សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ​ដំឡើង​គ្រឿង​បង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ​ដំឡើង​គ្រឿង​បង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញ​សម្ពោធ​ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ​ដំឡើង​គ្រឿង​បង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិត​នៅ​​ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

រថយន្ត Ford ជាម៉ាករថយន្តដ៏ល្បីរបស់សហរដ្ឋអាមេរិក ហើយមាន​លើ​ទីផ្សាររបស់កម្ពុជាយូរឆ្នាំមកហើយ។

លោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Group បានឱ្យ​ដឹង​ថា ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅកម្ពុជា​អស់​រយៈពេលប្រមាណ ៣៣ឆ្នាំមកហើយ គិតចាប់ពីឆ្នាំ១៩៩២។ ក្រុម​ហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវា​កម្មល្បីៗលើពិភពលោក ព្រមទាំងមានអាជីវកម្មស្ទើរគ្រប់វិស័យ រួម​មាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដំណោះស្រាយ​ក្នុងឃ្លាំង សេវាកម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សា​ហកម្មចំណីអាហារ។

លោក Kevin Whitcraft បានឱ្យដឹងផងដែរថា ក្រុមហ៊ុនមាន​បុគ្គ​លិកសរុបជាង ៤,០០០នាក់ ហើយបុគ្គលិកនារីមានចំនួន ១,១៧៨ នាក់ និងបុគ្គលិកជំនាញបច្ចេកទេសមានចំនួន ២,៣០៣នាក់។ បច្ចុ​ប្បន្ននេះ ក្រុមហ៊ុនបាននាំចូលនិងចែកចាយផ្តាច់​មុខនូវរថយន្ត​ម៉ាក​ល្បីៗជាច្រើនដូចជា៖ រថយន្តម៉ាក Ford, Jaguar Land Rover, Jeep, RAM, Peugeot, ChangAn, Deepal, Mercedes-Benz, និងរថយន្តដឹកធ្ងន់ធ្ងន់ម៉ាក Fuso ជាដើម។

លោក Kevin Whitcraft បានគូសរំលេចថា ក្រុមហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យយាន​យន្តនៅ​កម្ពុជា។ ក្នុងនោះ រថយន្ត Ford បានទទួលការគាំទ្រពីសំណាក់​ប្រជា​ពលរដ្ឋកម្ពុជារហូតដល់ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុង​ចំណោមទីផ្សាររថយន្តថ្មី អស់រយៈពេល៦ឆ្នាំជាប់ៗគ្នា ដោយគិត​ចាប់​ពីឆ្នាំ២០១៩ មកដល់ពេលបច្ចុប្បន្ន។

ប្រធានក្រុមហ៊ុន RMA Group បានឱ្យដឹងផងដែរថា ក្រៅពីការនាំ​ចូល​​រថយន្តមក​ចែកចាយនៅលើទីផ្សាររបស់កម្ពុជាហើយនោះ ក្រុមហ៊ុនបានបណ្តាក់ទុនវិនិយោគដំបូងចំនួន ២១លានដុល្លារ ដើម្បី​សាងសង់រោងចក្រដំឡើងរថយន្តលើផ្ទៃដីចំនួន ៥ហិកតា។ កាលពី​ឆ្នាំ២០២២ ក្រុមហ៊ុន បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការរោង ចក្រដំឡើងរថយន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត។

ក្រុមហ៊ុនបានបង្កើតរោងចក្រដំឡើងគ្រឿងបង្គុំថ្មីបន្ថែមមួយទៀត (Sub-Assembly Plant) ដែលអាចផ្ដល់ឱកាសការ​ងារ​បាន​ជា​ច្រើន​កន្លែងទៀត។ បន្ថែមពីលើនោះ ក្រុមហ៊ុនបានពង្រីកការវិ​និយោ​គ​​ពី ២១លានដុល្លារអាមេរិក ទៅ ២៦,៨លានដុល្លារអាមេរិក និងបាន​ពង្រីកផ្ទៃដីសាងសង់រោងចក្រពី ៥ហិកតា រហូតដល់ ១២ហិកតា។

បើតាមលោកប្រធានក្រុមហ៊ុន បានឱ្យដឹងទៀតថា ក្រុមហ៊ុនក៏បាន​ផ្លាស់​ប្តូរច្រវាក់ផលិតកម្មពីកម្រិតដំឡើង CKD មកកម្រិត IKD-1 ដែល​អាចបង្កើនសមត្ថភាព ផលិតរថយន្តលើសពី ១០,០០០គ្រឿង​ក្នុងមួយឆ្នាំ។

កាន់តែពិសេសនោះ ក្រុមហ៊ុនទទួលបានការទទួលស្គាល់​ជាអន្តរ​ជាតិ​លើលេខតួរថយន្តផលិតនៅកម្ពុជា Made In Cambodia ដោយសមាគមវិស្វករយានយន្ត (Society of Automotive Engineer – SAE International)។

លោក Kevin Whitcraft បានឱ្យដឹងថា មកដល់ពេលនេះ ក្រុម​ហ៊ុន​បានដំឡើងរថយន្តសរុបចំនួន ៧,៤៩២គ្រឿងរួចមកហើយ រួមមាន៖ រថយន្ត Ford Ranger Pick Up (Wildtrak, XLT, XL) និង រថយន្ត Ford SUV (Ford Everest Titanium, Ford Everest Sport, និង Ford Territory៕

អត្ថបទដោយ÷ Met Kim Au

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…