លោក​រដ្ឋមន្ត្រីការពារជាតិ អញ្ជើញប្រារព្ធខួប៤៨ឆ្នាំ ទិវានៃការចងចាំដំណើរ​ឆ្ពោះទៅការ​ផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧–២០ មិថុនា ២០២៤)

លោក​រដ្ឋមន្ត្រីការពារជាតិ អញ្ជើញប្រារព្ធខួប៤៨ឆ្នាំ ទិវានៃការចងចាំដំណើរ​ឆ្ពោះទៅការ​ផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧–២០ មិថុនា ២០២៤)

(ភ្នំពេញ)៖ ថ្ងៃទី២០ ខែមិថុនា កាលពី៤៨ឆ្នាំមុន ជាថ្ងៃកំណត់ត្រាប្រវត្តិសាស្ត្រ​ដ៏​សំខាន់សម្រាប់កម្ពុជា ថ្ងៃដែលសមមិត្ត ហ៊ុន សែន មេបញ្ជាការកងវរសេនាធំ ក្នុង​វ័យ២៥ឆ្នាំ រួមជាមួយយុទ្ធ​មិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេងទៀត រួមមាន៖ នុច ថន, ញឹក ហួន, សាន សាញ់, និង វ៉ា ប៉ោអៀន បានសម្រេចចិត្តយក​ជីវិតធ្វើជាដើមទុនចេញ​តស៊ូរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជ​សាសន៍ ប៉ុល ពត ដែល​ជារបបដ៏ឃោរឃៅបំផុតនៅកម្ពុជា។

ថ្ងៃទី២០ ខែមិថុនា បានក្លាយទៅជាព្រឹត្តិការណ៍មួយដែលប្រជាពលរដ្ឋខ្មែរចងចាំ​មិន​ភ្លេច ហើយត្រូវបានប្រារព្ធពិធីរំលឹកជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៧មក នៅ​លើ​ទឹកដីតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X16)​ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្ត​ត្បូង​ឃ្មុំ (អតីតខេត្តកំពង់ចាម)។

នៅព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការ​ពារ​ជាតិ អញ្ជើញជា​អធិបតីភាព​​អបអរសាទរ ពិធីខួបអនុស្សាវរីយ៍លើកទី៤៨ឆ្នាំ ទិវានៃ​ការចង​ចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧–២០ មិថុនា ២០២៥) នេះ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី​មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ មន្ត្រីជាន់ខ្ពស់ និង​ឯកអគ្គរដ្ឋទូតវៀតណាម អភិបាល អភិបាលរងរាជធានី-ខេត្ត​ មន្ត្រីរាជការ កង​កម្លាំង​​ប្រដាប់អាវុធ អ្នកប្រវត្តិសាស្ត្រ អ្នកសិក្សាស្រាវជ្រាវ ព្រមទាំងយុវជនផងដែរ។

គួរជម្រាបជូនថា​ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ គឺមានរយៈពេល៤៨ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៥) ដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យទើប ២៥ឆ្នាំ រួមនឹង​យុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្ត​ក្នុងស្ថាន​ភាព​ដ៏សែនលំបាកបំផុត​លាចាកទឹកដីលាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែនទាំង​គ្រោះ​ថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរក​ការគាំទ្ររំដោះជាតិ និង​ប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។

ជាមួយនឹងខួប៤៨ឆ្នាំនៃការចាប់ផ្តើមដំណើរជីវិតតស៊ូរំដោះជាតិនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ដំណើរតស៊ូនាពេលនោះ ជាដំណើរចាកចេញជាមួយ​ទឹក​ភ្នែករាប់មុឺនរាប់សែន រាប់លានដំណក់ពេលចាកចោលភរិយាដ៏កម្សត់​កំពុង​មាន​ផ្ទៃពោះ ចាកចោលមាតុភូមិ និងប្រជាជនដែលកំពុង​ប្រឈមជាមួយការស្លាប់​ផុតពូជ។

សម្តេចតេជោ បានគូសរំលេចក្តីឈឺចាប់ក្នុងដួងចិត្តឥតបំភ្លេចបានតាមរ​យៈបណ្តាញ​សង្គម​យ៉ាងដូច្នេះ «ខ្ញុំពិតឈឺចាប់រកពាក្យនិយាយមិនបាន បើទោះជារឿងនេះបាន​ឆ្លង​ផុត៤៨ឆ្នាំ ហើយ​ក្តី ក៏ទឹកភ្នែកខ្ញុំនៅតែហូរមកមិនដាច់នៅពេល ដែលខ្ញុំនឹក​ឃើញ​ដល់រឿង​នោះ។ ទឹកភ្នែកខ្ញុំប្រហែលឈប់ហូរនៅពេលដែលខ្ញុំលាចាក​លោក​នេះប៉ុណ្ណោះ»។

