សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកកម្ពុជាវិញហើយ

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកកម្ពុជាវិញហើយ

នៅវេលាម៉ោង៩ព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកកម្ពុជាវិញ​ហើយ បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅក្នុងខេត្តហៃណាន ប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញចាកចេញពីកម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ដើម្បីចូលរួមសន្និសីទប្រចាំឆ្នាំ នៃវេទិកាបូអាវសម្រាប់អាស៊ី តបតាមការអញ្ជើញរបស់លោក លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវ​សម្រាប់អាស៊ី។

ក្នុងសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវសម្រាប់អាស៊ី ដែលធ្វើឡើងក្រោមមូលបទ «អាស៊ីនិងពិភពលោក៖ បញ្ហា​ប្រឈម និងការទទួលខុសត្រូវរួម» ត្រូវបានបើកជាផ្លូវការនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ សន្និ​សីទ​ត្រូវបានបើកជាផ្លូវការដោយលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាង​ប្រជា​ជនចិន និងមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរ​ជាតិ និងអង្គការតំបន់ រង្វង់ប្រមាណ ២,០០០នាក់ មកពីប្រទេស និងតំបន់ចំនួន៦០ ហើយអ្នកកាសែត ១,១០០នាក់ មកពី ៤០ប្រទេស និង​តំបន់ផងដែរ។

ក្នុងសន្និសីទនេះ បាន​ពិភាក្សាផ្តោតជាសំខាន់អំពីបញ្ហាដែលកំពុងប្រឈមនៅក្នុងតំបន់អាស៊ី និងជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការអន្តរជាតិ។ ក្នុងពិធីបើកសន្និសីទនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់កិត្តិយស​ថ្លែង​សុន្ទរកថាគន្លឹះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ជាមួយនឹងវត្តមានជាង ២០ ឆ្នាំកន្លងមកនេះ វេទិកាបូអាវ​សម្រាប់​អាស៊ី ត្រូវបានទទួលស្គាល់ថា ជាវេទិកាប្រកបដោយឥទ្ធិពលមួយ សម្រាប់ការរៀបចំរបៀប​វារៈ​ថ្នាក់​តំបន់ និងសកលលោក ដោយបានពាំនាំនូវសំឡេង និងបញ្ញាញាណរបស់អាស៊ី នៅក្នុងការដោះ​ស្រាយបញ្ហាប្រឈមដ៏លំបាកនានា នៅក្នុងកិច្ចខិតខំប្រឹងប្រែងកសាងពិភពលោកមួយ​ដែលមាន​សន្តិ​ភាព និងឈានទៅរកភាពកាន់តែប្រសើរសម្រាប់ទាំងអស់គ្នា។

នៅចំពោះមុខអ្នកចូលរួមរាប់ពាន់នាក់ សម្តេចតេជោ ហ៊ុន សែន បានលើកបញ្ហានានា ដែលកំពុងកើត​មាន​​នៅលើពិភពលោក បង្កជាផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ដែលបានកើតមានទៅលើជនស៊ីវិលស្លូតត្រង់ ក៏ដូច​ជា​លើសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ បញ្ហាដែលសម្តេចបានគូសរំលេចនោះ មានដូចជា​សង្គ្រាមនៅ​អ៊ុយក្រែនបានឈានចូលដល់ឆ្នាំទីបី ហើយជាអកុសល មិនទាន់បានឃើញពន្លឺ នៃសន្តិភាពនោះឡើយ ។ រីឯសង្គ្រាមរវាងអីស្រាអែល និងក្រុមហាម៉ាស់ ក៏នៅតែបន្តបង្កឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន។

