ប្រធានរដ្ឋសភាថៃ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា ចាប់តាំងពីពេលមុន និងក្រោយវិបត្តិកូវីដ១៩

ប្រធានរដ្ឋសភាថៃ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា ចាប់តាំងពីពេលមុន និងក្រោយវិបត្តិកូវីដ១៩

លោក វ៉ាន់មូហាម៉ាត់ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ចាប់តាំងពីពេលមុន និងក្រោយវិបត្តិកូវីដ១៩ ធ្វើឱ្យប្រទេសកម្ពុជាមានការរីកចម្រើនជាខ្លាំងខុសពីមុនប្រៀបដូចមេឃ និងដី។

ការវាយតម្លៃបែបនេះរបស់ប្រធានរដ្ឋសភាថៃ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២​ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលលោកត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។

ក្នុងឱកាសនោះ លោក វ៉ាន់មូហាម៉ាត់ណ មៈថា បានកត់សម្គាល់ឃើញថា ការវិនិយោគទុនរវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ព្រមទាំងមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើងលើគ្រប់វិស័យ។

ប្រធានរដ្ឋសភាថៃ បានគូសបញ្ជាក់ថា សភានៃប្រទេសទាំងពីរ មានក្រុមមិត្តភាព និងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយគ្នា និងសូមឱ្យទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែសកម្មថែមទៀត ដើម្បីបុព្វហេតុរួមនៃប្រទេស និងប្រជាជនទាំងពីរ

សម្តេចប្រមុខរដ្ឋស្តីទី បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៅកម្ពុជានាឱកាសនេះពិតជាបានរួមចំណែកថែរក្សាពូនជ្រំចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អដែលមានស្រាប់រវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

សម្តេចប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនងគ្នាល្អជាបន្តបន្ទាប់ និងបានដំឡើងកម្រិតទៅជា «ភាពជាដៃគូយុទ្ធសាស្រ្ត» ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ។ ប្រទេសទាំងពីរប្រកាន់របបនយោបាយរាជានិយម មានព្រះមហាក្សត្រគ្រងព្រះបរមសិរីរាជ្យសម្បត្តិ មានប្រពៃណី វប្បធម៌ មានព្រំដែនជាប់គ្នា និងប្រើប្រាស់ប្រភពទឹកទន្លេមេគង្គដូចគ្នា។ ភាពដូចគ្នាទាំងនេះ ធ្វើឱ្យប្រជាជនទាំងពីរ មានមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នាដ៏ជ្រាលជ្រៅ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា ឆ្នាំ២០២៥ ខាងមុខនេះ គឺជាខួប ៧៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ។ សម្តេចបានអបអរសាទរចំពោះនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានឯកភាពគ្នាបង្កើតកម្មវិធីរួមគ្នាជាច្រើនដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នៃប្រទេសទាំងពីរ។ ជាមួយគ្នានោះ សម្តេចបានប្រសិទ្ធពរជូនរដ្ឋាភិបាលថៃ ទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ កីឡាស៊ីហ្គេម លើកទី៣៣ នៅឆ្នាំ២០២៥។

សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅចំពោះព្រះរាជហឫទ័យ ដ៏ទូលំទូលាយ របស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន ដែលបានជួយបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងបានផ្តល់អាហារូបករណ៍ជាបន្តបន្ទាប់ដល់និស្សិតកម្ពុជា ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ប្រមាណជាង៣ពាន់នាក់។

សម្តេចប្រមុខរដ្ឋស្តីទី បានអបអរសារចំពោះរដ្ឋាភិបាលទាំងពីរ និងគាំទ្រគំនិតផ្តួចផ្តើម «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ» ហើយខិតខំជំរុញឱ្យអាជ្ញាធរខេត្តនៃប្រទេសទាំងពីរ បន្តសម្រួលការធ្វើដំណើរឆ្លងដែនរវាងប្រទេសទាំងពីរ និងអ្នកទេសចរមកពីប្រទេសទី៣ ហើយលើកកម្ពស់ទេសចរណ៍ តាមផ្លូវសមុទ្ររវាងប្រទេសទាំងពីរ។ សម្តេចបានវាយតម្លៃខ្ពស់ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្រ្តីថៃ «ប្រទេស៥ គោលដៅតែមួយ» រួមមាន៖ ប្រទេសថៃ កម្ពុជា ឡាវ វៀតណាម និងម៉ាឡេស៊ី ដើម្បីលើកកម្ពស់ទេសចរណ៍ និងការតភ្ជាប់ប្រជាជននិងប្រជាជន។