កាលពីឆ្នាំ២០១៧ ដែលជាខួប ៤០ឆ្នាំនៃការចេញតស៊ូរំដោះប្រទេសជាតិនេះ សម្តេច​​តេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិត បានធ្វើដំណើរទៅ​ចុះ​ទៅ​កាន់គ្រប់​ចំណុច​ក្នុងដំណាក់កាលតស៊ូ ដើម្បីរំលឹកអនុស្សាវរីយ៍ដ៏សែនជូរចត់​នោះ។ គ្រប់ចំណុច​ដែលសម្តេចបានឆ្លងកាត់ កន្លែងដែលធ្វើឱ្យសម្តេចរំលឹកឡើង​វិញ ហើយក្តុកក្តួលបង្ហូរ​ទឹក​ភ្នែកអត់ដាច់នោះ គឺនៅត្រង់ចំណុចឆ្លងកាត់ព្រំដែន​ក្រោមដើម​ទ្រយឹង។

ត្រង់ដើមទ្រយឹងនេះ កាលពីឆ្នាំ១៩៧៧ មុនបន្តដំណើរទៅមុខសមមិត្ត ហ៊ុន សែន បាន​បែរ​មុខមើលមុខទឹកដីកម្ពុជា ហើយក៏បានបង្ហាញអារម្មណ៍នឹកដល់ឧត្តមភរិយា និងកូន​ក្នុង​ផ្ទៃ​៥ខែដោយមិនដឹងថា ការព្រាត់ពេលនោះនឹងត្រូវបានជួបគ្នាវិញឬ​យ៉ាង​ណា? ជាពិសេស​នឹកអាណោចអាធ័ម ដល់ជោគវាសនាដ៏កម្សត់របស់ខ្លួន ដែលត្រូវព្រាត់ពី​ឪពុក​ម្តាយក្នុងអាយុ ១៣ឆ្នាំ ព្រោះដើម្បីការសិក្សា។ លុះដល់អាយុ ២៥ឆ្នាំត្រូវឃ្លាតឆ្ងាយ​ពីទឹក​ដី ឃ្លាត់ឆ្ងាញពីមនុស្សស្រឡាញ់ស្មើជីវិត ព្រោះតែជាតិ និងប្រជាជន។

ផ្តើមចេញពីការលះបង់ដ៏ធំធេង និងក្តីឈឺចាប់មហាសាលរបស់យុទ្ធជន ហ៊ុន សែន និងយុទ្ធមិត្តកាលពី ៤៨​ឆ្នាំ​​មុន​នោះហើយ ជាបុព្វហេតុដ៏ធំធេងបំផុតក្នុងការនាំជាតិ និងប្រជាជន​កម្ពុជាឱ្យទទួលបាន​ពន្លឺនៃភាពរីកចម្រើន និងស្រស់បំព្រង​ដូចពេល​បច្ចុ​ប្បន្ន។

មានសំណួរជាច្រើនបានចោទសួរថា បើគ្មានការលះបង់ទាំងអស់នោះទេ តើជាតិ និង​ប្រជា​ជនកម្ពុជា នឹងត្រូវទៅជាយ៉ាងណា ហើយអាចនឹងទទួលបានការរស់រៀន មានសិទ្ធិ​សេរី ដូចពេលបច្ចុប្បន្នដែរឬទេ បើលើពិភពលោកនាពេលនោះទាំងអង្គការ​សហប្រជា​ជាតិ និងអាមេរិកផងបានគាំទ្ររបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត ហើយមើល​មិន​ឃើញពីទង្វើសម្លាប់រង្គាលដ៏ព្រៃផ្សៃរបស់ពួកគេ?

