ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១

ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១។ វេទិកានេះរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

បច្ចេកវិទ្យាឌីជីថល គឺជាវិស័យដ៏មានសារៈសំខាន់ក្នុងយុគសម័យបរិវត្តកម្មឌីជីថលនេះ ដើម្បីជំរុញដល់​កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោ​បាយសេដ្ឋកិច្ច និង​សង្គមឌីជីថលតាំងពីពេលសម្តេចតេជោ ហ៊ុន សែន​ ដឹកនាំប្រទេសមកម្ល៉េះ។ ក្នុងនីតិកាលថ្មីដឹកនាំដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រួចមុំការងាររបស់រាជរដ្ឋាភិបាលលើឌីជីថលកាន់តែច្បាស់លាស់ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងនោះបញ្ចកោណទី៥ បានផ្តោតលើការអភិវឌ្ឍ​សេដ្ឋ​កិច្ច និងសង្គមឌីជីថល។

ផ្អែកលើស្មារតីខាងលើនេះហើយ ទើបក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍រៀបចំឡើងនូវ «វេទិការដ្ឋា​ភិ​បា​លឌីជីថល ឆ្នាំ២០២៤»។ វេទិកានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែក​បទពិសោធន៍នៃការ​ធ្វើបរិ​វត្ត​កម្មរដ្ឋាភិបាលឌីជីថល និងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអ្នកជំនាញ​បរិវត្តកម្មឌីជីថល​នៃ​បណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាការបង្ហាញអំពីសមិទ្ធផលរបស់​គណៈកម្មាធិការរដ្ឋា​ភិបាលឌីជីថល​កម្ពុជា ដែលបានបង្កើតឡើងរយៈពេលប្រមាណ១៨ខែកន្លងមកនេះ​ស្របតាមក្របខណ្ឌគោល​នយោ​បាយ​សេដ្ឋកិច្ច និង​សង្គមឌីជីថល២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា​២០២២​-២០៣៥ ជាពិ​សេ​សបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល​កម្ពុជា។

វេទិកានេះត្រូវបានបែងចែកចេញជាពីរផ្នែក ដែលផ្នែកទី១ជាទម្រង់សិក្ខាសាលា ដែលមានការរៀបចំកិច្ច ពិភាក្សា និងការចែករំលែកអំពីប្រធានបទសំខាន់ៗ ពីវាគ្មិនជាតិ និងអន្តរជាតិពាក់ព័ន្ធទិដ្ឋភាព​គោល​នយោ​​បាយ និន្នាការនៃការរីកចម្រើនរបស់បច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្ត​នៃការ ជំរុញ​ល្បឿនបរិវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។

ផ្នែកទី២ ជាទម្រង់ពិព័រណ៍ឌីជីថល ដែលមានការតាំងពិព័រណ៍ពីបច្ចេកវិទ្យាឌីជីថល ផលិតផល និង​ដំណោះ​ស្រាយបម្រើឱ្យរដ្ឋាភិបាលឌីជីថល​ ដែលមានការចូលរួមពីក្រសួងស្ថាប័ន និងក្រុមហ៊ុនជាតិ និងអន្តរ​ជាតិ​ផង​ដែរ ។​

ខាងក្រោ​មជាប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសអញ្ជើញបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត មានសេចក្តីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុងពិធីបើក «វេទិការដ្ឋាភិបាល ឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី ១», ក្រោមប្រធានបទ «ការលើកកម្ពស់ចីរភាព និង បរិយាប័ន្ននៃការអភិវឌ្ឍ តាមរយៈការអនុវត្តគោល នយោបាយឌីជីថល» ដែលមានការចូលរួមពីបណ្ដាប្រទេសអាស៊ាន, ប្រទេសក្នុងតំបន់ ក៏ដូចជា ក្រសួង-ស្ថាប័ន, វិស័យឯកជន, សាកលវិទ្យាល័យ និង ដៃគូអភិវឌ្ឍន៍របស់កម្ពុជា។

