សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍ «សង្ក្រាន្ត បាត់ដំបង២០២៥»

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍ «សង្ក្រាន្ត បាត់ដំបង២០២៥»

សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង នៅថ្ងៃអាទិត្យទី១៣ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៍ «សង្រ្កាន្តបាត់ដំបង ឆ្នាំ២០២៥» នៅបរិវេណត្រើយខាងលិចស្ពាន ១៣ មករា ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកជំទាវ យ៉េត ម៉ូលីន កើតរិទ្ធ, ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធាន ស.ស.យ.ក ទទួលបន្ទុកបីខេត្ត (បាត់ដំបង ព្រៃវែង និងខេត្តបន្ទាយមានជ័យ) និងលោកជំទាវ កែ សួនសុភី ស សុខា, ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង និងលោក លោកស្រីក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កម្លាំងទាំង៣ប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ សង្កាត់, ប្អូនៗយុវជន, និស្សិត, សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ។

ឯកឧត្តម សុខ លូ បានឱ្យដឹងថា ផ្តើមចេញពីគោលនយោបាយឈ្នះឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានស្វែងរករក្សាការពារបាននូវសុខសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង និងការអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្តត្រីកោណ យុទ្ធសាស្រ្តចតុកោណទាំង៤ដំណាក់កាល បានផ្តល់ឱ្យកម្ពុជាសម្រេចបានការអភិវឌ្ឍលើគ្រប់វិស័យទាំងនយោបាយ សង្គម និងសេដ្ឋកិច្ចព្រមទាំងបាននឹងកំពុងលេចត្រដែតឡើងលើឆាកអន្តរជាតិស្មើមុខស្មើមាត់ជាមួយប្រទេសនានាក្នុងតំបន់ និងពិភពលោក ។

ឯកឧត្តម សុខ លូ បានបន្ថែមថា ឈរលើមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព និងគោលនយោបាយដ៏ត្រឹមត្រូវប្រកបដោយភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យរដ្ឋបាលខេត្ត ទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សូមប្តេជ្ញាបន្តគាំទ្ររាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា,ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម, ពោរពេញដោសមត្ថភាព, ចំណេះដឹង និងថាមពល, ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតសំខាន់ទៅលើមនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង២០២៥» នេះ រដ្ឋបាលខេត្តបានរួមសហការដ៏ស្វិតស្វាញជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបែងចែកជា១០តំបន់ធំៗ បានរៀបចំភ្លើពណ៌ចម្រុះតាមដើមឈើ តាមផ្លូវ តាមស្ពាន, ចងគោមភ្លើង, តាំងបង្ហាញវត្ថុធំៗ មាន ក្រូចយក្ស ដូងខ្ទិះយក្ស ទុរេនយក្ស និងណែមយក្សជាដើម។ ការប្រារឰពិធីបើកព្រឹត្តិការណ៍នេះ មានក្បួនព្យុហយាត្រាថ្មើរជើងជា៦ផែនធំៗមាន៖ផែនទី១ របាំត្រុដិ, ផែនទី២ក្បួនដង្ហែទេវតា, ផែនទី៣ ការសម្តែងសៀក និងរបាំនេសាទ, ផែនទី៤ ការសម្ដែងល្បែងប្រជាប្រិយទាញព្រ័ត្រ, ផែនទី៥ បង្ហាញពីផល្លានុផលដ៏សម្បូរបែបរបស់អ្នកខេត្តបាត់ដំបង និងផែនទី៦បង្ហាញពីម្ហូបអាហារ និងបង្អែម អ្នកខេត្តបាត់ដំបង។ ក្រៅពីនេះនៅពេលយប់ក៏មានការប្រគុំតន្ត្រីស្រុកស្រែ តន្ត្រីសម័យកំដរ និងតាំងបង្ហាញលក់ផលិតផលទំនើបចម្រុះ ក្នុងឱកាសនៃព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងរហូតដល់ចប់កម្មវិធីនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។

សម្តេចក្រឡាហោម ស ខេង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាក្រុមការងារយុវជន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងដែលបានយកអស់កម្លាំងកាយចិត្ត សហការគ្នារៀបចំព្រឹត្តិការណ៍សង្ក្រាន្តនេះឡើងដើម្បីជាការចូលរួមអបអរពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

សម្តេចក្រឡាហោម បានបន្តថា ការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៥» នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្កើតឱ្យមានភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ តាមរយៈការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរដូចជា ការរៀបចំកម្មវិធីសម្ដែងសិល្បៈ, កម្មវិធីប្រគុំតន្រ្តី, កម្មវិធីលេងល្បែងប្រជាប្រិយផ្សេងៗ, ការតាំងពិព័រណ៍ដាក់បង្ហាញផលិតផលនានាដែលជាស្នាដៃរបស់ប្រជាពលរដ្ឋនៅតាមបណ្តាក្រុង-ស្រុកទាំង ១៤ ក្នុងខេត្តបាត់ដំបងទាំងមូល, ការតាំងបង្ហាញមុខម្ហូបដ៏ឆ្ងាញ់ពិសាររបស់អ្នកបាត់ដំបង, ការតាំងបង្ហាញទុរេនយក្ស ការតាំងបង្ហាញណែមយក្ស ដូងខ្ទិះយក្ស ក្រូចពោធិ៍សាត់យក្ស ព្រមទាំងមានកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត។ តាមរយៈការរៀបចំព្រឹត្តការណ៍សង្ក្រាន្តដ៏អធិកអធមនេះ សម្តេចសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិទាំងក្នុង និងក្រៅប្រទេស នឹងអញ្ជើញមកចូលរួមទស្សនាកំសាន្តឱ្យបានច្រើនកុះករ ក្នុងស្មារតីសាមគ្គីភាព ភាតរភាព និងសប្បាយរីករាយដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្រោមម្លប់នៃសុខសន្តិភាព ដែលយើងតែងតែប្រាថ្នាចង់បានគ្រប់ៗគ្នា។

សម្ដេច បានផ្ដល់នូវមតិផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមបន្តសហការគ្នារក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវជាតិ និងអន្តរជាតិទាំងក្នុង និងក្រៅប្រទេស ដែលអញ្ជើញមកទស្សនាកំសាន្តព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៥» នេះឱ្យបានល្អប្រសើរដោយទប់ស្កាត់ឱ្យបាននូវបាតុភាពអសកម្មទាំងឡាយដែលនាំឱ្យមានបញ្ហាល្អក់កករក្នុងពិធីកំសាន្តសប្បាយ។ សូមគណៈកម្មការរៀបចំពិធីព្រឹត្តការណ៍សង្ក្រាន្ត រំលេចឡើងឱ្យបានច្រើននូវផ្ទាំងទស្សនីយភាពសិល្បៈ និងល្បែងប្រជាប្រិយឱ្យបានច្រើនប្រភេទ ច្រើនទម្រង់ ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់បន្ថែមអំពីវប្បធម៌ប្រពៃណីរបស់ខ្មែរ។ ជាមួយគ្នានេះ សូមផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជាពលរដ្ឋពិសេសក្នុងស្រទាប់យុវវ័យត្រូវជៀសឆ្ងាយពីការលេងល្បែង ឬសកម្មភាពណាមួយដែលអាចប្រាសចាកពីសីលធម៌ និងប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…