ក្រុមអ្នកប្រវត្តិសាស្ត្រខ្មែរបានមើលឃើញ ប្រសិនបើគ្មានការចាប់ផ្តើមចេញតស៊ូ​របស់​សម្តេច​តេជោ ហ៊ុន សែន និងឥស្សរជនខ្មែរស្នេហាជាតិ នាំគ្នាងើបប៉ះបោររំដោះ​ជាតិឡើង​ទេនោះ ជាតិ និងប្រជាជនកម្ពុជា គ្មានឱកាសរួចផុតពីរបបដ៏ប្រល័យ​របស់ ប៉ុល ពត នោះឡើយ។

ជាមួយនឹងខួប ៤៨ឆ្នាំនៃដំណើរឆ្ពោះទៅរកការរំដោះជាតិនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកប្រវត្តិសង្ខេប នៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ជូនមិត្តអ្នកអានបានជ្រាបដូចខាងក្រោម៖

ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៧០ ប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងរង់ចាំនូវ​ចល​នា​​ដឹកនាំ​ខ្លាំងក្លាមួយដ៏ជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ បើគ្មាន​ក្បាលម៉ាស៊ីនដឹកនាំ និងគ្មានកម្លាំងប្រដាប់អាវុធពិតប្រាកដចលនាតស៊ូនា​នា នឹងត្រូវពួក​ប្រល័យពូជសាសន៍កម្ទេចទាំងអស់ដោយគ្មានត្រាប្រណី។

ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំតំបន់​២១ វេលា​ម៉ោង ២១៖០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃចន្ទ ៥កើត ខែ​អាសាឍ ឆ្នាំម្សាញ់ នពស័ក ព.ស.២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាល​ដ៏​ទុក​ចិត្ត​ចំនួន ៤នាក់ គឺ នុច ថន, ញឹក ហួន, សាន សាញ់, និង វ៉ា ប៉ោអៀន ចាប់​ផ្តើម​ដំណើរភៀសខ្លួន​ទៅ​វៀត​ណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជ​សាសន៍ ប៉ុល ពត។

ទីតាំងដែលសមមិត្ត ហ៊ុន សែន និងក្រុមឆ្លងកាត់ពីខាងកម្ពុជា គឺនៅត្រង់ត្រពាំងរកា ត្រពាំង​ខ្ព័រ និងអាងដាច់ ដែលមានដើមទ្រយឹងធំស្គឹមស្គៃនៅក្បែរនោះ។ នៅទល់មុខ គឺជា​ស្រុកឡុកនិញ ក្នុងខេត្តសុងប៊ែរ របស់វៀតណាម។ មុនពេលឈានជើងចូល​ក្នុងទឹកដីវៀត​ណាម សមមិត្ត ហ៊ុន សែន បានបែរមុខមកខាងទឹកដីកម្ពុជាដោយបង្ហូរទឹកភ្នែកក្តុ​កក្តួល​ឥត​ឧបមា ហើយនិយាយក្នុងចិត្តថា «អាយុ ១៣ឆ្នាំ បែកពីស្រុកកំណើត ដោយអត់​សាលា​រៀន អាយុ២៥ឆ្នាំ បែកពីមាតុភូមិ ដោយសារពួកឃាតក»។

វេលាម៉ោង ០២៖០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន បានដើរចូលចម្ងាយប្រមាណ ២០០ម៉ែត្រ ទៅក្នុងទឹកដីវៀតណាម។ អ្នកទាំងអស់គ្នា ក៏​បានសម្រាករង់ចាំពេលភ្លឺ ដើម្បីកំណត់ទិសដៅសម្រាប់បន្តដំណើរ និងពុំមានអ្វីទទួល​ទាន​ឡើយ។

សំណួរមួយចំនួនដែលសមមិត្ត ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅ​ពេល​ឆ្លងព្រំដែន​កម្ពុជា-វៀតណាម ដោយសារជាន់មីន ឬដោយសារកងការពារព្រំដែន​របស់​វៀតណាមឬទេ? តើអាចត្រូវជាប់គុកដោយសារ ការឆ្លងដែនខុសច្បាប់ឬទេ? តើវៀតណាម ជឿ ហើយសុខចិត្តជួយផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ឬទេ ក្នុងពេលដែលវៀតណាម កំពុងមានទំនាក់ទំនងការទូត ជាមួយ កម្ពុជាប្រជាធិបតេយ្យ? សំណួរចុងក្រោយ គឺវៀតណាមអាចចាប់បញ្ជូនមកឱ្យ ប៉ុល ពត វិញឬទេ? ការចាកចេញ​នេះ ជាការចាកចេញដោយការឈឺចាប់ តែមោះមុតចោលទឹកដីកំណើត ចោលភរិយា​ដែល​មានផ្ទៃពោះ ៥ខែ។ សមមិត្តពិតជាមានការលំបាកខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយគិត​ដល់ផលវិបាកអាចកើតមានចំពោះភរិយា ដែលកំពុងស្ថិតនៅក្នុងក្រញាំឃោរឃៅរបស់ របបប្រល័យពូជសាសន៍ ប៉ុល ពត នៅឡើយ។

