សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមឌីជីថល ជាមួយសមាជិកអាស៊ាន ដើម្បីលើកកម្ពស់ការធ្វើឌីជីថលភាវូបនីយកម្មឱ្យទាន់ពេលវេលា និងមានបរិយាបន្ននៅក្នុងតំបន់
- នយោបាយ និងការបរទេស
- April 22, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្តួចផ្តើមឌីជីថលជាមួយសមាជិកអាស៊ានផ្សេងទៀត ជាពិសេសការរៀបចំ «កិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA)» ដែលជាក្របខណ្ឌមួយមានគោលបំណងផ្តល់នូវយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយតំបន់ ដើម្បីលើកកម្ពស់ការធ្វើឌីជីថលភាវូបនីយកម្មឱ្យទាន់ពេលវេលា និងមានបរិយាបន្ននៅក្នុងតំបន់។
ការលើកឡើងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានឡើងថ្លែងសន្ទករថា ពិសេសនៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP) នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ នៅទីក្រុងបាងកក ប្រទេសថៃ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងបរិបទសកល និងក្នុងតំបន់ កម្ពុជាបាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងរបៀបវារៈគោលនយោបាយប្រព័ន្ធឌីជីថល ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រព័ន្ធឌីជីថលជាសកល និងក្នុងតំបន់រួមទាំង «ផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៥» និង «យុទ្ធសាស្ត្រឌីជីថលឆ្នាំ ២០២២-២០២៥» របស់អង្គការសហប្រជាជាតិ។
នាឱកាសថ្លែងសន្ទរកថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការអនុវត្តក្របខណ្ឌនេះនឹងបង្កើនទំហំសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន ពី ១ទ្រីលានដុល្លារអាមេរិក ដល់២ទ្រីលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០៣០។ លើសពីនេះ អាស៊ាន បានចាត់ទុកសេដ្ឋកិច្ចឌីជីថល ជាជំពូកអាទិភាពក្នុងចំណោមកិច្ចព្រមព្រៀងនានាដូចជា៖ កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA) និងកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ជំនាន់ ៣.០ (ACFTA 3.0) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រទេសកម្ពុជា អាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិក មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យឌីជីថលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះជាយ៉ាងណាក៏ដោយ យើងនៅតែប្រឈមមុខនឹងបញ្ហាប្រឈមមួយចំនួន រួមទាំងគម្លាតប្រព័ន្ធឌីជីថលរវាងប្រទេស និងប្រទេស និងរវាងទីក្រុង និងជនបទ កង្វះហេដ្ឋារចនាសម្ព័ន្ធ និងលទ្ធភាពទទួលបានសេវាអ៉ីនធឺណិតប្រកបដោយគុណភាព កម្រិតអក្ខរកម្មឌីជីថលរបស់ប្រជាជននៅមានកម្រិត កង្វះការអនុម័ត និងការអនុវត្តបច្ចេកវិទ្យាឌីជីថល ការជួញដូរ និងសេវាកម្មឌីជីថល សន្តិសុខតាមប្រព័ន្ធអ៉ីនធឺណិត និងឧក្រិដ្ឋកម្មតាមអ៉ីនធឺណិត៕
អត្ថបទដោយ៖ Nou Seyha