបាយ និងការបរទេសសេដ្ឋកិច្ច/ពាណិជ្ជកម្ម
- April 22, 2024
ភាគីកម្ពុជា-ចិន នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំពិធីអបអរសាទរ ដែលដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការ។
ពិធីអបអរសាទរនេះ បានធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម វ៉ាង យី (WANG YI) រដ្ឋមន្ត្រីការបរទេសចិន នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានរដ្ឋាភិបាលនៃប្រទេសចិន កាលពីចុងខែកុម្ភៈ បានអនុម័តអនុញ្ញាតឱ្យប្រទេសកម្ពុជានាំចូលទៅកាន់ទីផ្សារចិនជាផ្លូវការ ក្រោយពីកម្ពុជាបានបញ្ចប់គ្រប់នីតិវិធីសម្រាប់ការនាំចេញទៅប្រទេសចិន។
គួរឭលឹកថា កាលពីខែសីហាក្រសួងកសិកម្ម និងអគ្គរដ្ឋបាលគយចិន (GACC) បានបើកកិច្ចប្រជុំ និងចុះវាយតម្លៃហានិភ័យសមាសភាពចង្រៃលើដំណាំដូងកម្ពុជា ។ នៅខែកញ្ញា រដ្ឋាភិបាលចិន និងកម្ពុជាបានចុះហត្ថលេខាលើ «ពិធីសារស្តីពីតម្រូវការរភូតគាមអនាម័យសម្រាប់ការនាំចេញដូងស្រស់»។ នៅខែមករា ឆ្នាំ ២០២៤ គយចិន បានធ្វើការត្រួតពិនិត្យការអនុលោមតាមពិធីសារលើក្រុមហ៊ុនដូងស្រស់របស់កម្ពុជាដែលនាំចេញទៅប្រទេសចិន។កាលពីខែកុម្ភៈ គយចិន បានប្រកាសបញ្ជីក្រុមហ៊ុនកម្ពុជាដែលបានអនុម័តនាំចេញដូងស្រស់ទៅប្រទេសចិន ដែលចំណាយពេលតែជាងកន្លះឆ្នាំប៉ុណ្ណោះ។
ដំណាំដូងត្រូវបានដាំដុះច្រើនជាងគេ នៅខេត្តកំពង់ស្ពឺ កំពត ព្រះសីហនុ ហើយបានពង្រីកការដាំដុះនៅតាមបណ្តាខេត្តជាច្រើនទៀតដូចជាកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ស្វាយរៀង និងខេត្តសៀមរាបជាដើម។
មកទល់ពេលនេះ ផ្លែឈើធំៗចំនួន ៤ ដែលចិនបានអនុញ្ញាតឱ្យកម្ពុជានាំចូលទៅកាន់ទីផ្សាររបស់ខ្លួន រួមមាន ចេក ស្វាយ ផ្លែមៀនប៉ៃលិន និងដូងស្រស់៕
អត្ថបទដោយ៖ Nou Seyha