នោះជាពេលដែលសម​មិត្ត ហ៊ុន សែន ចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូ​ផ្តួល​រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពីការចូលរួម ក្នុងកងកម្លាំងប្រដាប់​អាវុធ នៃចលនារំដោះជាតិ រហូតដល់ពិការភ្នែកម្ខាងនៅឆ្នាំ១៩៧៥។ ដោយនៅ​មានភ្លៀង​តិចៗ និងមេឃនៅធ្លាក់អ័ព្ទជាច្រើន លំបាករកទិសឱ្យចំ ដោយពុំមានត្រីវិស័យ ដូចនេះ​ត្រូវ​រង់ចាំរហូតដល់ថ្ងៃរះភ្លឺច្បាស់ ទើបចេញដំណើរនៅម៉ោងប្រមាណ ០៨៖០០នាទីព្រឹក។ សមមិត្ត ហ៊ុន សែន និងក្រុម បានសម្លឹងមើលទៅទិសដែលព្រះអាទិត្យរះ នោះគឺទិស​ខាង​កើត ជាទិសតែមួយគត់ ដើម្បីធ្វើដំណើរទៅដល់វៀតណាម។

ក្រោយពីធ្វើដំណើរកាត់ព្រៃក្នុងទឹកដីវៀតណាម បានប្រមាណជិត ៦គីឡូម៉ែត្រ វេលាម៉ោង​១១៖០០នាទី ជិតថ្ងៃត្រង់ ក្រុមសមមិត្ត ហ៊ុន សែន បានប្រទះឃើញផ្លូវលំមួយ ក្រាល​គ្រួស​ក្រហម ក៏បានសម្រេចលាក់អាវុធ រួចរៀបចំដាំបបរដោយអង្ករ ដែលនៅសល់ក្នុង​ដៃបន្តិច​បន្តួច រួចបន្តដំណើរតាមផ្លូវថ្នល់ទៅរកជួបកងទ័ព និងប្រជាជនវៀតណាម។

ហេតុអ្វីបានជាក្រុមសមមិត្ត សម្រេចធ្វើដំណើរដោយលែងយកអាវុធតាមខ្លួនដូច្នេះ? នេះជាការគិតគូរដ៏ឈ្លាសវៃ ព្រោះឲ្យតែឃើញមានមនុស្សកាន់អាវុធឆ្លងដែន គឺកង​ទ័ព​ការពារវៀតណាម ឬកងឈ្លបអាចនឹងផ្ទុះអាវុធភ្លាម ជីវិតរបស់សមមិត្ត និងក្រុមមិនអាច​ធានា​បានឡើយ។

វេលាម៉ោង ១៤៖០០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងក្រុម បានដើរចូលទៅភូមិវៀតណាមមួយ ដែលមានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រពីព្រំដែន។ ពេលប្រទះនឹងកម្មករចម្ការកៅស៊ូរបស់វៀតណាម ដែលកំពុងធ្វើដំណើរសមមិត្ត ហ៊ុន សែន ដើរសំដៅ ហើយកម្មករនោះ ក៏បានឱ្យក្រុមសមមិត្តរង់ចាំនៅទៅនោះសិន។ បន្ទាប់​មកកម្មករបាននាំកម្លាំងស្វ័យការពារវៀតណាមមកដល់ ដោយមានអាវុធមកជាមួយ​ផង​ដែរ។ ដំបូងវៀតណាមសង្ស័យទៅលើជនកម្ពុជាទាំងប្រាំនាក់នេះថា ជាក្រុមវាយឆ្មក់ ឬ​ក្រុមចារកិច្ចរបស់ ប៉ុល ពត ហើយបានធ្វើការសាកសួរ។

ក្រោយពីចាប់ផ្តើមជឿជាក់ខ្លះលើការអះអាងរបស់សមមិត្ត ហ៊ុន សែន ថាមិនមេនជាក្រុម​វាយ​ឆ្មក់​របស់ ប៉ុល ពត ទេភាគីវៀតណាមក៏បានដាំបាយឆ្នាំលេខ១០ និងធ្វើម្ហូបជូន​សម្រាប់​មនុស្ស៥នាក់ ដែលធ្លាប់តែហូបបបរជាងមួយឆ្នាំហើយ។ វេលាម៉ោង ១៦៖០០​នាទី ខែមិថុនា ឆ្នាំ១៩៧៧ ក្រោយពីទទួលទានអាហាររួច ជនកម្ពុជាទាំង៥នាក់ ត្រូវបាន​គេនាំធ្វើដំណើរចម្ងាយ ៤គីឡូម៉ែត្រ ទៅដល់ភូមិឡាំងជីន នៅវេលាម៉ោង ១៦៖៤៥នាទី។