* សម្តេចធិបតី សូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំៗ ក្នុងវិស័យឌីជីថល ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង លេខាធិការដ្ឋានអាស៊ាន សម្រេចបាននាពេលកន្លងទៅ, ទាំងក្នុងក្របខ័ណ្ឌកម្ពុជានិងក្របខ័ណ្ឌអាស៊ាន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត សូមវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង សម្រាប់រយៈពេល ៣ ថ្ងៃ ដើម្បីអបអរសាទរសមិទ្ធផល ដែលយើង សម្រេចបានកន្លងមក ព្រមទាំងរួមគ្នាបង្កើតសមិទ្ធផលថ្មី តាមរយៈការពិភាក្សាផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗ, លើកគំនិតផ្តួចផ្តើម និង កិច្ចសហប្រតិបត្តិការនានា, ព្រមទាំងជំរុញការអភិវឌ្ឍសេវាសាធារណៈឌីជីថលថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ ប្រជាពលរដ្ឋកម្ពុជា និងអាស៊ាន ក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថលពេញលេញ ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និង កសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន, ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះក៏រក្សាឱ្យបាននូវអត្តសញ្ញាណ និង វប្បធម៌ជាតិ ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, ការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជាបានបោះជំហានទៅមុខក្នុង ល្បឿនមួយគួរឱ្យកត់សម្គាល់។ វិបត្តិនៃជំងឺកូវីដ១៩ បានជំរុញឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែខ្លាំង និងជ្រាលជ្រៅជាងពេលណាៗទាំងអស់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាក់ស្ដែង ការទូទាត់សងប្រាក់ឌីជីថលបានកើនដល់ចំនួនប្រមាណ ៤៩២ ប៊ីលាន ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣ ដែលប្រហែលនឹង ១៦ដងនៃ GDP ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំនួនអ្នកចុះឈ្មោះ ប្រើប្រាស់សេវាអ៊ីនធឺណិតចល័ត និងអ្នកចុះឈ្មោះប្រើប្រាស់សេវាទូរស័ព្ទចល័ត បានកើនដល់ប្រមាណជាង ១៩ លាននាក់ ក្នុងឆ្នាំ ២០២៣ ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ដែលបានទទួលពានរង្វាន់ឌីជីថលមេដាយមាសអាស៊ាន កាលពីពេលថ្មីៗនេះ នឹងដើរតួនាទីគន្លឹះ ក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទដើម្បី ឧត្តមប្រយោជន៍ សម្រាប់ប្រជាជនកម្ពុជា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្រៅពីសមិទ្ធផលខាងលើ សម្តេចចង់យកឱកាសនេះគូសរំលេច និង រំលឹកឡើងវិញ អំពីការងារជាសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាលក្នុងការងារជំរុញឌីជីថលូបនីយកម្ម រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តគម្រោងបច្ចេកវិទ្យា ព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ; គម្រោងប្រព័ន្ធបញ្ជរតែមួយជាតិ; ប្រព័ន្ធអេឡិចត្រូនិកពន្ធដារ និង គយ; ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ប្រព័ន្ធចុះបញ្ជីអាជីវកម្ម និងផ្តល់អាជ្ញាប័ណ្ណ, ប្រព័ន្ធអប់រំឌីជីថល ឬអេឡិចត្រូនិក, ប្រព័ន្ធគ្រប់គ្រងផ្នែកអត្តសញ្ញាណកម្ម, ប្រព័ន្ធគ្រប់គ្រងដីធ្លី និង យានយន្ត ជាដើម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange – CamDX) ដែលជាថ្នាលគន្លឹះមួយ ត្រូវបាននិង កំពុងប្រើប្រាស់យ៉ាងសកម្មដោយស្ថាប័នសាធារណៈ និងវិស័យឯកជន ក្នុងការចែករំលែក និង ផ្លាស់ប្តូរទិន្នន័យក្នុងប្រព័ន្ធអេកូឡូស៊ីរួម ក៏ធ្លាប់ទទួលបានជ័យលាភីអន្តរជាតិ ក្នុងកម្មវិធីពានរង្វាន់ អនាគតរដ្ឋាភិបាល (Future of Government Award) ក្នុងឆ្នាំ ២០២២ ផងដែរ ។ នេះជាមោទនភាពមួយ បន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការងារឌីជីថលូបនីយកម្មវិស័យរដ្ឋាភិបាល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល ដោយស្មារតីបុរេសកម្ម និងបើកចំហ សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលជាតិ និងគោលដៅអភិវឌ្ឍន៍ ឌីជីថលតំបន់ និងសកល ដូចមានកំណត់ក្នុងផែនការមេឌីជីថលអាស៊ាន ២០២៥ និង យុទ្ធសាស្ត្រឌីជីថល ២០២២-២០២៥ របស់អង្គការសហប្រជាជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា បាននិងកំពុងចូលរួមជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការជំរុញការរៀបចំ កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលរំពឹងថានឹង ជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពី ១ទ្រីលានដុល្លារ ដល់ ២ទ្រីលានដុល្លារ ត្រឹមឆ្នាំ ២០៣០។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីជាធាតុចូលបន្ថែមដល់កិច្ចពិភាក្សា, សម្តេចធិបតី សូមស្នើឱ្យអង្គវេទិការការយកចិត្តទុកដាក់លើចំណុចជាគន្លឹះ
ចំនួន៥ ដូចខាងក្រោម៖

