សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា

នៅរសៀលថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង​ថ្ងៃ​ទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ​ឆ្នាំ២០២៥​របស់​សមាគមឧកញ៉ាកម្ពុជា។

នៅព្រឹកមិញនេះ សមាគមឧកញ៉ាកម្ពុជា បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅដឹ ព្រេមៀ សេនធ័រ សែនសុខ។ សន្និបាតនេះ ដឹក​នាំ​ដោយលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសាមគមឧកញ៉ាកម្ពុជា និងមាន​ការ​អញ្ជើញចូលរួមពីសមាជិក សមាជិកានៃសមាគមឧកញ៉ាកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក.) គឺជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាង​ឱ្យ​រូបវន្ត​បុគ្គលដែលទទួលបានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។ សមាគមឧកញ៉ាកម្ពុជា តំណាង​ឱ្យ​សំឡេងរួម សកម្មភាពសប្បុរសធម៌រួម និងគុណតម្លៃដ៏ឧត្តុង្គឧត្តម នៃគោរ​មងារ​ឧកញ៉ា​ដែលជា​សមាជិកទាំងអស់។ សមាគមឧកញ៉ាកម្ពុជា ត្រូវបានចុះបញ្ជីជា​សមា​គម​ស្របច្បាប់ និងទទួល​ស្គាល់​ជាផ្លូវការដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណា​ចក្រកម្ពុជា តាមរយៈលិខិតលេខ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលស្គាល់មួយកម្រិតទៀតជាផ្លូវការរបស់​រាជរដ្ឋា​ភិបាល ដោយ​ផ្តោត​ជាសំខាន់លើភាពជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើក​កម្ពស់​សកម្មភាព​​ពាណិជ្ជ​កម្ម និងការវិនិយោគនៅកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា មានទស្សនវិស័យរក្សា និងលើកកម្ពស់ឧត្តមភាពដដ៏ឧត្តុង្គឧត្តម​នៃគោរម​ងារឧកញ៉ា តាមរយៈការ ចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជាប្រកប ដោយ​ចីរភាព និងបរិយា​ប័ន្ន បង្កើតបាននូវភាពសុខសាន្ត សុខដុមរមនា និងការរីក ចម្រើន​ខាងកម្រិតជីវភាពរបស់​ប្រជាពល​រដ្ឋបានល្អប្រសើរ​ដូចបណ្តាប្រទេស​អភិវឌ្ឍន៍នានា។

សមាគមឧកញ៉ាកម្ពុជា មានបេសកកម្មចម្បងៗដូចខាងក្រោម៖
១) ធ្វើជាតំណាងការពារផលប្រយោជន៍ស្របច្បាប់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឧកញ៉ាដែលជាសមាជិក។
២) រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។
៣) លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណា ចក្រកម្ពុជា។
៤) បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធីផ្សេងៗទាំងក្នុង និងក្រៅប្រទេស ដើម្បីលើកកម្ពស់ភាពជាដៃគូនៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យោងតាមរបាយការណ៍របស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសាមគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សមាគម មានសមាជិកចំនួន ៤៤៦រូប កើនឡើងប្រមាណ ២៦ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះទីប្រឹក្សាជាន់ខ្ពស់៨រូប, ក្រុមប្រឹក្សាភិបាល៤៥រូប, សកម្ម៣៤រូប និងទ្រទ្រង់ ៣៥៤រូប) ដែលមានគោរមងារជាលោកអ្នកឧកញ៉ា ៥រូប អ្នកឧកញ៉ា ១៤០រូប និងឧកញ៉ា ៣០១រូប។

របាយការណ៍បានបង្ហាញដែរថា សមាគមបានចូលរួមផ្តល់ធាតុចូលទៅលើច្បាប់ និងបទ​ដ្ឋាន​គតិយុត្តនានាជាច្រើន។ ក្រៅពីនេះ សមាគមបានចូលរួមយ៉ាងសកម្មក្នុងការ​សម្រប​សម្រួល និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនសមាជិក សមាជិកា បាន​ជា​ច្រើន​ករណី ជាពិសេសការផ្សព្វផ្សាយចេញសេចក្តីប្រកាសព័ត៌មាន និងសេចក្តីជូន​ដំណឹង​នានា ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរ នៃគោរមវន្ត។

សមាគមឧកញ៉ាកម្ពុជា បាននិងកំពុងបំពេញការងារបានយ៉ាងល្អ និងត្រឹមត្រូវតាមស្តង់​ដារ ដើម្បីធានាបាននូវតម្លាភាព សុក្រឹតភាព គណនេយ្យភាព ការសន្សំសំចៃ និងប្រើ​ប្រាស់​ចំគោលដៅស្របទៅតាមទស្សនវិស័យ និងបេសកកម្មរបស់សមាគម ជាពិសេស ការគ្រប់គ្រងចំណូល និងចំណាយ ដែលត្រូវបានធ្វើសវនកម្មជាទៀងទាត់ពីក្រុមហ៊ុន​សវនករ​ឯករាជ្យ។

សម្រាប់កិច្ចការទំនាក់ទំនងសាធារណៈ អន្តរជាតិ និងធុរកិច្ចវិញ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានឱ្យដឹងថា សមាគម បានបំពេញការងារយ៉ាងសកម្មលើការកសាង​ទំនាក់​ទំនង​ជាមួយ​បណ្តាស្ថាប័នជាតិ និងអន្តរជាតិជាច្រើនប្រទេស និងស្ថាប័ន សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទាំងក្នុងនិងក្រៅប្រទេស តាម​រយៈ​ការអមដំណើរសម្តេចមហាធិបតី ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅក្រៅប្រទេស និង​ការអម​ដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិ​វឌ្ឍន៍​កម្ពុជា ក្នុងដំណើរបេសកម្មទាក់ទាញ និងជំរុញវិនិយោគនៅក្រៅប្រទេសដូចជាចិន, ថៃ, ឥណ្ឌា, ជប៉ុន, តួកគី, អាល្លឺម៉ង់, អេស្ប៉ាញ, សហរដ្ឋអាម៉េរិក, កាណាដា, បារាំង, ឆែក, និងចក្រភពអង់គ្លេសជាដើម។ ក្រៅពីការងារនេះ សមាគម ក៏បានចុះអនុស្សរណៈ រៀបចំ​កម្មវិធីវេទិកាធុរកិច្ច និងផ្គូផ្គងពាណិជ្ជកម្មជាមួយបណ្តាស្ថាប័នពាក់ពន្ធនានា ជាច្រើនផងដែរ។

សម្រាប់កិច្ចការសប្បុរិសធម៌ និងការងារសង្គមកិច្ច សមាគមឧកញ៉ាកម្ពុជា ក៏បានបំពេញ​សកម្មភាពសប្បុរិសធម៌ និងការងារសង្គមជាច្រើនផងដែរ ដែលបានបរិច្ចាគថវិកា​អស់​ប្រមាណ ៥,៥លានដុល្លារ គឺកើនឡើងចំនួន ៨៧៦ភាគរយ ធៀបនឹងឆ្នាំ២០២៣៕

អត្ថបទដោយ: srey mach

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…