សម្តេចតេជោ ហ៊ុន សែន គាំទ្រពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ លើការទប់ស្កាត់ ការជួញដូរគ្រឿងញឿន និងឧក្រិដ្ឋកម្មឆ្លងដែន
- នយោបាយ និងការបរទេស
- March 17, 2024
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងអំណាច បានប្រកាសឯកភាព និងគាំទ្រយ៉ាងពេញទំហឹងចំពោះស្មារតីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឡាវ ក្នុងការទប់ស្កាត់ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនប្រទេសទាំងពីរ។
សម្តេចតេជោ ប្រកាសឯកភាព និងគាំទ្រលើកិច្ចសហប្រតិបត្តិការនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយលោក វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ លោក វិល័យ ឡាខាំហ្វង បានថ្លៃងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូ បានជួបសំដែងការគួរសមនៅពេលនេះ។ ក្នុងជំនួបគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបសម្ដេចតេជោ អំពីលទ្ធផលនៃជំនួបរវាងថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃកម្ពុជា ជាមួយសមភាពគីឡាវ ដែលភាគីទាំងពីរ បានឯកភាពគ្នាក្នុងការងារសម្រាប់ឆ្នាំ២០២៤ ដោយផ្ដោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ រវាងប្រទេសទាំងពីរ។
លោក វិល័យ ឡាខាំហ្វង បន្តថា ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រីអភិសន្តិបណ្ឌិត ស សុខា ភាគីទាំងពីរបានឯកភាពគ្នាជំរុញការអប់រំប្រជាជន កងកម្លាំងប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែន ឱ្យយល់ច្បាស់អំពីច្បាប់ និងគោរពច្បាប់ ដើម្បីកុំឱ្យមានការឆ្លងដែនខុសច្បាប់ទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរ ជំរុញការអភិវឌ្ឍន៍រួមគ្នានៅតាមបណ្ដាខេត្តជាប់ព្រំដែន រួមគ្នាទប់ស្កាត់ការរត់ពន់គ្រឿងញៀនខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ជំរុញកិច្ចសហប្រតិបត្តិការនៃបណ្ដាខេត្តជាប់ព្រំដែនប្រទេសទាំងពីរ តាមរយៈការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកឱ្យបានទៀងទាត់ និងទាន់ពេលវេលា។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងសន្តិសុខសាធារណៈរបស់ឡាវនៅកម្ពុជានាពេលនេះ និងសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះ នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា និងឡាវ ជាពិសេសលើផ្នែកកិច្ចការសន្តិសុខ ដែលប្រទេសទាំងពីរ ជាប្រទេសភូមិផងរបងជាមួយគ្នា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការនាំនូវការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំឡាវជូនចំពោះសម្ដេច។ សម្ដេចតេជោ បានឯកភាពចំពោះការលើកឡើងរបស់ភាគីមិត្តឡាវ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើការងារសន្តិសុខ ដោយរួមគ្នាទប់ស្កាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្សឆ្លងដែន។ល។
សម្ដេចតេជោ បានសម្ដែងការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើផ្នែកសេដ្ឋកិច្ច ថាមពល និងវិស័យផ្សេងៗទៀត ដែលត្រូវបានពង្រឹង និងពង្រីកជាលំដាប់។ តាមរយៈប្រធានគណៈប្រតិភូ សម្តេចតេជោ បានផ្ដាំផ្ញើសាកសួរសុខទុក្ខ ជូនលោក ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានាធិបតីឡាវ ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគោរពអញ្ជើញលោក ថងលូន ស៊ីសូលីត មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលវេលាសមស្របខាងមុខផងដែរ៕