អាជ្ញាធរមីន និងមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវ GICHD ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា

អាជ្ញាធរមីន និងមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវ GICHD ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា

នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្រ្គាម (Cooperation in Residual Contamination Management) រវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវសម្រាប់ការបោសសម្អាតមីនមនុស្សធម៌ (GICHD)។ អនុស្សរណៈនេះ ចុះហត្ថលេខាដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និង លោក Stefano Toscano ឯកអគ្គរដ្ឋទូត និងជានាយកនៃមជ្ឈមណ្ឌល GICHD ។

ការអនុស្សរណៈនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីគាំទ្រការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ជាពិសេសការកសាងសមត្ថភាពថ្នាក់ជាតិប្រកបដោយនិរន្តរភាពក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលស្ថាប័នទាំងពីរ អាជ្ញាធរមីន និង GICHD បានបង្កើតភាពជាដៃគូរយៈពេលជាងមួយទសវត្សរ៍ និងបានប្តេជ្ញាចិត្តរួមក្នុងគោលការណ៍នៃសកម្មភាពមនុស្សធម៌ សិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ជឿជាក់ថា អាជ្ញាធរមីន និង GICHD នឹងបោះជំហានទៅមុខយ៉ាងសំខាន់ឆ្ពោះទៅរកប្រទេសកម្ពុជារួចផុតពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងធ្វើឱ្យសហគមន៍ទាំងអស់មានការរីកចម្រើនប្រកបដោយសុវត្ថិភាព និងវិបុលភាព។ ជាមួយគ្នានោះ ការប្តេជ្ញាចិត្តនេះ គឺជាកិច្ចការរួមគ្នាឈានឆ្ពោះទៅរកអនាគតមួយដែលពិភពលោកគ្មានការគំរាមពីគ្រាប់មីន។

ក្នុងពិធីនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៣ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី កម្ពុជា បានរដោះផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ៣០២៤ គីឡូម៉ែត្រក្រឡា ក្នុងនោះរួមទាំងតំបន់មានគ្រាប់បែកចង្កោម។ ទោះបីមានកិច្ចខិតខំប្រឺងប្រែង និងមានការរួមចំណែកពី GICHD ក៏ដោយ កម្ពុជា នៅសល់ផ្ទៃដីមានមីនចំនួន ៥៣៣ គីឡូម៉ែត្រក្រឡា និង ១.៣២១ គីឡូម៉ែត្រក្រឡា នៃសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ដែលត្រូវបន្តដោះស្រាយ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា ជាមួយនឹងប្តេជ្ញាចិត្តឥតងាករេរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំប្រកបដោយចក្ខុវិស័យ គឺជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាព និងទំនុកចិត្តក្នុងការសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ក៏ដូចជាការកាត់បន្ថយការគំរាមកំហែងពីសំណល់ជាតិផ្ទុះពីសង្រ្គាមឱ្យស្ថិតនៅកម្រិតអប្បបរមា។

ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអនុប្រធានទី១អាជ្ញាធរមីន បានកោតសរសើរចំពោះលោកនាយកនៃមជ្ឈមណ្ឌល GICHD Stefano Toscano និងសហការី ដែលបានរួមចំណែកដ៏ថ្លៃថ្លាក្នុងសកម្មភាពមីនសកល និងជួយសង្រ្គោះអាយុជីវិតបានយ៉ាងច្រើននៅតាមបណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដោយគ្មានការរើសអើង។

ពាក់ព័ន្ធនឹងអនុសញ្ញាអូតាវ៉ា ឯកឧត្តម លី ធុជ បានថ្លែងថា ឆ្នាំ២០២៤ គឺជាឆ្នាំដ៏សំខាន់មួយដែលប្រទេសកម្ពុជាត្រូវបានជ្រើសតាំងពីរដ្ឋភាគីចំនួន ១៦៤ នៃអនុសញ្ញាអូតាវ៉ា ឱ្យធ្វើជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងកិច្ចប្រជុំនោះនឹងត្រូវមានការអនុម័តផែនការសកម្មភាពសៀមរាប-អង្គរ ០៥ឆ្នាំ និងសេចក្តីប្រកាសនយោបាយសៀមរាប-អង្គរ ដែលរដ្ឋភាគី និងស្ថាប័នពាក់ព័ន្ធយកទៅអនុវត្តន៍។

ភាពជោគជ័យនៃអនុសញ្ញាអូតាវ៉ារយៈពេល ២៥ឆ្នាំ ក៏មានការរួមចំណែកឥតឈប់ឈរពីមជ្ឈមណ្ឌល GICHD ក្នុងការពង្រឹងការអនុវត្តមាត្រា ៥នៃអនុសញ្ញាស្តីពីការបោសសម្អាតមីន ផងដែរ៕

អត្ថបទ​ដោយ៖ Met Kim​au

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…