សម្តេចតេជោ បានបង្ហាញក្តីពេញចិត្ត និងក្តីរីករាយ ចំពោះសកម្មភាពសម្រុះសម្រួល​ឆ្លងប្រទេស​យ៉ាង​សកម្ម​របស់ចិន ដើម្បីស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន។ សម្តេចតេជោ បានបង្ហាញការជឿជាក់ថា សកម្មភាពបែបនេះ នឹងក្លាយជាគំរូដ៏ល្អសម្រាប់តួអង្គដែលមានការទទួលខុសត្រូវផ្សេងទៀត នៃសហ​គមន៍​អន្តរជាតិ នៅក្នុងការជួយពន្លឿនការចរចា និងឈានទៅសម្រេចបានបទឈប់បាញ់ នៅក្នុងអ៊ុយ​ក្រែន ក៏ដូចជានៅក្នុងតំបន់ផ្សេងទៀត នៃពិភពលោក ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម និង ជម្លោះ។

សម្តេចតេជោ ក៏បានទាញចំណាប់អារម្មណ៍ផងដែរថា តំបន់អាស៊ី ក៏មានចំណុចរំញោចជាច្រើន ដែលអាច​ធ្វើឱ្យជម្លោះផ្ទុះឡើង ប្រសិនបើមេដឹកនាំនៅអាស៊ីមិនពិគ្រោះយោបល់ និងប្រាស្រ័យទាក់ទងគ្នា ដើម្បី​ដោះ​​ស្រាយភាពខ្វែងគំនិតគ្នាប្រកបដោយខ្លឹមសារ និងការទទួលខុសត្រូវ។

សម្តេចតេជោ បានបញ្ជាក់ថា ក្តីបារម្ភរបស់ខ្ញុំនាពេលបច្ចុប្បន្ន គឺទៅលើទិដ្ឋភាពដែលភូមិសាស្ត្រ​នយោ​បាយ​នៅតែបន្តគ្របដណ្តប់ទៅលើរបៀបវារៈសេដ្ឋកិច្ចសកល។ ព័ត៌មាន នៃការធ្លាក់ចុះសេដ្ឋកិច្ច ឬ វិបត្តិ​តាម​វិស័យនៅ ក្នុងប្រទេសមួយ បានក្លាយជាហេតុផលប្រកាសជ័យជម្នះ សម្រាប់តំបន់ផ្សេងទៀត​ក្នុងពិភពលោក ។ ការបោះឆ្នោតប្រជាធិបតេយ្យ បានក្លាយជាឱកាស ដើម្បីធ្វើការសន្យាជ្រុលនិយម, ធ្វើ សកម្មភាពប្រទូស្តប្រឆាំង និង ជំរុញផលប្រយោជន៍អាត្មានិយម ដោយមិនបានគិតគូរដល់ផលប្រយោជន៍​សកល និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើវិធានច្បាប់។ លើសពីនេះ ការសើរើរចនាសម្ព័ន្ធ នៃខ្សែ​ច្រ​វាក់​​ផ្គត់ផ្គង់នាពេលបច្ចុប្បន្ន មិនបានលើកទឹកចិត្តឱ្យមានការទទួលបាននូវវិបុលភាព និងការផ្ទេរ​បច្ចេក​វិទ្យាដោយបើកចំហ, មិនរើសអើង និងមានសមធម៌នោះទេ, ប៉ុន្ត ផ្ទុយទៅវិញ, បានជំរុញឱ្យមានការបង្រួម​កាន់តែតូចទៅ នៃរង្វង់ប្រទេសមួយក្រុម ដែលចង់ធ្វើឱ្យប្រទេសផ្សេងទៀត ធ្លាក់ចុះខ្សោយ។

ជាមួយនឹងការលើកឡើងបញ្ហាទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការទទួលខុស​ត្រូវ​រួមរបស់ប្រទេសនៅក្នុងតំបន់អាស៊ី គឺការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ដើម្បីធានាថា​ លទ្ធ​ផល នៃការកាត់បន្ថយភាពក្រីក្រ មិនវិលត្រឡប់ថយ ក្រោយ និង ការធានាជំរុញឱ្យកាន់តែប្រសើរ​ឡើង​នូវការអភិវឌ្ឍអនាគត ដើម្បីវិបុលភាពរួមគ្នា។

