
បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ
- ការពារជាតិព័ត៌មានជាតិព័ត៌មានផ្សេងៗ
- May 31, 2025
(ភ្នំពេញ)៖ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ ដោយមានបទបញ្ជាពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុ ផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានចេញបទបញ្ជាឱ្យកងឯកភាពចំណុះកងទ័ពជើងគោកត្រៀមកម្លាំង និងសម្ភារ: មធ្យោបាយដឹកជញ្ជូនសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ដោយគ្រោះអគ្គីភ័យ និងទឹកជំនន់នារដូវវស្សាចូលមកដល់។
ក្នុងជំនួបសំណេះសំណាល ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពី សំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ជូនដល់យោធិនគ្រប់រូបព្រមទាំងក្រុមគ្រួសារ។ ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង បានផ្តាំផ្ញើដល់ក្រុមសង្គ្រោះគ្រោះមហន្តរាយ៧២៣ទាំងអស់ និងកម្លាំងបម្រុងផ្សេងទៀតត្រូវមានមុខ នៅក្នុងអង្គភាពជាប់ជាប្រចាំ និងត្រៀមលក្ខណៈឲ្យបានល្អប្រសើររង់ចាំបទបញ្ជាចេញប្រតិបត្តិការ នៅពេលមានគ្រោះភ័យកើតឡើង។
ឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏បានក្រើនរំលឹកដល់យោធិនទាំងអស់ នៅពេលចុះប្រតិបត្តិការ ត្រូវខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋ និងត្រូវសិក្សារៀនសូត្របន្ថែមលើមុខជំនាញប្រើប្រាស់ ជួសជុល ឧបករណ៍សង្គ្រោះឱ្យបានស្ទាត់ជំនាញ ត្រូវចេះគោរពស្រលាញ់ យកអាសារគ្នាទៅវិញទៅមក និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានស្អិតរមួត ដើម្បីធានាសុវត្ថិភាពនូវពេលអនុវត្តន៍ការងារទទួលបានភាពជោគជ័យទាំងអស់គ្នា៕