សម្តេចតេជោ ហ៊ុន សែន៖ ភាពរឹងមាំនៃទំនាក់ទំនង​កងទ័ព​កម្ពុជា-វៀត​ណាម ជួយជំរុញទំនាក់ទំនងរវាងប្រទេស និងប្រទេស

សម្តេចតេជោ ហ៊ុន សែន៖ ភាពរឹងមាំនៃទំនាក់ទំនង​កងទ័ព​កម្ពុជា-វៀត​ណាម ជួយជំរុញទំនាក់ទំនងរវាងប្រទេស និងប្រទេស

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើក​ឡើង​ថាភាពរឹងមាំនៃទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងវៀតណាម ជា​ចំណែកជួយជំរុញដល់ទំនាក់ទំនង ក៏ដូចជាវិស័យដទៃទៀតរវាងកម្ពុជា និងវៀតណាមផងដែរ។

សម្តេចតេជោ បានគូសរំលេចបែបនេះ ក្នុងជំនួបជាមួយនាយឧត្ដម​សេនីយ៍ ង្វៀន តិន គឿង អនុរដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​វៀតណាម អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម នៅវិមាន៧មករា នាព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ។

ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែង​ស្វាគមន៍​​ប្រកបដោយក្តីរីករាយចំពោះដំណើរទស្សនកិច្ចរបស់ នាយឧត្ដម​សេនីយ៍ ង្វៀន តិន គឿង និងគណៈប្រតិភូនៅកម្ពុជា ។ សម្តេចតេជោ បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម ដែល​បន្ត​កាន់តែរឹងមាំ និងស្អិតល្មួតផ្អែកលើស្មារតីជាប្រពៃណី សាមគ្គីភាព ភាព​ជា​អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ លើគ្រប់វិស័យ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា ដំណើរទស្សនកិច្ច​របស់​នាយ​ឧត្ដមសេនីយ៍ ង្វៀន តិន គឿង នឹងរួមចំណែកពង្រឹងទំនាក់​ទំនង​ទ្វេភាគីបន្ថែមទៀត ជាពិសេសក្នុងវិស័យកងទ័ពរវាងប្រទេស​ទាំង​ពីរ។

នាយឧត្ដមសេនីយ៍ ង្វៀន តិន គឿង បានថ្លែងអំណរគុណសម្តេចតេជោ ដែល​បានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ បានជួបសម្តែងការគួរ​សម។ នាយឧត្ដមសេនីយ៍ ង្វៀន តិន គឿង ក៏បាននាំមកនូវការសាកសួរ​សុខ​ទុក្ខពីសំណាក់លោក តូ ឡឹម អគ្គលេខាធិការបក្ស​កុម្មុយនិស្តវៀត​ណាម និងប្រធានរដ្ឋសភាវៀតណាម ជូនសម្តេចតេជោ ហ៊ុន សែន ផង​ដែរ។

នាយឧត្ដមសេនីយ៍ ង្វៀន តិន គឿង បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំគណៈប្រតិភូចូលរួមខួប៥០ឆ្នាំនៃការរំដោះភាគ​ខាង​ត្បូងរបស់វៀតណាម កាលពីខែមេសាកន្លងទៅ។

នាយឧត្ដមសេនីយ៍ ង្វៀន តិន គឿង បានថ្លែងកោតសរសើរពីការរីក​ចម្រើន និងការអភិវឌ្ឍយ៉ាងឆាបរហ័សនៅកម្ពុជា ជាពិសេសការថែរក្សា​បាននូវ​សុខសន្តិភាព និងស្ថេរភាពនៅក្នុងប្រទេស ព្រមទាំងភាពរីកចម្រើន​ផ្នែក​​សេដ្ឋកិច្ចនៅកម្ពុជា។

នាយឧត្ដមសេនីយ៍ ង្វៀន តិន គឿង ក៏បាននាំនូវការអញ្ជើញរបស់លោក តូ ឡឹម ជូនសម្តេចតេជោ ហ៊ុន សែន ​ចូលរួមបុណ្យឯករាជ្យជាតិ​វៀត​ណាម​លើកទី៨០ នាពេលខាងមុខ។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសួរសុខទុក្ខលោក តូ ឡឹម និងផ្តាំសួរសុខទុក្ខប្រធានរដ្ឋសភាវៀតណាមផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានអរគុណវៀតណាម សម្រាប់ការទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅក្នុងឱកាសអញ្ជើញចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃការរំដោះភាគខាងត្បូង។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០២៥​ខាងមុខ ជាខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅរកការរំដោះជាតិកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាដំណើររំដោះជាតិ​ដែល​សម្តេច​បានយកជីវិតធ្វើជាដើមទុន។

