ថ្នាក់ដឹកនាំខេត្តរតនគិរី និងមន្រ្តីរាជការ នាំគ្នាអុចធូប ទៀន ទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩

ថ្នាក់ដឹកនាំខេត្តរតនគិរី និងមន្រ្តីរាជការ នាំគ្នាអុចធូប ទៀន ទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩

ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវព្រមទាំងមន្ត្រីក្រោមឱវាទ បានអញ្ជើញចូលរួមក្នុងពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ព្រះនាម «គោរាគៈទេវី» ជាបុត្រីទី២ នៃកបិលមហាព្រហ្ម ដែលពិធីនេះ បានប្រារព្ធធ្វើឡើងនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ព្រឹកថ្ងៃចន្ទ២រោច ខែចេត្រ ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។

សូមបញ្ជាក់ជូនថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ្រិស្តសករាជ ២០២៥ នៅថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៤៖៤៨នាទីទៀបភ្លឺ។

បើតាមសៀវភៅសង្ក្រាន្តឆ្នាំថ្មី របស់លោក អ៉ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សកល បានលើកឡើងថា ព្រះពុទ្ធសករាជព្រះសាសនាអតិក្កន្តាកន្លងទៅហើយបាន២៥៦៨ ត្រឹមថ្ងៃអាទិត្យ ១៥កើត ខែពិសាខ លុះដល់ថ្ងៃចន្ទ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក តទៅចូលពុទ្ធសករាជ ២៥៦៩ នឹងគណនាឆ្នាំម្សាញ់ឥឡូវនេះ សង្គ្រាន្តចូលនៅថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្តសករាជ២០២៥ វេលាម៉ោង០៤៖៤៨នាទីទៀបភ្លឺ។

ពេលនោះព្រះអាទិត្យចេញពីមីនរាសី ទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្តាលមានទេវធីតាមួយព្រះអង្គ ជាមគ្គនាយិកាព្រះនាម គោរាគៈទេវី ជារាជបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀត ផ្កាអង្គារបស្ស អភរណៈ កែវមុក្តា ភក្សាហារទ្រង់ គេលំ (ប្រេង) ព្រះហស្តស្តាំទ្រង់ ព្រះខ័ន្ធព្រហស្តឆ្វេងទ្រង់ ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងស្តេចព្យាគៈ (ខ្លា) ជាយានពាហនៈ។ ទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវ ធម្មមាលី នាទីភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតំកល់ទុកនូវព្រះសិរសាកបិលមហាព្រហ្ម ដែលតំកល់លើពានមាសនាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន ៦០នាទី។

ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញហើយ ប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីល ដោយសោមនស្សរីករាយគ្រាប់ៗ ព្រះអង្គក្នុងភគវតីសភា សាលាដែលព្រះវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឱ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្តី ជ័យមង្គលជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយ សុខក្សេមក្សាន្តតរៀងទៅ។

* ថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០២៥ វេលាម៉ោង០៤៖៤៨នាទីទៀបភ្លឺ ជាថ្ងៃចូលឆ្នាំ (វារៈមហាសង្ក្រាន្ត)
* ថ្ងៃអង្គារ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស ២០២៥ ជាវារៈវន័បត
* ថ្ងៃពុធ ៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស.២០២៥ វេលាម៉ោង០៨៖២៧នាទី ៣៦វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំម្សាញ់ សប្តស័ក មហាសករាជ ១៩៤៧ ចុល្លសករាជ ១៣៨៧ តទៅ។

នៅក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីជាចិត្តអប្រីយ៍ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីស ដែលកើតមាន ក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ៕

Related post

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់នឹងវិបត្តិ

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន…

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយ ចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ។ ការលើកឡើងបែបនេះរបស់ឯកឧត្តមរដ្ឋមន្រ្ដី ហេង សួរ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា…
អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជូនពលករ ធ្វើការចុះឈ្មោះដើម្បីផ្តល់ការងារ និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើតវិញ ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុងទូទាំងប្រទេសកម្ពុជា។ ចំពោះករណីពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ…
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។…