សម្តេចតេជោបន្តថា អាស៊ីបានសម្រេចការអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយបានដើរតួជាក្បាលម៉ាស៊ីនដឹកនាំ​កំណើន, ជាពិសេសក្នុងអំឡុងពេលដ៏លំបាកមួយ ដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់កំរិតខ្សោយ​បំផុត បើប្រៀបធៀបជារួម នៅក្នុងរយៈកាល ៣ទសវត្សរ៍ចុងក្រោយ។ កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ អាស៊ី និង ឋានៈជាមជ្ឈមណ្ឌលផលិតកម្ម និង ពាណិជ្ជកម្មរបស់ពិភពលោក បានផ្ដល់ឱ្យអាស៊ី នូវតួនាទីសកលដ៏សំខាន់មួយ ។ បើទោះបីជាសេដ្ឋកិច្ចពិភពលោកមានកំណើនទាប និង ត្រូវ ប្រឈមនឹងការសើរើរចនាសម្ព័ន្ធខ្សែច្រវាក់ផ្គត់ផ្គង់នាពេលថ្មីៗនេះក៏ដោយ ក៏សេដ្ឋកិច្ចអាស៊ី ទាំងមូល ត្រូវបានគេរំពឹងថា នឹងអាចរួមចំណែក ៦០% ដល់កំណើន ផ.ស.ស. ជាក់ស្តែងរបស់ ពិភពលោក ក្នុងឆ្នាំខាងមុខនេះ ។

ក្នុងន័យនេះ តំបន់អាស៊ីមានភាពចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីរក្សាបាននូវសន្ទុះវិជ្ជមាន។ សម្តេចតេជោ បានលើកឡើងថា អាស៊ីត្រូវតែដឹកនាំដោយគោលការណ៍ពហុភាគីនិយម ដែលផ្អែកលើ វិធានច្បាប់ ដែល​បម្រើ​ឱ្យយើងទាំងអស់គ្នា មិនមែនសម្រាប់តែក្រុមប្រទេសណាមួយនោះទេ។ បន្ថែមពីលើនេះ ត្រូវតែបន្ត​ខិត​ខំធ្វើសមាហរណកម្មឱ្យកាន់តែស៊ីជម្រៅ និង ជំរុញការតភ្ជាប់ឱ្យកាន់តែប្រសើរ ជាជាងជំរុញការ​កាត់​ផ្តាច់ និងការរាំងស្ទះ។ មិនតែប៉ុណ្ណោះ អាស៊ី ត្រូវតែទទួលស្គាល់ថា គោលការណ៍ពហុភាគីនិយម គឺជា​គោល​ការណ៍​ដែលបានគាំទ្រដល់សកលភាវូបនីយកម្ម, ការអភិវឌ្ឍប្រកបដោយ ចីរភាព និង ការកាត់​បន្ថយ​ភាពក្រីក្រ ដែលផ្ដល់ផលប្រយោជន៍ជាក់ស្តែងដល់ពិភពលោកយើង មកដល់ពេលនេះ។

ក្នុងសុន្ទរកថានោះ សម្តេចតេជោ បានកោតសរសើរប្រទេសចិន ចំពោះការទទួលបន្ទុក ក៏ដូចជាការ ទទួល​ខុសត្រូវ​ដ៏ធ្ងន់ នៅក្នុងតួនាទីជាអ្នកដឹកនាំសកល ដើម្បីគាំទ្រដល់ការរីកចម្រើនរបស់បណ្ដា ប្រទេស ចាប់ពីទ្វីបអាស៊ី, អាហ្វ្រិក រហូតដល់អាមេរិកឡាទីន។ គំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និង ផ្លូវ» បានគាំទ្រដល់​ការ​កសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅក្នុងបណ្តាទ្វីបនានា។ សម្រាប់សម្តេចតេជោ ហ៊ុន សែន ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទាំងនេះ គឺជាផ្នែកមួយមិនអាចខ្វះបាន សម្រាប់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ និង កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន នៃបណ្តាប្រទេសដែលជាភាគីទទួលផល រាប់ទាំង ប្រទេស​កម្ពុជាផង។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា គេត្រូវតែទទួលស្គាល់ថា ម៉ូឌែលនៃការរីកចម្រើន និង ការអភិវឌ្ឍ​របស់​ចិន បានអនុញ្ញាតឱ្យប្រទេសផ្សេងទៀត ទទួលបានវិបុលភាពជាមួយគ្នា ពោលគឺមិនមែនបោះបង់ ប្រទេស​ដទៃ ដើម្បីកំណើនរបស់ខ្លួននោះឡើយ។

