ជយោសករាជសន្តិភាពនៃជាតិកម្ពុជា! ព្រែកជីកដែលកប់បាត់ជិត២ពាន់ឆ្នាំ ត្រូវគាស់រំលើងឡើងវិញហើយ ក្រោមសម្រែកសាទរទូទាំងនគរ

ជយោសករាជសន្តិភាពនៃជាតិកម្ពុជា! ព្រែកជីកដែលកប់បាត់ជិត២ពាន់ឆ្នាំ ត្រូវគាស់រំលើងឡើងវិញហើយ ក្រោមសម្រែកសាទរទូទាំងនគរ

បន្ទាប់ពីទន្ទឹងរង់ចាំយ៉ាងអន្ទះសារអស់ជាច្រើនខែ នៅព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ការដ្ឋានព្រែកជីកហ្វូណនតេជោ ត្រូវបានចាប់ផ្តើមជា​ផ្លូវការ​​ហើយក្រោមសម្រែកសាទរយ៉ាងកងរំពងពីសំណាក់ប្រជាពលរដ្ឋខ្មែរមិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ រួមទាំងពលរដ្ឋខ្មែរនៅក្រៅប្រទេសផងដែរ។

ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច​ចាប់​ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពិធីដែលប្រព្រឹត្តឡើងយ៉ាងមហោឡារិកនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធីដ៏មហារីករាយ​នេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋសរុបជិត២ម៉ឺននាក់។

ការដ្ឋានព្រែកជីកហ្វូណនតេជោ គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីកដែលកម្ពុជាមានក្នុងសម័យហ្វូណន ឬ​សម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។ តែជា​អកុ​សល​​​​ក្នុងរង្វង់សតវត្សរ៍ទី៥ ការចុះអន់ថយនៃអាណាចក្រហ្វូណនបូករួមជម្លោះផ្ទៃក្នុងនៃនគរខ្មែរ ព្រែកជីក​ហ្វូ​ណ​ន ក៏ត្រូវបានទុកចោលលែងមានការប្រើប្រាស់រហូតដល់ពេលបច្ចុប្បន្ន។

ជាភ័ព្វសំណាងសម្រាប់ជាតិកម្ពុជាក្រោមមាគ៌ាដ៏អស្ចារ្យ និងមគ្គទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាស្គាល់ការរួបរួម និងសុខសន្តិភាពជាថ្មី បានផ្តល់ឱកាសឱ្យកម្ពុជាមានឱកាសគាស់រំលើង​ឡើងវិញនូវបណ្តាញផ្លូវទឹកដ៏សំខាន់របស់អាណាចក្រខ្មែរឡើងក្រោយកប់បាត់ជិត២ពាន់ឆ្នាំ។

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីនាពេលនោះ បានសម្រេចឯកភាពទទួលយកគម្រោងរៀបចំផ្លូវនាវាចរណ៍នេះ​ឡើង​វិញ និងបានប្រសិទ្ធនាមថា «ព្រែកជីកហ្វូណនតេជោ» ដើម្បីផ្សារភ្ជាប់ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ពីអតីតកាលឡើងវិញ។

