ក្រសួងទេសចរណ៍ឯកភាពជំរុញកិច្ចប្រតិបត្តិការជាមួយរដ្ឋបាលខេត្តហឺណាន ក្រោមស្មារតី «ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤»
- Travelទេសចរណ៍នយោបាយ និងការបរទេស
- April 23, 2024
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន សូវកាង (Sun Shougang) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងជាអភិបាលរងប្រតិបត្តិខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការជំរុញកិច្ចប្រតិបត្តិការរវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហឺណាន ក្រោមស្មារតីនៃ «ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤» និង“ផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី (២០២៤-២០២៨)” រវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា និងរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ុន សូវកាង និងបានថ្លែងអំណរគុណចំពោះឯកឧត្តម ដែលគាំទ្រដល់ស្មារតី “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤” តាមរយៈការសហការរៀបចំ “ការសម្តែងក្បាច់គុនសាវលីញ និងល្បុក្កតោនៅអង្គរ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ដើម្បីជួយដល់ការទាក់ទាញទេសចរអន្តរជាតិ ជាពិសេសទេសចរចិនមកកាន់ខេត្តសៀមរាប។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាចលករដ៏សំខាន់មួយក្នុងការចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តម ស៊ុន សូវកាង បានលើកឡើងថា កម្ពុជាជាមិត្តដ៏ស្មោះត្រង់របស់ចិន ហើយតែងគាំទ្រគោលនយោបាយចិន និងបានប្ដេជ្ញាចូលរួមគាំទ្រអនុវត្តនូវវិធានការ និងសកម្មភាពយុទ្ធសាស្ត្រនានា ដែលបានដាក់ចុះក្នុងការស្ដារវិស័យទេសចរណ៍កម្ពុជាឡើងវិញ។
ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន និងឯកឧត្តម ស៊ុន សូវកាង បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំដោយផ្តោតលើការជំរុញអនុវត្ត «គម្រោងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ហឺណាន-អាស៊ាន“ «គម្រោងវិថីសូត្រផ្លូវអាកាស” និងបានឯកភាពបង្កើតក្រុមការងារដើម្បីអនុវត្តខ្លឹមសារកំណត់ហេតុនៃកិច្ចប្រជុំខាងលើនេះឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍នៃប្រទេសទាំងពីរ៕
អត្ថបទដោយ៖ Nou Seyha