សម្តេចបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានយកចិត្តទុកដាក់ជួយសម្រួលបែបបទដល់ពលករកម្ពុជាដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ តាមរយៈការបញ្ចុះតម្លៃទិដ្ឋាការពលករ និងថ្លៃបន្តទិដ្ឋាការសម្រាប់ពលករ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ និងជួយបណ្តុះបណ្តាលភាសាថៃ បណ្តុះបណ្តាលវិជ្ជាជីវៈដល់ពលករកម្ពុជា។ សម្តេចមានជំនឿជាក់ថាលោកក៏ដូចជារាជរដ្ឋាភិបាលថៃនឹងបន្តជួយយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសថៃ។ ការយកចិត្តទុកដាក់ លើបញ្ហាពលករកម្ពុជា គឺជានយោបាយឈ្នះឈ្នះ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសទាំងពីរ។

សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការផ្នែកនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដែលឆ្លុះបញ្ចាំងតាមរយៈទស្សនកិច្ច ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិ ដូចជា  សហភាពអន្តរសភា IPU, AIPA, វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក, ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP)។

តាមរយៈសម្តេចសូមប្រធានរដ្ឋសភា មេត្តាជួយពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខដោយ សេចក្តីរាប់អាន និងនឹករលឹកពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងថ្នាក់ដឹកនាំកម្ពុជា ទូលថ្វាយ ព្រះបាទសម្តេចព្រះ វ៉ាជីរ៉ា ក្លៅ ចៅ យូហួរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ ព្រមទាំងសម្តេចព្រះនាង ចៅ ព្រះបរមរាជនី និងជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃព្រះរាជាណាចក្រថៃ៕

អត្ថបទ​ដោយ៖ SREY Moch

Related post

លោកកស្រី​ Paetongtarn Shinawatra : ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង

លោកកស្រី​ Paetongtarn Shinawatra : ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង

ដោយផ្តេីមជាមួយនូវឃ្លាដ៏គួរឲ្យចាប់អារម្មណ៍​គឺ​ “​ ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង​ “​ លោកកស្រី​ Paetngtarn Shinawatra បានបង្ហោះលេីបណ្តាញហ្វេសប៊ុកផ្លូវការរបស់ខួន​ នាវេលាម៉ោង​ ៤:៣០​ នាទីល្ងាច​ ថ្ងៃ​ទី​ ១១​ ​ខែមិថុនា​ ឆ្នាំ​២០២៥​ ស្តីអំពី​សកម្មភាព​ចុះសួរសុខទុក្ខ​កងទ័ព​ថៃ​នាស្រុកកាចែត​ ខេត្ត​សុរិន្ទ​ ដែលជាខេត្តជាប់ព្រំដែននឹងខេត្ត​ឧត្តរមានជ័យ​ នាច្រកអូរស្មាច់​ ។…
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវឱ្យមន្ត្រី-បុគ្គលិកទាំងអស់ ត្រៀមខ្លួនជួយគាំទ្រដល់អ្នកផ្តល់សេវានៅជួរព្រំដែនទាំងស្មារតី និងសម្ភារៈ ជាពិសេសក្នុងគ្រាអាសន្ន

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវឱ្យមន្ត្រី-បុគ្គលិកទាំងអស់ ត្រៀមខ្លួនជួយគាំទ្រដល់អ្នកផ្តល់សេវានៅជួរព្រំដែនទាំងស្មារតី និងសម្ភារៈ ជាពិសេសក្នុងគ្រាអាសន្ន

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យសហភាតរៈទាំងអស់ត្រៀមខ្លួន ជួយគាំទ្រដល់អ្នកផ្តល់សេវានៅជួរព្រំដែនទាំងស្មារតី និងសម្ភារៈជាពិសេសក្នុងគ្រាអាសន្ន។ ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ក្នុងឳកាសធ្វើបទបាឋកថា ក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទ ក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,៤៧២នាក់…
កម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ

កម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ

(នីស, បារាំង)៖ នៅទីក្រុងនីស ប្រទេសបារាំង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានសិទិ្ធប្រទានពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ ការចុះហត្ថលេខានេះ…