ប្រធានរដ្ឋសភាបារាំងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក្នុងកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីនៅសាធារណរដ្ឋបារាំង ដើម្បីការពារផលប្រយោជន៍ស្រ្តីលើសកលលោក

ប្រធានរដ្ឋសភាបារាំងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក្នុងកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីនៅសាធារណរដ្ឋបារាំង ដើម្បីការពារផលប្រយោជន៍ស្រ្តីលើសកលលោក

លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា​ នៅសាធារណរដ្ឋបារាំង និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី ដែលសភាប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះ ក្នុងគោលបំណងប្រមូលផ្តុំសំឡេងតំណាងពលរដ្ឋជាស្រ្តី ដើម្បីការពារផលប្រយោជន៍ស្រ្តីនៅទូទាំងពិភពលោក។

លោកជំទាវប្រធានរដ្ឋសភាបារាំង បានលើកឡើងដូច្នេះ នៅក្នុងឱកាសជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភាកម្ពុជា នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភាបារាំង នាទីក្រុងប៉ារីស។

សម្តេចរដ្ឋសភាធិបតី និងលោកជំទាវប្រធានរដ្ឋសភាបារាំង បានសម្តែងសេចក្តីរីករាយ ដោយបានឃើញទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង​ មានការរីកចម្រើនជាលំដាប់ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ​ និងនីតិប្រតិបត្តិ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-បារាំង មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រទេស​ និងប្រជាជនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែកដល់ការរក្សាបាននូវគោលការណ៍ពហុភាគីនិយម លើកកម្ពស់យន្តការសន្ទនា ថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ជូនពលរដ្ឋជាសកល ក្នុងខណៈដែលសកលលោកនាពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅស្ថានភាពមួយមិនច្បាស់លាស់ ប្រែប្រួលយ៉ាងឆាប់រហ័ស ព្រមទាំងមានការផ្ទុះឡើងនូវសង្រ្គាមក្នុងតំបន់នានាមួយចំនួន។

សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសបារាំង ដែលជានិច្ចកាលបានជួយគាំទ្រ និងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា តាំងពីដើមរៀងរហូតមក ជាពិសេសក្នុងការផ្តួចផ្តើមបង្កើតបាននូវសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងពីការរីកចម្រើនរបស់កម្ពុជាមកដល់ពេលបច្ចុប្បន្ននេះ ដែលរាល់សមិទ្ធផលទាំងនេះមិនអាចកាត់ផ្តាច់បានពីការគាំទ្រដ៏មានតម្លៃរបស់មិត្តបារាំងនោះឡើយ។ បារាំងបានគាំទ្រគម្រោងនានាលើវិស័យជាច្រើននៅកម្ពុជា ជាពិសេសវិស័យសុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស ច្បាប់ កសិកម្ម និងទឹកស្អាតជាដើម។

សម្តេចប្រធានរដ្ឋសភា បានស្នើសុំឱ្យសភាបារាំងជួយផ្តល់ការបណ្តុះបណ្តាលមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ​ និងឈានទៅជាប្រទេសដៃគូយុទ្ធសាស្រ្ត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងគ្នានៅគ្រប់កម្រិត មានកម្រិតគណៈកម្មការជំនាញ អគ្គលេខាធិការដ្ឋាន និងអ្នកស្រាវជ្រាវកិច្ចការសភាជាដើម។ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ប្រទេសបារាំងលើកកម្ពស់ទំហំពាណិជ្ជកម្ម​ និងទេសចរណ៍នៃប្រទេសទាំងពីរឱ្យកើនឡើង ព្រមទាំងលើកកម្ពស់ទំនាក់ទំនងប្រជាជន​ និងប្រជាជន​ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

ជាមួយគ្នានេះ លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ បានសម្តែងក្តីរីករាយ ដែលភាសាបារាំងនៅតែបានប្រើប្រាស់យ៉ាងទូលំទូលាយនៅកម្ពុជា។ ភាគីបារាំងបានស្នើដល់ភាគីកម្ពុជា ជួយគាំទ្រដល់ការពង្រីកការអប់រំភាសាបារាំងដល់យុវជនជំនាន់ក្រោយបន្ថែមទៀត ជាពិសេសការបង្កើតសាលារៀនបានច្រើន​ និងមានផាសុខភាព ងាយស្រួលដល់ការសិក្សារបស់សិស្ស។

សូមជម្រាបថា សម្តេចរដ្ឋសភាធិបតី បានកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីសកលលោកលើកទី១ ដែលសភាប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះ។

