ប្រធានរដ្ឋសភាបារាំងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក្នុងកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីនៅសាធារណរដ្ឋបារាំង ដើម្បីការពារផលប្រយោជន៍ស្រ្តីលើសកលលោក

ប្រធានរដ្ឋសភាបារាំងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក្នុងកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីនៅសាធារណរដ្ឋបារាំង ដើម្បីការពារផលប្រយោជន៍ស្រ្តីលើសកលលោក

លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា​ នៅសាធារណរដ្ឋបារាំង និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី ដែលសភាប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះ ក្នុងគោលបំណងប្រមូលផ្តុំសំឡេងតំណាងពលរដ្ឋជាស្រ្តី ដើម្បីការពារផលប្រយោជន៍ស្រ្តីនៅទូទាំងពិភពលោក។

លោកជំទាវប្រធានរដ្ឋសភាបារាំង បានលើកឡើងដូច្នេះ នៅក្នុងឱកាសជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភាកម្ពុជា នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភាបារាំង នាទីក្រុងប៉ារីស។

សម្តេចរដ្ឋសភាធិបតី និងលោកជំទាវប្រធានរដ្ឋសភាបារាំង បានសម្តែងសេចក្តីរីករាយ ដោយបានឃើញទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង​ មានការរីកចម្រើនជាលំដាប់ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ​ និងនីតិប្រតិបត្តិ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-បារាំង មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រទេស​ និងប្រជាជនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែកដល់ការរក្សាបាននូវគោលការណ៍ពហុភាគីនិយម លើកកម្ពស់យន្តការសន្ទនា ថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ជូនពលរដ្ឋជាសកល ក្នុងខណៈដែលសកលលោកនាពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅស្ថានភាពមួយមិនច្បាស់លាស់ ប្រែប្រួលយ៉ាងឆាប់រហ័ស ព្រមទាំងមានការផ្ទុះឡើងនូវសង្រ្គាមក្នុងតំបន់នានាមួយចំនួន។

សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសបារាំង ដែលជានិច្ចកាលបានជួយគាំទ្រ និងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា តាំងពីដើមរៀងរហូតមក ជាពិសេសក្នុងការផ្តួចផ្តើមបង្កើតបាននូវសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងពីការរីកចម្រើនរបស់កម្ពុជាមកដល់ពេលបច្ចុប្បន្ននេះ ដែលរាល់សមិទ្ធផលទាំងនេះមិនអាចកាត់ផ្តាច់បានពីការគាំទ្រដ៏មានតម្លៃរបស់មិត្តបារាំងនោះឡើយ។ បារាំងបានគាំទ្រគម្រោងនានាលើវិស័យជាច្រើននៅកម្ពុជា ជាពិសេសវិស័យសុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស ច្បាប់ កសិកម្ម និងទឹកស្អាតជាដើម។

សម្តេចប្រធានរដ្ឋសភា បានស្នើសុំឱ្យសភាបារាំងជួយផ្តល់ការបណ្តុះបណ្តាលមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ​ និងឈានទៅជាប្រទេសដៃគូយុទ្ធសាស្រ្ត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងគ្នានៅគ្រប់កម្រិត មានកម្រិតគណៈកម្មការជំនាញ អគ្គលេខាធិការដ្ឋាន និងអ្នកស្រាវជ្រាវកិច្ចការសភាជាដើម។ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ប្រទេសបារាំងលើកកម្ពស់ទំហំពាណិជ្ជកម្ម​ និងទេសចរណ៍នៃប្រទេសទាំងពីរឱ្យកើនឡើង ព្រមទាំងលើកកម្ពស់ទំនាក់ទំនងប្រជាជន​ និងប្រជាជន​ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

ជាមួយគ្នានេះ លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ បានសម្តែងក្តីរីករាយ ដែលភាសាបារាំងនៅតែបានប្រើប្រាស់យ៉ាងទូលំទូលាយនៅកម្ពុជា។ ភាគីបារាំងបានស្នើដល់ភាគីកម្ពុជា ជួយគាំទ្រដល់ការពង្រីកការអប់រំភាសាបារាំងដល់យុវជនជំនាន់ក្រោយបន្ថែមទៀត ជាពិសេសការបង្កើតសាលារៀនបានច្រើន​ និងមានផាសុខភាព ងាយស្រួលដល់ការសិក្សារបស់សិស្ស។

