កម្ពុជារៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ ជំរុញការលើកកម្ពស់ស្តង់ដា ភាពអនុលោម នវានុវត្តន៍ និងផលិតភាពរបស់ SME

កម្ពុជារៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ ជំរុញការលើកកម្ពស់ស្តង់ដា ភាពអនុលោម នវានុវត្តន៍ និងផលិតភាពរបស់ SME

នៅថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ២០២នេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ ក្រោមមូលបទ «ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច» ដោយផ្តោតលើការលើកកម្ពស់ស្តង់ដា ភាពអនុលោម នវានុវត្តន៍ និងផលិតភាព ជាមូលដ្ឋានសម្រាប់ភាពជោគជ័យរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា។

ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់ជាវេទិកាប្រមូលផ្តុំតំណាងសហគ្រាស អ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំធុរកិច្ច និងដៃគូអភិវឌ្ឍន៍ជាច្រើន។

យោងតាមសារលិខិត សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធទិវាជាតិ បានគូសបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម ពិតជាបានរួមចំណែកយ៉ាងសកម្ម ហើយនឹងត្រូវមានតួនាទីកាន់តែធំធេង និងគន្លឹះ ក្នុងដំណើរឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩។

សារលិខិតក៏បានរំលេចពីការវិវត្តរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ថាបានធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុផ្លូវការកាន់តែច្រើន ដោយក្នុងនោះមានបុគ្គលស្វ័យនិយោជន៍ជាង ១,៥លាននាក់ បានបើកគណនីប្រើប្រាស់ QR និងម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមជាង ៨២០.០០០ នាក់ បានទទួលសេវាឥណទាន ស្មើនឹងជាងមួយភាគបីនៃប្រាក់កម្ចីសរុបក្នុងប្រព័ន្ធធនាគារ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា«សហគ្រាសធុនមីក្រូ តូច និងមធ្យម មានចំនួនច្រើនលើសលប់ និងជាឆ្អឹងខ្នងដ៏រឹងមាំនៃសង្គម-សេដ្ឋកិច្ចជាតិ ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងមុខរបរ ការបង្កើនប្រាក់ចំណូល ការកាត់បន្ថយភាពក្រីក្រ និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់»។

កម្ពុជាបន្តទទួលកំណើនវិនិយោគពីបរទេសខ្ពស់ ហើយវិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងមានកំណើនខ្ពស់ជាងគេ ក្នុងអត្រា ៧,៨% នៅឆ្នាំ២០២៥។ និន្នាការនេះបានផ្តល់នូវកាលានុវត្តភាពថ្មីៗ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការចូលរួមពង្រីកពិពិធកម្មសេដ្ឋកិច្ច និងផ្សារភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលកំពុងត្រូវការធាតុចូលពីក្នុងស្រុកកាន់តែច្រើន និងការបង្កើនតម្លៃបន្ថែមដែលកាន់តែមានសក្តានុពល។

ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម មានកម្មវីធីសំខាន់ៗចំនួន៣គឺ ការតាំងបង្ហាញផលិតផលរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម កិច្ចពិភាក្សាលើប្រធានបទគន្លឹះចំនួន៤ និង«វេទិកាវេចខ្ចប់នៅកម្ពុជា» ដែលជាព្រឹត្តិការណ៍អម។ ទិវានេះត្រូវបានរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសហគ្រិនខ្មែរ អង្គការ GIZ អង្គការ UNIDO ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។

យោងតាមជំរឿនឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣,៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុបជិត៣លាននាក់ ក្នុងនោះមានស្រ្តី ៦០%។ វិស័យនេះរួមចំណែក ៦៣% នៃផលិតផលក្នុងស្រុកសរុប និងនៅតែជាវិស័យស្នូលសម្រាប់មហិច្ឆតារបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចដែលកាន់តែមានពិពិធកម្មខ្ពស់ និងផ្អែកលើនវានុវត្តន៍៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…