ក្រៅតែពីការអញ្ជើញចូលរួមក្នុងសន្និសីទខាងលើនេះ ក្នុងដំណើរបំពេញបេសកកម្មការងារនៅប្រទេសចិន​៣ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញបំពេញទស្សនកិច្ចនៅវិទ្យាស្ថានកសិកម្មត្រូពិក និង​ទីក្រុង​អវកាសអន្តរជាតិ នៅទីក្រុងវិនឆាង ខេត្តហៃណាន ប្រទេសចិនផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបក្ស និងក្រុមហ៊ុនរបស់ចិន​មួយ​ចំនួន​ផងដែរ រួមមាន៖ជំនួបជាមួយលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃសភា​តំណាង​ប្រជាជនចិន, លោក ឈិន ចុង សមាជិកគណ:កម្មាធិការអចិន្ត្រៃយ៍គណ:កម្មាធិការបក្ស និងជាប្រធាន​គ្រប់គ្រង់ទូទៅ នៃក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន (CCCC), លោក ហ្វេង ហ្វៃ លេខាធិការបក្ស​កុម្មុយនិស្តចិន, នាយឧត្តមសេនីយ៍ ហឺ វ័យទុង សមាជិកការិយាល័យនយោបាយមជ្ឍិមបក្ស និងជាអនុ​ប្រធាន​ទី២ នៃគណៈកម្មការយោធាមជ្ឈិមបក្ស៕

អត្ថបទ​ដោយ៖ SREY Moch

Related post

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងសហប្រធាន ICAPP ដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព»

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងសហប្រធាន ICAPP ដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ…

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក Mushahid Hussain Sayed សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព»…
ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញថ្លែងបិទមហាសន្និបាត ICAPP លើកទី១២

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញថ្លែងបិទមហាសន្និបាត ICAPP លើកទី១២

មហាសន្និបាត នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលធ្វើឡើងនៅកម្ពុជារយៈពេល៣ថ្ងៃ បានឈានដល់ការបិទបញ្ចប់ហើយ​នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ពិធីបិទនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី ១២។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ICAPP…
ថ្ងៃនេះខួបលើកទី២៦ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន រួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅទីក្រុងសៀមរាប, សម្តេចមិនផ្តល់ឱកាសឱ្យក្រុមឃាតករលាក់មុខ ដែលជាភេរវករ បំផ្លាញជាតិ និងប្រជាជនតទៅទៀតទេ

ថ្ងៃនេះខួបលើកទី២៦ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន រួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅទីក្រុងសៀមរាប, សម្តេចមិនផ្តល់ឱកាសឱ្យក្រុមឃាតករលាក់មុខ ដែលជាភេរវករ បំផ្លាញជាតិ…

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហោះសារបញ្ជាក់ថា នៅថ្ងៃនេះ ជាខួបលើកទី២៦ឆ្នាំ ដែលសម្តេចបានរួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅក្រុងសៀមរាប កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨។ ជាមួយនឹងការរំលឹកខួប២៦ឆ្នាំនេះ នៃការរួចជីវិតពីការប៉ុនប៉ងសម្លាប់សម្តេច ពីសំណាក់ពួកឃាតករលាក់មុខនេះ សម្តេចតេជោបានអរព្រះគុណ ដល់គុណបុណ្យវត្ថុស័ក្តិសិទ្ធក្នុងលោក ដែលតាមការពារសម្តេច…