ដំណើរទស្សនកិច្ច​ និងការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីរបស់សម្តេចប្រធានរដ្ឋសភា នៅប្រទេសបារាំងនាពេលនេះ មិនត្រឹមជាការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា​ និងបារាំង ឱ្យកាន់តែរឹងមាំថែមប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសល្អមួយរបស់រដ្ឋសភាកម្ពុជា ក្នុងការពង្រឹងវិស័យការទូតសភា​ និងបណ្តាញសមាជិកសភាស្រ្តី ជាមួយសភានានានៅលើសកលលោក ក្នុងការលើកកម្ពស់សមភាពយេនឌ័រ គោលការណ៍ពហុភាគីនិយម ដើម្បីថែរក្សា ការពារសុខសន្តិភាព ស្ថិរភាព វិបុលភាពសង្គម និងបរិយាបន្នជូនប្រជាពលរដ្ឋប្រកបដោយចីរភាព ផងដែរ​ ៕

Related post

សម្តេចតេជោ៖ សូមបងប្អូនកុំពង្រីកបញ្ហា ឈានដល់ការស្អប់ខ្ពើមជាតិសាសន៍ ដោយរក្សាភាពស្ងប់ស្ងាត់ ដើម្បីរដ្ឋាភិបាលដោះស្រាយព្រំដែនជាមួយថៃដោយសន្តិវិធី

សម្តេចតេជោ៖ សូមបងប្អូនកុំពង្រីកបញ្ហា ឈានដល់ការស្អប់ខ្ពើមជាតិសាសន៍ ដោយរក្សាភាពស្ងប់ស្ងាត់ ដើម្បីរដ្ឋាភិបាលដោះស្រាយព្រំដែនជាមួយថៃដោយសន្តិវិធី

រយៈពេលពីរបីថ្ងៃចុងក្រោយនេះ សម្តេចតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារជា បន្តបន្ទាប់នៅលើបណ្តាញសង្គមដោយបានអំនាវនាវដល់ជនរួមជាតិអោយរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែម៉ឺងម៉ាត់មិនទុកឱ្យបរទេសប្រមាថ។ សម្តេចតេជោ បានបង្ហោះសារថា សូមកុំធ្វើឱ្យបញ្ហាប្រឈមុខនៅព្រំដែនជាមួយថៃនេះក្លាយជាបញ្ហា នៃអារម្មណ៍ជាតិសាសន៍ ឬជាតិនិយមជ្រុល។ ហើយម្សិលមិញនេះ សម្តេចតេជោ បានបង្ហោះសារមួយទៀត ដោយបានសរសេរថាសម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង…
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ នយោបាយ «ឈ្នះឈ្នះ» គឺជាស្នូលនៃដំណោះស្រាយបញ្ហារបស់មេដឹកនាំយើង

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ នយោបាយ «ឈ្នះឈ្នះ» គឺជាស្នូលនៃដំណោះស្រាយបញ្ហារបស់មេដឹកនាំយើង

(ភ្នំពេញ)៖ ក្រោយពីទទួលបានព័ត៌មានស្តីពីការសម្រួលកងទ័ពរវាងប្រទេសទាំងពីរ ដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំមួយ ដែលហៀបនឹងផ្ទុះឡើងទៅហើយនោះ មានបងប្អូនជនរួមជាតិយើងជាច្រើនបានសាទរ និងធូរទ្រូង ប៉ុន្តែក៏មានបងប្អូនយើងមួយចំនួនហាក់មិនអស់ចិត្ត ចំពោះព័ត៌មាននេះ។ បើតាមការលើកឡើងរបស់ឯកឧត្តម ប៉ែន ប៉ូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។ ឯកឧត្តម ប៉ែន ប៉ូណា បានលើកឡើងជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំសូមបងប្អូនពិចារណាលើចំណុចមួយចំនួនដូចតទៅ៖ ទី១៖ ការបញ្ចៀសសង្គ្រាមដ៏ធំមួយកុំឱ្យផ្ទុះឡើងដោយភាគីទាំងពីរសុខចិត្តសម្រួលកម្លាំងរៀងៗខ្លួន គឺជានយោបាយឈ្នះឈ្នះមួយទៀតដែលថ្នាក់ដឹកនាំយើងសម្រេចបានសម្រាប់ប្រទេសជាតិនិងប្រជាជនយើង។ បើសិនជាសង្គ្រាមនេះផ្ទុះឡើងមែន វាមានទំហំធំជាងសង្គ្រាមព្រះវិហារឆ្ងាយណាស់។…
សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ចុះសួរសុខទុក្ខ នាយទាហាន​ ពលទាហាន​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ

សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ចុះសួរសុខទុក្ខ នាយទាហាន​ ពលទាហាន​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ

សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឥស្សរជនកម្ពុជាដែលធ្លាប់តតាំងក្តីឈ្នះថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៨ ខែមិថុនា​ ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ នាយទាហាន​ ពលទាហាន​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ដែល​ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ។ ការចុះសួរសុខទុក្ខរបស់សម្ដេចឥស្សរវិទេសបញ្ញា អតីតប្រមុខការទូតកម្ពុជា…