ដើម្បីជាការគោរពនូវមហាគុណូបការៈគុណរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំនាវាកម្ពុជា​ស្គាល់ការ​រួប​រួម ស្គាល់ការឯកភាពជាតិ ស្គាល់សុខសន្តិភាព និងផ្តួចផ្តើមឡើងនូវការផ្តួចផ្តើមគាស់រំលើងព្រែកជីកសម័យ​ហ្វូណន​ឡើងវិញនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានសម្រេចយកថ្ងៃទី៥ ខែសីហា ដែលចំ​ថ្ងៃ​កំណើតរបស់សម្តេចតេជោ ជាថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ សម្តេចតេជោ ហ៊ុន សែន បាន​ប្រ​សូត្រ​​នៅ​ម៉ោង ១២យប់ថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស.២៤៩៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាដឹកនាំគម្រោងផ្លូវទឹក​ជា​ប្រវត្តិសាស្ត្រនេះ បានឱ្យដឹងថា គម្រោងព្រែកជីកហ្វូណននេះ ជាគម្រោងដែលទាញសមុទ្រ ឱ្យជាប់ទន្លេ។ ការសិក្សាវិភាគក៏បានគូសបញ្ជាក់ឱ្យឃើញផងដែរថា គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងផ្ដល់អត្ថប្រយោជន៍​ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា រួមមានដូចជា៖ ១)ពង្រឹងនូវឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវទឹក, ២)កាត់បន្ថយថ្លៃដើម ចម្ងាយ និងពេលវេលានៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ, និងងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀត, ៣)កាត់បន្ថយការបំភាយឧស្ម័នពុលក្នុងបរិស្ថាន, ៤) ជួយរក្សាលំនឹងចីរភាពបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី, ៥)បង្កើតជម្រកថ្មីៗសម្រាប់ពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ ជាពិសេសអាចទទួលបានទិន្នផល ត្រីជាមធ្យមប្រមាណ ១ ០០០តោន ក្នុងមួយឆ្នាំ ដែលអាចឱ្យប្រជាពលរដ្ឋប្រមាណជាង ១,៦លាននាក់ រស់នៅអមសងខាងព្រែកអាស្រ័យផលជាប្រចាំ, ៦) ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមាសម្រាប់ខេត្តភាគខាងកើត និងភាគនិរតីរបស់កម្ពុជា, ៧)ផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋប្រមាណជាង ១ម៉ឺននាក់ សម្រាប់ចូលរួមដំណើរការសាងសាង់ព្រែកជីកនេះ និងអាចបង្កើតការងារជាងរាប់សិបម៉ឺននាក់ នៅក្រោយពេលសាងសង់រួច និង ៨) ផ្តល់អត្រាផល ចំណេញសេដ្ឋកិច្ចខ្ពស់ (EIRR) ពី ២០ភាគរយ ទៅ ៣១ភាគរយ ខ្ពស់ជាងអត្រាមធ្យម ១២ភាគរយ ដែលត្រូវបានកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។

+ លក្ខណៈបច្ចេកទេសនៃគម្រោងព្រែកជីកហ្វូណនតេជោ៖

* គម្រោងនេះ ត្រូវបានប្រើប្រាស់ពេលវេលាសិក្សាសរុប ២៦ខែ ចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២១ និងបញ្ចប់របាយការណ៍សិក្សាបច្ចេកទេសទាំងស្រុង នាខែមេសា ឆ្នាំ២០២៣។

* គម្រោងនេះត្រូវបានចូលរួមអនុវត្តការសិក្សាស្រាវជ្រាវដោយក្រុមជំនាញការបច្ចេកទេស​នៃក្រសួងសាធារ​ណ​ការ និងដឹកជញ្ជូន និងក្រុមជំនាញការបច្ចេកទេសជាន់ខ្ពស់របស់ភាគីចិនសរុបចំនួន ៤៨នាក់។

* គម្រោងនេះត្រូវបានសិក្សាយ៉ាងលម្អិត និងគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព ដោយមានការសិក្សាវិភាគ និងវាយតម្លៃយ៉ាងច្បាស់លាស់លើ៖ ១)ទីតាំងភូមិសាស្រ្ត ដោយប្រើប្រាស់បច្ចេកវិទ្យាដ្រូន និងរូបភាពពីផ្កាយ​រណប, ២)ផលប៉ះពាល់សង្គមនិងសេដ្ឋកិច្ចដោយប្រើឧបករណ៍ម៉ូដែលវិភាគសេដ្ឋកិច្ចរបស់ ADB និងផល​ប៉ះពាល់ផ្សេងៗទៀតដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្រ្ត (GIS), ៣)បញ្ហាជលសាស្រ្ត និងកករដី​ដោយប្រើឧបករណ៍ម៉ូដែលជលសាស្រ្តទំនើប (MIKE Plus 2023) និង ៤)ការសិក្សាលើចលនាបម្រែបម្រួល (Simulation)នៃកម្ពស់ទឹកក្នុងតំបន់ ផ្អែកលើព័ត៌មានចាប់តាំងពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ២០២៣ ដើម្បីធានា​ឱ្យ​បានថាគម្រោងនេះនឹងមិនមានផលប៉ះពាល់ដល់បរិស្ថានទាំងក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសជិតខាង។

