ឧបនាយករដ្ឋមន្ដ្រី ស សុខា ណែនាំឲ្យធ្វើបច្ចុប្បន្នភាពជនបរទេសនៅកម្ពុជាឡើងវិញ សំដៅទប់ស្កាត់ការលួចស្នាក់នៅខុសច្បាប់ និងឈានទៅប្រព្រឹត្តបទល្មើស

ឧបនាយករដ្ឋមន្ដ្រី ស សុខា ណែនាំឲ្យធ្វើបច្ចុប្បន្នភាពជនបរទេសនៅកម្ពុជាឡើងវិញ សំដៅទប់ស្កាត់ការលួចស្នាក់នៅខុសច្បាប់ និងឈានទៅប្រព្រឹត្តបទល្មើស

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំឲ្យអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ រួមជាមួយស្ថាប័នពាក់ព័ន្ធ ពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវសហការគ្នាធ្វើបច្ចុប្បន្នភាពជនបរទេសដែលកំពុងមានវត្តមាននៅកម្ពុជាឡើងវិញ ដើម្បីទប់ស្កាត់ការលួចស្នាក់នៅដោយខុសច្បាប់ ហើយឈានទៅដល់ការប្រព្រឹត្តបទល្មើសនានា។

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសន្និបាតការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបន្ទាប់ពីបែងចែកក្រុមពិភាក្សា នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានមើលឃើញថា កន្លងទៅនេះការគ្រប់គ្រងចំនួនស្នាក់នៅជនបរទេសនៅកម្ពុជា ហាក់មានតួលេខផ្សេងៗគ្នា ដូច្នេះហើយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ត្រូវពង្រឹងលើការងារនេះឡើងវិញ ដើម្បីឲ្យមានភាពច្បាស់លាស់។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា ជនបរទេសខ្លះលួចស្នាក់នៅប្រទេសកម្ពុជា ដោយគ្មានប្រកបការងារ ឬមុខរបរអ្វីនោះទេ ពោលបុគ្គលខ្លះសំងំនៅដើម្បីលួចប្រព្រឹត្តបទល្មើសនានា។ លោកសង្កេតឃើញទៀតថា កន្លងទៅជនបរទេសនោះ ធ្វើសកម្មភាពតែនៅលើជនជាតិដូចគ្នាតែប៉ុណ្ណោះ ប៉ុន្ដែខ្លាចក្រែងថ្ងៃណាមួយពួកគេអាចប្រព្រឹត្តមកលើប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យយកចិត្តទុកដាក់លើបញ្ហាជនបរទេសនេះ ហើយជាពិសេសក្នុងឆ្នាំ២០២៤ ដល់២០២៨នេះ សូមឲ្យអគ្គនាយកអន្ដោប្រវេសន៍ មេត្តារឹតបន្ដឹងជំរឿនជនបរទេសរស់នៅប្រទេសកម្ពុជា ព្រោះទិន្ន័យនៅតាមបណ្ដាខេត្តនីមួយៗខុសគ្នាទាំងអស់  ទទួលស្គាល់ថា ពួកគាត់មិនទាន់ធ្វើអី ប៉ុន្ដែពេលខ្លះគាត់អស់អីរលីងទៅមុខមិនរួច ទៅក្រោយមិនរួច ស្អីក៏ហ៊ានធ្វើដែរ សំណាងពេលនេះគាត់ចាប់ជំរិតតែគ្នាគាត់ ប៉ុន្ដែអាចដល់កូនយើង ចៅយើង អញ្ចឹងហើយយើងត្រូវការពារធ្វើការងារនេះ»

បើតាមការណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា នៅពេលអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ធ្វើបច្ចុប្បន្នភាព ហើយបានតួលេខច្បាស់លាស់លើការងារនេះ ត្រូវចែករំលែកជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ក្នុងគោលដៅទប់ស្កាត់ការបន្ដលួចស្នាក់នៅដោយខុសច្បាប់ និងឈានទៅបង្ការចំពោះការប៉ុនប៉ងធ្វើសកម្មភាពល្មើសច្បាប់នានាផងដែរ។

ទាក់ទិនការងារនេះ ពិធីបើកសន្និបាតកាលពីថ្ងៃទី២៨ ខែកុម្ភៈម្សិលមិញ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា លើកឡើងថា ការងារអន្ដោប្រវេសន៍ ត្រូវបានជំរុញអនុវត្ត និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ទាំងការគ្រប់គ្រងអ្នកដំណើរចេញចូល ការស្នាក់នៅជនបរទេស ដោយធានាបានយ៉ាងគត់មុតនូវអធិបតេយ្យជាតិ ទប់ស្កាត់មិនឲ្យមានការកើនឡើងនូវអំពើភេរវកម្មនៅកម្ពុជា ទប់ស្កាត់ការលួចលាក់ជ្រកកោនធ្វើសកម្មភាពរបស់អង្គការភេរវកម្មនានា និងទប់ស្កាត់ការជ្រៀតចូលស្នាក់នៅដោយខុសច្បាប់របស់ជនបរទេសអន្ដោប្រវេសន៍។

យោងតាមរបាយការណ៍ដែលធ្លាប់បង្ហាញដោយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ ពោលចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣ កម្ពុជាបានបណ្ដេញជនបរទេស ចំនួន២៧,៣៣១នាក់ ចេញពីប្រទេសក្រោយរកឃើញស្នាក់នៅដោយខុសច្បាប់ និងប្រព្រឹត្តបទល្មើស៕

អត្ថបទ​ដោយ៖ Met Kimau

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…