ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដាក់ចេញអនុសាសន៍ ៦ចំណុច ជុំវិញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក ​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដាក់ចេញអនុសាសន៍ ៦ចំណុច ជុំវិញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក ​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨»

ដើម្បីជាវិភាគទានក្នុងការជួយសម្រួច, ជំរុញ និងតម្រង់ទិសដៅការងារជាអាទិភាពតទៅមុខ សំដៅជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានដាក់ចេញនូវអនុសាសន៍ណែនាំបន្ថែមចំនួន ៦ចំណុច។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានដាក់ចេញការណែនាំដូចនេះ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ នាឱកាសដែលោកបានអញ្ជើញ ជាអធិបតីតំណាងដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក ​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ដែលពិធីនេះបានធ្វើឡើងនៅសណ្ឋាគារ Hyatt regency Phnom penh ។

អនុសាសន៍ទាំង ៦ចំណុចរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានដូចជា៖

ទី១៖ ក្រសួង-ស្ថាប័ន ត្រូវសហការជិតស្និទ្ធជាមួយគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ក៏ដូចជាគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការធ្វើអាទិភាវូបនីយកម្មសេវាសាធារណៈ ដើម្បីបញ្ចូលជាសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច និងត្រូវពិនិត្យឡើងវិញនូវសេវាពាក់ព័ន្ធទាំងឡាយ ក្នុងគោលដៅកែសម្រួលនីតិវិធីស្នើសុំសេវា, កែសម្រួលកម្រៃសេវា, និងពិនិត្យលទ្ធភាពលុបចេញ ឬ ផ្គួបចូលគ្នានូវសេវាទាំងឡាយណាដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា ឬមិនមានតម្លៃបន្ថែមខ្ពស់ ដើម្បីធានាប្រសិទ្ធភាពនៃការផ្តល់ និង ការទទួលសេវា ។

ទី២៖ ក្រសួង-ស្ថាប័ន ត្រូវសហការស្អិតល្មួតជាមួយលេខាធិការដ្ឋាននៃក្រុមការងារ អន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច និងគណៈកម្មាធិការរដ្ឋបាលភិបាលឌីជីថល ក្នុងការរៀបចំ​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន​សម្រាប់ផ្តល់សេវាអេឡិចត្រូនិក តាមគោលការណ៍ណែនាំបច្ចេកទេស ដូចមានចែងក្នុងឧបសម្ព័ន្ធនៃយុទ្ធសាស្ត្រនេះក្រោមទម្រង់ «ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ ធុរកិច្ច» តែមួយ ។

ទី៣៖ ក្រសួង-ស្ថាប័ន ដែលគ្រប់គ្រងទិន្នន័យគោលត្រូវរៀបចំ និងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យគោល ព្រមទាំងចែករំលែកទិន្នន័យគោលទាំងនោះ ក្នុង «ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច» តាមរយៈថ្នាល CamDX ដើម្បីកាត់បន្ថយការបញ្ចូលទិន្នន័យដដែលៗ, កាត់បន្ថយការភ្ជាប់ឯកសារតម្រូវដែល មិនសូវចាំបាច់ និង បង្កើនគុណភាពនៃទិន្នន័យ តាមរយៈការផ្ទៀងផ្ទាត់ទិន្នន័យ ។

ទី៤៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងធនាគារជាតិនៃកម្ពុជា ដែលកំពុងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល មានជាអាទិ៍៖ ថ្នាល CamDigiKey, CamDX, Bakong, និង Verify.gov.kh, ត្រូវបន្តពង្រឹង និងធ្វើទំនើបកម្មថ្នាលឌីជីថលទាំងនេះជាប្រចាំ ដើម្បីគាំទ្រដល់ការតភ្ជាប់ និងអន្តរប្រតិបត្តិការនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សំដៅធានាសុវត្ថិភាព និងប្រសិទ្ធភាព នៃ «ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច», ហើយក្រសួង-ស្ថាប័ន ត្រូវចូលរួមប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល ទាំងនេះ ជាមូលដ្ឋានក្នុងការរៀបចំសេវាអេឡិចត្រូនិករបស់ខ្លួន ។

ទី៥៖ ក្រសួង-ស្ថាប័ន, ក្រោមការដឹកនាំសម្របសម្រួលរបស់គណៈកម្មាធិការកែទម្រង់ រដ្ឋបាលសាធារណៈ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល, ត្រូវរៀបចំផែនការអភិវឌ្ឍសមត្ថភាពមន្ត្រីប្រតិបត្តិ ដែលទទួលបន្ទុកផ្ដល់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ដើម្បីពង្រឹងសមត្ថភាព និងការសម្របខ្លួនរបស់មន្រ្តីទទួលបន្ទុកទៅនឹងនីតិវិធីការងារថ្មី, លើកកម្ពស់គុណភាពសេវា និងបង្កើនភាពជឿទុកចិត្ត ពីសំណាក់វិស័យឯកជន។

ទី៦៖ ក្រសួង-ស្ថាប័ន ត្រូវចូលរួមរៀបចំ និងពង្រឹងយន្តការផ្សព្វផ្សាយព័ត៌មាន អំពីសេវាអេឡិចត្រូនិករបស់ខ្លួនឲ្យបានទូលំទូលាយ ជូនដល់ធុរជន។ ទន្ទឹមនេះ, ក្រុមការងារអន្តរក្រសួង រៀបចំ​សេវាអេឡិចត្រូនិក​សម្រាប់ធុរកិច្ច ត្រូវពង្រឹង និងពង្រីកមុខងាររបស់ថ្នាល business.gov.kh ដើម្បីសម្រួលដល់ធុរជន ក្នុងការស្វែងរកព័ត៌មាន ពាក់ព័ន្ធនឹងសេវាសម្រាប់ធុរកិច្ច និង ផ្តល់ប្រឹក្សាដល់ធុរជន ដើម្បីងាយទទួលបានអនុលោមភាព លើសកម្មភាពអាជីវកម្មរបស់ខ្លួន ។

បន្ថែមពីនេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារអន្តរក្រសួងរៀបចំ​សេវាអេឡិចត្រូនិក​សម្រាប់ធុរកិច្ច ដែលបានខិតខំរៀបចំយុទ្ធសាស្រ្តនេះ រហូតសម្រេចជាស្ថាពរ និងត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ។ លោកក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងឡាយ នឹងចូលរួមអនុវត្តយុទ្ធសាស្រ្តដ៏មានសារៈសំខាន់នេះ ឲ្យទទួលបានជោគជ័យពេញលេញ តាមការរំពឹងទុកក្នុងស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ដើម្បីគាំទ្រដល់ការរីកលូតលាស់របស់វិស័យឯកជន ដែលជាឆ្អឹងខ្នង និងជាកម្លាំងចលករនៃសេដ្ឋកិច្ចជាតិ៕ ដោយ÷ Met Kim Au

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…