ជនកម្ពុជាទាំង៥នាក់ ត្រូវបានសាកសួរព័ត៌មានម្តងទៀតនៅទីនោះ ពីសំណាក់បញ្ជាការ​កង​អនុសេនាធំម្នាក់របស់វៀតណាម។ វេលាម៉ោង ១៧៖១៥នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ​១៩៧៧ អ្នកទាំង៥នាក់ត្រូវបានគេដឹកក្នុងរថយន្តធុនធ្ងន់ម៉ាក GMC ពីភូមិឡាំងជីន ទៅដល់ស្រុកឡុកនិញ នៅវេលាម៉ោង១៨៖០០នាទី។

ក្រោយពីបរិភោគអាហារពេលល្ងាច ដែលមានបាយ និងបន្លែត្រកួន ហើយសមមិត្ត ហ៊ុន សែន ត្រូវគេបំបែកចេញពីអ្នករួមដំណើរទាំង៤នាក់ ដែលមកជាមួយគ្នា ហើយត្រូវបានគេ​សួរព័ត៌មានសារជាថ្មី ដោយសំណួរដេញដោលជាច្រើនទៀត។ នោះគឺជា​ពេល​វេលា ដែល​តានតឹងភិតភ័យជាងពេលណាទាំងអស់ សម្រាប់អ្នកទាំង៤នាក់ ដែលធ្វើដំណើរមក​ជាមួយ ដោយគិតថា គេអាចយកសមមិត្ត ហ៊ុន សែន ទៅសម្លាប់ ឬទៅណាមិនដឹង ប្រសិនបើមិនឃើញត្រឡប់មកវិញ។ ពួកគាត់ទាំង៤នាក់ មានអារម្មណ៍ច្រាស់ច្រាល ទោះអស់កម្លាំង ក៏ដេកមិនលក់ បក់មិនល្ហើយ និងរង់ចាំរហូតសមមិត្ត ហ៊ុន សែន ត្រឡប់មកវិញ ពេលជាងពាក់កណ្តាលអាធ្រាត្រ ឆ្លងចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧។

ដោយសារការសួរនាំដេញដោលអំពីព័ត៌មាននានតាមលំដាប់ថ្នាក់ដែលមានពីថ្នាក់ភូមិ ឃុំ រហូតដល់ស្រុកនេះ បានធ្វើឲ្យភាគីវៀតណាមឃើញច្បាស់នូវឆន្ទៈមោះមុត និងជំហរដាច់ខាតរបស់សមមិត្ត ហ៊ុន សែន ក្នុងគោលបំណងដ៏មុតស្រួច គឺឆ្ពោះទៅរកការកៀរគរកម្លាំងសម្រាប់រំដោះជាតិមាតុភូមិ ប្រជាជនពីរបបប្រល័យពូជសាសន៍។

នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងអ្នករួមដំណើរទាំង៤រូប បាន​ចេញដំណើរទៅខេត្តសុងប៊ែរ តាមរថយន្តដឹកអូស។ វៀតណាមកាន់តែទទួល​ស្គាល់​ថា សមមិត្ត ហ៊ុន សែន មានឋានៈខ្ពស់ជាថ្នាក់បញ្ជាការវរសេនាធំ ហើយមិនមែន​ជាក្រុម​ដែល ប៉ុល ពត បញ្ជូនមកវាយឆ្មក់វៀតណាមទេ។

ពីទីតាំងកោះថ្ម នារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ បានក្លាយជាទិវាមួយដ៏សំខាន់​នៃរបត់​ប្រវត្តិសាស្រ្តប្រទេសកម្ពុជា ជាពេលវេលា ដែលសមមិត្ត ហ៊ុន សែន បានចាប់ផ្តើម​ដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត…៕

Related post

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃទៀតដោយ ៖…
អនុព័ន្ឋយោធាចំនួន​ ០៩​ ប្រទេស​ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភាសសឹក​ ក្រោយមានបទឈប់បាញ់រវាង​ កម្ពុជា​-ថៃ

អនុព័ន្ឋយោធាចំនួន​ ០៩​ ប្រទេស​ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភាសសឹក​ ក្រោយមានបទឈប់បាញ់រវាង​ កម្ពុជា​-ថៃ

នៅថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា បានចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹក ក្រោយកម្ពុជាចូលរួមអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ដោយមានវត្តមានមកពីប្រទេសចំនួន០៩ និង១៤រូបបានចូលរួម ក្នុងនោះរួមមាន ប្រទេស អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង…
ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ…