ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥

ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន តំណាងអង្គការជាតិ និងអន្ដរជាតិចំនួន ៣៩អង្គការ។

មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមរបស់អង្គការដៃគូទាំងអស់ ដែលជាប្រភពថាមពលដ៏សំខាន់សម្រាប់ចូលរួមផ្ដល់ធាតុចូលដ៏មានសារៈសំខាន់ ជួយឱ្យគោលនយោបាយអភិវឌ្ឍន៍ជនបទ មានគុណភាព ប្រកបដោយភាពប្រាកដនិយមសម្រាប់ការអភិវឌ្ឍ អាចអនុវត្តបាន មានសមិទ្ធផលជាក់ស្ដែងលើដីជូនដល់ប្រជាជនកម្ពុជា ស្របតាមបរិបទនៃការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាពកម្ពុជា និងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ បានខិតខំអភិវឌ្ឍប្រទេសឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ ហើយកិត្យានុភាពជាតិត្រូវបានលើកស្ទួយខ្ពស់ត្រដែតលើឆាកអន្តរជាតិ តាមរយៈយុទ្ធសាស្ដ្រត្រីកោណ និងយុទ្ធសាស្ដ្រចតុកោណទាំងបួនដំណាក់កាល។ ផ្អែកលើសមិទ្ធដែលមានស្រាប់ក្នុងនីតិកាលកន្លងមក រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលកំណត់អាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ផ្អែកតាមយុទ្ធសាស្ដ្រ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងខិតខំរៀបចំគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ នេះ ដើម្បីជាផែនទីបង្ហាញផ្លូវ និងជាផែនការមេសម្រាប់អភិវឌ្ឍន៍ប្រកបដោយបុរេសកម្មដោយផ្អែកលើមូលដ្ឋាននៃសមិទ្ធផលដែលបានសម្រេចនាពេលកន្លងមក ដើម្បីដាក់ទិសដៅជំរុញការអភិវឌ្ឍជនបទឱ្យរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសនោះ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញស្ដីពី សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ដែលមានចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ដ្រ កម្មវិធី និងវិធីសាស្ដ្រ ជូនដល់អង្គពិធីទាំងមូល។ បន្ទាប់មកអង្គប្រជុំបានធ្វើការពិនិត្យ ពិភាក្សា លើសេចក្ដីព្រាងគោលនយោបាយនេះ ព្រមទាំងបានចូលរួមមតិយោបល់យ៉ាងផុលផុសផ្ដល់ធាតុចូលបន្ថែមទៀតលើសេចក្ដីព្រាងគោលនយោបាននេះ កាន់តែមានគុណភាព និរន្ដរភាព និងមានសង្គតិភាពទៅនឹងចក្ខុវិស័យ និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។

បន្ទាប់ពីបានស្ដាប់នូវការធ្វើបទបង្ហាញ និងការផ្ដល់ធាតុចូលដ៏មានសារៈសំខាន់ពីអង្គពិធីទាំងមូលរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណ កោតសរសើរ វាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីស្ថាបនា ក្នុងការផ្តល់នូវធាតុចូលល្អៗ ព្រមទាំងបានផ្ដល់អនុសាសន៍ដល់ក្រុមការងារតាក់ចែងគោលនយោបាយ រៀបចំកែសម្រួលដោយដាក់បញ្ចូលនូវធាតុចូលដែលទទួលបាននាថ្ងៃនេះ ដើម្បីកែលម្អសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ឱ្យកាន់តែល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ។ ថ្លែងក្នុងពិធីបិទអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់គ្រប់អង្គការដៃគូដែលមានវត្តមានក្នុងកិច្ចប្រជុំ បន្ដចូលរួមសហការផ្ដល់ធាតុចូលបន្ថែមទៀត ព្រមទាំងបានសំណូមពរដល់អង្គការដៃគូទាំងអស់ គិតគូរដាក់បញ្ចូលនូវអ្វីដែលមានក្នុងគោលនយោបាយនេះ ទៅក្នុងផែនការអភិវឌ្ឍន៍សម្រាប់រយៈខ្លី រយៈពេលមធ្យម និងរយៈពេលវែងរបស់ខ្លួន ក្នុងគោលដៅធ្វើឱ្យតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រកដោយបរិយាបន្ន សមធម៌ និងនិរន្ដរភាព៕ដោយ÷ Than David

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…