សម្តេចធិបតី​អញ្ជើញ​ជាអធិបតីក្នុងពិធីបិទសន្និបាទ ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និងយុវនីតិសម្បទា

សម្តេចធិបតី​អញ្ជើញ​ជាអធិបតីក្នុងពិធីបិទសន្និបាទ ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និងយុវនីតិសម្បទា

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅព្រះរាជាណាចក្រកម្ពុជា ឱ្យមានលក្ខណៈប្រមូលផ្តុំ, សង្គតិភាព, ប្រសិទ្ធភាព, សមធម៌ និងចីរភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»

នាព្រឹកថ្ងៃទី៦ ខែ កុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅព្រះរាជាណាចក្រកម្ពុជា ឱ្យមានលក្ខណៈប្រមូលផ្តុំ, សង្គតិភាព, ប្រសិទ្ធភាព, សមធម៌ និងចីរភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» តាមរយៈការផ្តោតកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើគ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ។ ជាក់ស្តែង នៅដើមនីតិកាលទី ៧ នៃរដ្ឋសភានេះ, រាជរដ្ឋាភិបាល បានកំណត់យក «ការធ្វើស្ថាប័នូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន» ជាកម្មវិធីគោលនយោបាយអាទិភាពទី ៣ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ដើម្បីជំរុញការកសាងប្រព័ន្ធជំនួយសង្គម សំដៅកសាងសង្គមកម្ពុជាមួយដែលមានភាពធន់ និងបរិយាប័ន្ន តាមរយៈការអភិវឌ្ឍមូលធនមនុស្ស, និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្រីក្រ ក្រុមជនងាយរងគ្រោះ និង គ្រួសារងាយរងហានិភ័យ ។ លើសពីនេះ សម្តេចធិបតី ក៏បានផ្តល់អនុសាសន៍ដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ  ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ឱ្យបន្តជំរុញការអនុវត្តកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ស្របតាមដែនសមត្ថកិច្ចរៀងៗខ្លួន ដែលមានវិសាលភាពគ្របដណ្តប់គ្រប់អ្នកទទួលផលទាំងអស់ ឱ្យទទួលបានលទ្ធផលតាមផែនការដែលបានគ្រោងទុក ។

សម្តេចធិបតី បានបន្តទៀតថា កត្តាចម្បង គឺការមានទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ តាមរយៈការបន្តអនុវត្តនូវគោលនយោបាយជំនួយសង្គម និងការរៀបចំប្រព័ន្ធអន្តរាគមន៍នានា ហើយជាចក្ខុវិស័យរយៈពេលវែង របស់រាជរដ្ឋាភិបាល គឺការបន្តពង្រឹងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជាឱ្យកាន់តែរឹងមាំ សំដៅផ្តល់ការគាំពារជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបពីអសន្តិសុខប្រាក់ចំណូល ក្នុងអំឡុងពេលប្រឈមនឹងហានិភ័យនានា ដែលអាចកើតមានឡើងនៅក្នុងវដ្ដជីវិតនីមួយៗ តាមរយៈការបន្តពង្រីកវិសាលភាពរបបសន្តិសុខសង្គម និងកម្មវិធីជាតិជំនួយសង្គមដែលមានស្រាប់ ទៅកាន់ក្រុមពលរដ្ឋដែលមិនទាន់ទទួលបានការគាំពារ ព្រមទាំង ពិនិត្យលទ្ធភាពដាក់ចេញនូវ របប ឬកម្មវិធីថ្មីៗ ទៅតាមភាពជាក់ស្តែងនៃការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ច ។

ជាចុងក្រោយ សម្តេចមហាបវរធិបតី បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ក្រុមប្រឹក្សាជាតិគាំពារសង្គម, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ចំពោះកិច្ចសហប្រតិបត្តិការល្អ និងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពតាមអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ»  និងបានកំពុងចូលរួមកែលម្អវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សំដៅជំរុញភាពធន់នៃសេដ្ឋកិច្ចគ្រួសារ, លើកកម្ពស់ជីវភាពប្រជាជន និងកាត់បន្ថយភាពក្រីក្រ តាមរយៈការគាំពារគ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ នៅកម្ពុជា ៕

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា​ #peaceofcambodia

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…