សម្តេចតេជោ បានបញ្ជាក់ថា ខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅរកការ​រំដោះ​ជាតិនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ នឹងអញ្ជើញ​ជាអ​ធិបតីក្នុងពិធីនេះ។ ដោយឡែកខួប៥០ឆ្នាំនា៣ឆ្នាំខាងមុខនេះ គឺ​សម្តេចតេជោ ​នឹងអញ្ជើញជាអធិបតីដោយផ្ទាល់តែម្តង ដើម្បីរំលឹកនូវ​ប្រវត្តិ​សាស្ត្រនៃការតស៊ូក្នុងការរំដោះជាតិ និងជីវិតប្រជាពលរដ្ឋកម្ពុជា។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើផងដែរអំពី​កិច្ច​សហប្រតិបត្តិការលើវិស័យកងទ័ពរវាងកម្ពុជា និងវៀតណាម។ សម្តេច​តេជោ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងវៀត​ណាម មានស្អិតល្មួត ហើយក៏ជាផ្នែកមួយក្នុងការជំរុញបន្ថែមទៀត ដល់​ទំនាក់​ទំនង និងវិនិយោគរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែរឹងមាំ​ថែមទៀត ផ្តើមចេញពីទំនាក់ទំនងដ៏រឹងមាំលើវិស័យកងទ័ពនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសទទួលយក​ការអញ្ជើញ​របស់​លោក តូ ឡឹម ទៅចូលរួមអបអរសាទរខួប៨០ឆ្នាំ នៃការទទួលបានឯករាជ្យ​របស់វៀតណាមផងដែរ។

ក្នុងជំនួបនេះ សម្តេចតេជោ ក៏បានស្នើវៀតណាម ពន្លឿនការជជែក​ឈាន​ទៅបញ្ចប់ការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម ដែលនៅសេសសល់ចំនួន ១៦ភាគរយ៕

Related post

ក្រសួង​ការបរទេស​កម្ពុជា​ កោះហៅ​ភារធារី​ស្តីទីស្ថានទូតថៃមកទទួលកំណត់ទូត

ក្រសួង​ការបរទេស​កម្ពុជា​ កោះហៅ​ភារធារី​ស្តីទីស្ថានទូតថៃមកទទួលកំណត់ទូត

នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ មករា អគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានកោះហៅ លោកស្រី Ek-on Khunacharoen ភារធារីស្តីទី នៃស្ថានទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា មកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីមកទទួលកំណត់ទូតអំពីការតវ៉ាយ៉ាងខ្លាំងក្លារបស់កម្ពុជា ចំពោះចំណាត់ការរបស់លោក ស៊ុមឃីត ឈឿខុង…
សេចក្ដី​ជូនដំណឹង​ របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ ពាក់ព័ន្ធស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ

សេចក្ដី​ជូនដំណឹង​ របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ ពាក់ព័ន្ធស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ

ផ្អែកលើស្ថានការណ៍តានតឹងក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ នៅថ្ងៃទី២២ ខែមិថុនា ២០២៥ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមណែនាំពលរដ្ឋខ្មែរចៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិន មានការចាំបាច់បំផុត។ ទន្ទឹមនឹងនេះ សូមបងប្អូនពលរដ្ឋ និងពលករខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅប្រទេសថៃ មានការប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់តាមដានព័ត៌មានពីប្រភពផ្លូវការឱ្យបានជាប់លាប់ និងចៀសវាង ការធ្វើដំណើរទៅកាន់ទីកន្លែងប្រឈមនឹងគ្រោះថ្នាក់នានា ដូចជាការប្រមូលផ្តុំធ្វើបាតុកម្មគ្រប់ប្រភេទ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរគ្រប់ប្រភេទមានតម្រូវការជំនួយបន្ទាន់ សូមទាក់ទង ស្ថានទូត ឬស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទខាងក្រោម៖ ១.…
លោកស្រី​ Paetongtarn Shinawatra: ប្រទេសត្រូវតែដើរទៅមុខ ឯកភាព​ជាតិ​ថៃ រួម​កម្លាំង​គ្នា​ជំរុញ​គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ

លោកស្រី​ Paetongtarn Shinawatra: ប្រទេសត្រូវតែដើរទៅមុខ ឯកភាព​ជាតិ​ថៃ រួម​កម្លាំង​គ្នា​ជំរុញ​គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ

លោកស្រី​ Paetongtarn Shinawatra បានលេីកឡេីងថា​  “​ ប្រទេសត្រូវតែដើរទៅមុខ ឯកភាព​ជាតិ​ថៃ រួម​កម្លាំង​គ្នា​ជំរុញ​គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ​ “​ តាមរយៈ​បណ្ដាញ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកស្រី​ នៅមុននេះបន្តិច​ នាថ្ងៃ​ទី​ ២២​ ខែមិថុនា​ ឆ្នាំ​២០២៥​ នេះ​ ក្នុងកិច្ចប្រជុំមួយជាមួយ​ គណៈកម្មាធិការ​ប្រតិបត្តិ​ នៃ​រដ្ឋាភិបាល​ចម្រុះ​ ។ ក្នុង​នោះដែរលោកស្រីបានរៀបរាប់ថា​…