ប្រធានរដ្ឋសភាកម្ពុជា៖ វត្តមានរបស់គណៈប្រតិភូសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូល UPF បញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព

ប្រធានរដ្ឋសភាកម្ពុជា៖ វត្តមានរបស់គណៈប្រតិភូសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូល UPF បញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព

នៅក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត ហាក់ ចាន់ ហាម៉ូន ស្ថាបនិកសហព័ន្ធសន្តិភាពសកល នាព្រឹកថ្ងៃទី១១ ខែមេសាឆ្នាំ២០២៥ នៅទីក្រុងសេអ៊ូល សាធាររដ្ឋកូរ៉េ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកស្រីបណ្ឌិត ហាក់ ចាន់ ហាម៉ូន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនគណៈប្រតិភូរដ្ឋសភាកម្ពុជា។

ក្នុងជំនួបនោះ សម្តេចប្រធានរដ្ឋសភា បានពាំនាំនូវ ការនឹករលឹកនិងការផ្តាំផ្ញើសាកសួរទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំសមាជិកសមាជិកា បងប្អូន មិត្តរួមការងារនៅសហព័ន្ធសន្តិភាពសកលផងដែរ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលពិភពលោកឆ្នាំនេះ បានរៀបចំឡើងស្របពេល ដែលពិភពលោកកំពុងជួបនឹងបញ្ហាប្រឈមជាច្រើន មិនធ្លាប់មានពីមុនមក មានភាពមិនច្បាស់លាស់ ស្មុគស្មាញ និងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

សម្តេចរដ្ឋសភាធិបតី សង្កត់ធ្ងន់ថា «វត្តមានរបស់គណៈប្រតិភូកម្ពុជាក្នុងកិច្ចប្រជុំកំពូលឆ្នាំនេះ បញ្ជាក់ពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ដ៏មុតមាំរបស់កម្ពុជានៅក្នុងការថែរក្សាសុខសន្តិភាព»

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភាកម្ពុជាមានឆន្ទៈបន្តជំរុញការសន្ទនា ការគោរពគ្នាទៅវិញទៅមក ការអត់ឱន និងការជឿទុកចិត្តក្នុងចំណោមប្រជាជាតិ និងសហគមន៍។

សម្តេចប្រធានរដ្ឋសភា ថ្លែងថា «ខ្ញុំជឿថាការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងការចាប់អារម្មណ៍ទៅវិញទៅមក គឺជាគោលការណ៍សំខាន់ដែលនាំទៅដល់សន្តិភាព និងវិបុលភាពប្រកបដោយចីរភាព យើងជឿជាក់យ៉ាងមុតមាំថា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា យើងអាចសម្រេចបានកាន់តែច្រើន និងបង្កើតឥទ្ធិពលដ៏យូរអង្វែង»

នៅក្នុងឱកាសនោះ លោកស្រីបណ្ឌិត ហាក់ ចាន់ ហាម៉ូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចប្រធានរដ្ឋសភានិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល ដែលជាព្រឹត្តិការណ៍សំខាន់នៅក្នុងការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។

ជាមួយគ្នានេះ លោកស្រីបណ្ឌិត បានថ្លែងការ កោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹនាំរបស់សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា ចំពោះចក្ខុវិស័យ និងការរួមវិភាគទានដ៏ថ្លៃថ្លាដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល។

លោកស្រីបណ្ឌិត ហាក់ ចាន់ ហាម៉ូន សូមកោតសរសើរចំពោះ ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាដើម ដែលបានផ្តល់តម្លៃនិងលើកតម្កើងចំពោះស្រ្តី ក្នុងការទទួលបាននូវតួនាទីថ្នាក់ដឹកនាំ ដូចជាសម្តេចរដ្ឋសភាធិបតី ដែលជាឧទាហរណ៍ជាក់ស្តែងមួយស្រាប់។

គួរជម្រាបថា សម្តេចប្រធានរដ្ឋសភាជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញ្ញត្តិប្រកបដោយ សមត្ថភាព និងបទពិសោធន៍ ហើយវត្តមានសម្តេចនៅក្នុងឱកាសនេះ មានសារៈសំខាន់ជាទីបំផុតចំពោះចក្ខុវិស័យ និងការរួមវិភាគទានដ៏ថ្លៃថ្លាដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល។

បន្ថែមពីនេះ សភាកម្ពុជាទន្ទឹងរង់ចាំក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូ ជាមួយសហព័ន្ធសន្តិភាពសកលក្នុងការជំរុញចក្ខុវិស័យរួមនៃសន្តិភាព និងវិបុលភាពសកល។

សម្តេចក៏បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងការគ្រប់គ្រងរបស់សហព័ន្ធសន្តិភាពសកល ដែលបានរៀបចំកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះឡើង។

តាមរយៈកិច្ចប្រជុំកំពូលនាពេលនេះ សង្ឃឹមថានឹងមានការសម្រេចចិត្ត និងសកម្មភាពជាក់ស្តែងបន្ថែមទៀត នៅក្នុងដោះស្រាយបញ្ហារួមដែលជាកង្វល់របស់ប្រជាពលរដ្ឋ។

សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណ ចំពោះសហព័ន្ធសន្តិភាពសកល ដែលបានគាំទ្រធម្មនុញ្ញសន្តិភាពសកល ដែលបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន៕

Related post

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់នឹងវិបត្តិ

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន…

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយ ចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ។ ការលើកឡើងបែបនេះរបស់ឯកឧត្តមរដ្ឋមន្រ្ដី ហេង សួរ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា…
អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជូនពលករ ធ្វើការចុះឈ្មោះដើម្បីផ្តល់ការងារ និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើតវិញ ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុងទូទាំងប្រទេសកម្ពុជា។ ចំពោះករណីពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ…
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។…