* ចំពោះតម្រាយផ្លូវទឹកនេះ ដែលត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែក​តាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្ត​រហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងព្រែកជីកនេះនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹក​បុរាណដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម្ល៉េះ ក្នុងនោះផ្លូវទឹក​ធម្មជាតិដែល​មាន​ស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេក មានប្រវែងប្រមាណ ៣៨​គីឡូ​ម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយ​ចម្ងាយ​តភ្ជាប់​ទៅកាន់សមុទ្រ។

* ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ, មុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ, ជម្រៅ​ទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង ដែលអាចអនុញ្ញាតឱ្យនាវាមានទម្ងន់ ១០០០DWT បើគិតតាមស្តង់ដាររបស់គណៈកម្មការទន្លេមេគង្គ និងរហូតដល់ ៣០០០DWT បើគិតតាមស្តង់​ដារប្រទេសចិន អាចចេញ-ចូល ចៀសគ្នាបានដោយសុវត្ថិភាព និងធ្វើនាវាចរណ៍បានគ្រប់ពេលវេលា។ ជម្រៅ​ទឹក ៥,៤ម៉ែត្រនេះ គឺជាកម្រិតនៃជម្រៅទឹកដែលស្ថិតនៅក្រោមនីវ៉ូនៃកម្រិតកម្ពស់ទឹកដែលទាបបំផុតក្នុង រយៈពេល ៤០ឆ្នាំ ចាប់ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០២៤ នៃតំបន់ទន្លេ និងសមុទ្រ។ ដូចនេះហើយ ដើម្បីធានាឱ្យ​បាន​នូវជម្រៅទឹកយ៉ាងទាបបំផុត ៥,៤ម៉ែត្រ ទាំងក្នុងរដូវប្រាំង និងរដូវវស្សាទាមទារឱ្យធ្វើការជីកពីផ្ទៃដីខាងលើ ដោយនៅតំបន់ខ្លះ ២០ម៉ែត្រ ឬរហូតទៅដល់ ៣០ម៉ែត្រ ទើបអាចសម្រេចបាននូវជម្រៅទឹក ៥,៤ម៉ែត្រ នេះ ជាកម្រិតជម្រៅទឹកអប្បបរមា រីឯរដូវវស្សាជម្រៅទឹកអាចឡើងរហូតដល់ជាង១០ ឬ១៥ម៉ែត្រ។

* គម្រោងនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្ត កណ្តាល ខេត្តតាកែវ និងខេត្តកែប ដែល​ធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់​បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានប្រកបដោយប្រសិទ្ធភាពខ្ពស់។

* គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ខាង​មុខ ប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិក ដោយត្រូវបានចែកចេ​ញជាពីរ​កំណាត់​៖ កំណាត់ទី១ ដែលមានចម្ងាយ ២១គីឡូម៉ែត្រ ពីព្រែកតាកែវនៃទន្លេមេគង្គទៅព្រែក​ពោធិ៍នៃទន្លេបាសាក់ នឹង​ត្រូវវិនិយោគ ១០០ភាគរយ ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក រីឯកំណាត់ទី២ ដែលមាន​ចម្ងាយ ១៥៩គីឡូម៉ែត្រ ពីទន្លេបាសាក់ខេត្តកណ្តាលរហូតដល់សមុទ្រខេត្តកែប និងត្រូវវិនិយោគរួមគ្នារវាង​សហ​គ្រាស​សាធារណៈ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)។ ការវិនិយោគនេះ នឹង​ត្រូវ​អនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់នឹងវិបត្តិ

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន…

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយ ចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ។ ការលើកឡើងបែបនេះរបស់ឯកឧត្តមរដ្ឋមន្រ្ដី ហេង សួរ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា…
អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជូនពលករ ធ្វើការចុះឈ្មោះដើម្បីផ្តល់ការងារ និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើតវិញ ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុងទូទាំងប្រទេសកម្ពុជា។ ចំពោះករណីពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ…
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។…