សូមជម្រាបថា សម្តេចរដ្ឋសភាធិបតី បានកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីសកលលោកលើកទី១ ដែលសភាប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះ។

ដំណើរទស្សនកិច្ច​ និងការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីរបស់សម្តេចប្រធានរដ្ឋសភា នៅប្រទេសបារាំងនាពេលនេះ មិនត្រឹមជាការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា​ និងបារាំង ឱ្យកាន់តែរឹងមាំថែមប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសល្អមួយរបស់រដ្ឋសភាកម្ពុជា ក្នុងការពង្រឹងវិស័យការទូតសភា​ និងបណ្តាញសមាជិកសភាស្រ្តី ជាមួយសភានានានៅលើសកលលោក ក្នុងការលើកកម្ពស់សមភាពយេនឌ័រ គោលការណ៍ពហុភាគីនិយម ដើម្បីថែរក្សា ការពារសុខសន្តិភាព ស្ថិរភាព វិបុលភាពសង្គម និងបរិយាបន្នជូនប្រជាពលរដ្ឋប្រកបដោយចីរភាព ផងដែរ​ ៕

Related post

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ សន្ទនា​ទូរស័ព្ទ​ជាមួយ​ នាយក​រដ្ឋមន្ត្រី​ ម៉ាឡេស៊ី​

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ សន្ទនា​ទូរស័ព្ទ​ជាមួយ​ នាយក​រដ្ឋមន្ត្រី​ ម៉ាឡេស៊ី​

ល្ងាចនេះ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូលលើកទី៤៦ ប្រកបដោយជោគជ័យ និងអរគុណឯកឧត្តមចំពោះការយកចិត្តទុកដាក់ លើស្ថានការណ៍ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ។ ខ្ញុំបានបញ្ជាក់ជូនឯកឧត្តម Anwar អំពីគោជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ÷ ១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ២. ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ…
ប្រមុខ​ក្រសួង​ការពារ​ជាតិ​ខ្មែរ​ និងថៃ​ ឯកភាព​គ្នាបន្ថយភាពតានតឹង​ ដោយរក្សាការទំនាក់ទំនងគ្នាជៀសវាងការប៉ះទង្គិចដោយយោធា​

ប្រមុខ​ក្រសួង​ការពារ​ជាតិ​ខ្មែរ​ និងថៃ​ ឯកភាព​គ្នាបន្ថយភាពតានតឹង​ ដោយរក្សាការទំនាក់ទំនងគ្នាជៀសវាងការប៉ះទង្គិចដោយយោធា​

នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តទៅនៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ជាលទ្ធផលនៃកិច្ចប្រជុំ យើងបាន៖ –…
រដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញជាគណៈអធិបតីចូលរួមកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០

រដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញជាគណៈអធិបតីចូលរួមកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបានគោរពអញ្ជើញជាគណៈអធិបតីចូលរួមក្នុងកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិពរណ៍អន្តរជាតិសេអ៊ូលលើកទី៤០ និងសន្និសីទឧស្សហកម្មទេសចរណ៍ពិភពលោកលើកទី៤ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីសេអ៊ូល។ សូមជម្រាបថា កម្មវិធីនេះមានការចូលរួមពី ប្រទេសជាង៤០ ពីគ្រប់ទ្វីប ស្តង់ពិព័រណ៌ចំនួន៥០០ អ្នកលក់ចំនួន៧៥០ ក្រុមហ៊ុន និងអ្នកទិញចំនួន៨០០ក្រុមហ៊ុន ហើយក្រសួងទេសចរណ៍ក៏បានចូលរួមដោយរៀបចំពន្លាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក ជាពិសេសប្រជាជនកូរ៉េ ដើម្បីមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនឡើង៕