លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ចលនាកាយឫទ្ធិនារីកម្ពុជា ផ្តល់ឱកាសឲ្យកុមារី និងយុវតី សាកល្បងចូលរួមសកម្មភាពសង្គមផ្សេងៗ ដើម្បីកសាងទំនុកចិត្ត និងការអភិវឌ្ឍប្រទេសជាតិ
- ព័ត៌មានជាតិ
- April 22, 2024
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយពីចលនា និងសកម្មភាពសមាគមកាយឫទ្ធិនារីកម្ពុជា នៅអង្គការដើម្បីភាពញញឹមនៃកុមារ (PSE ) ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំ និងសមាជិកា សមាជិកសរុបប្រមាណ ១,១០៨នាក់។
ថ្លែងក្នុងពិធីដ៏មហោទ្បារិកនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា ចលនាកាយឫទ្ធិនារីកម្ពុជា មិនត្រឹមតែមានគោលដៅផ្ដល់ភាពសប្បាយរីករាយសម្រាប់កុមារី និងយុវតីប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពអប់រំក្រៅប្រព័ន្ធមួយ ដែលផ្តល់ឱកាសឱ្យកុមារី និងយុវតី សាកល្បងចូលរួមសកម្មភាពសង្គមផ្សេងៗ ដើម្បីកសាងទំនុកចិត្ត និងការចាប់អារម្មណ៍របស់ពួកគេលើបញ្ហាសង្គម និងការអភិវឌ្ឍប្រទេសជាតិ។
លោកជំទាវបណ្ឌិត បានបន្ថែមទៀតថា ទន្ទឹមនេះ ចលនាកាយឫទ្ធិនារី គឺជាសកម្មភាពក្រៅរដ្ឋាភិបាល ដែលមិនប្រកាន់បក្ខពួក វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និងជាចលនាកើតឡើងដោយការស្ម័គ្រចិត្ត ផ្ទាល់ខ្លួនរបស់សមាជិកាម្នាក់ៗ ដោយមិនមានការបង្ខិតបង្ខំ និងមិនមានការប៉ះពាល់ដល់ការសិក្សា ឬការបំពេញការងារទ្បើយ។
លោកជំទាវបណ្ឌិតបានបន្តទៀតថា សមាគមកាយឫទ្ធិនារីកម្ពុជា ទទួលបានប្រកាសនីយបត្រ និងផ្លាកសញ្ញា ពីមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក (FAPW) និងបានខិតខំបំពេញកាតព្វកិច្ច របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងសម្រេចបានសមិទ្ធផលជាច្រើន ដោយប្រកាន់ខ្ជាប់នូវបេសកកម្មរបស់សមាគម ស្របតាមគោលបំណងរបស់សមាគមកាយឫទ្ធិនារីពិភពលោក គឺការជួយអភិវឌ្ឍថាមពលកុមារី យុវតី ដើម្បីក្លាយខ្លួនទៅជាពលរដ្ឋល្អ ដែលមានការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ ក៏ដូចជាស្របតាមចក្ខុវិស័យជាក់លាក់មួយ គឺការចង់ឃើញកុមារី និងយុវតីកម្ពុជា រស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និងមានមោទកភាពចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន។
អង្គពិធីទាំងមូលបានសម្តែងនូវក្ដីរីករាយជាអនេក ចំពោះប្រសាសន៍សំខាន់ៗរបស់លោកជំទាវបណ្ឌិត ដែលបានចែករំលែកបទពិសោធន៍ជីវិត និងការងារ ជូនអង្គពិធី ជាពិសេសដល់ប្អូនៗសិស្ស-និស្សិត ដើម្បីជាគន្លឹះយកទៅអនុវត្តក្នុងការកសាងអនាគត និងជីវិតឱ្យប្រសើរឡើង ព្រមទាំងជំរុញទឹកចិត្ត ឲ្យចូលរួមសកម្មភាពស្ម័គ្រចិត្ត និងចែករំលែកបទពិសោធន៍លើសកម្មភាពការងារ សង្គមនានាកាន់តែខ្លាំងក្លាបន្ថែមទៀត៕
អត្ថបទដោយ៖ Nou Seyha