ទី១. ការឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Generative AI) ដែល, ម៉្យាងនាំឱ្យមានការជំរុញ នវានុវត្តន៍ និងបង្កើនផលិតភាព និងម៉្យាងទៀត នាំឱ្យមានកំណើននៃរំហូរទិន្នន័យឯកជនប្រជាពលរដ្ឋ និងការប្រើប្រាស់ ទិន្នន័យទាំងនោះឆ្លងកាត់ព្រំដែន ដែលបង្កជាការព្រួយបារម្ភ ដល់ការយកប្រៀបផ្នែកពាណិជ្ជកម្ម ការបំពានឯកជនភាពរបស់ប្រជាពលរដ្ឋ និង ការគំរាមកំហែងសន្តិសុខសាយប័រ ជាដើម ។

ទី២. ការសម្រួចបន្ថែមលើវិធានការគោលនយោបាយពាក់ព័ន្ធ និងការអនុវត្តកម្មវិធីបរិវត្តកម្មរដ្ឋាភិបាល ឌីជីថល ដោយប្រើប្រាស់អភិក្រម «រដ្ឋាភិបាលទាំងមូល» (Open Whole-of-Government Approach) និងការបើកចំហសម្រាប់ការចូលរួមពីគ្រប់តួអង្គ ។

ទី៣. ការធ្វើសុខដុមនីយកម្មលើគោលនយោបាយ, បទប្បញ្ញត្តិ, ស្តង់ដារវាងប្រទេសក្នុងតំបន់ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងសេវាឌីជីថលក៏ដូចជា ការពង្រឹងនូវការចែករំលែកចំណេះដឹងនិងបទពិសោធន៍។

ទី៤. ការកំណត់ចលករគន្លឹះជំរុញការកសាងមូលធនមនុស្សឌីជីថល និងវិធីសាស្រ្តជំរុញសន្ទុះនៃការ បង្កើនសមត្ថភាពចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល របស់ប្រជាពលរដ្ឋ ។

ទី៥. ការពង្រឹងយន្តការតំបន់ ដើម្បីឆ្លើយតបនឹងបញ្ហាសន្តិសុខសាយប័រ និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាជាអាទិ៍ការឆបោកតាមប្រព័ន្ធអនឡាញ (Online scam) និង ព័ត៌មានក្លែងក្លាយ។

Related post

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់នឹងវិបត្តិ

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន…

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយ ចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ។ ការលើកឡើងបែបនេះរបស់ឯកឧត្តមរដ្ឋមន្រ្ដី ហេង សួរ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា…
អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជូនពលករ ធ្វើការចុះឈ្មោះដើម្បីផ្តល់ការងារ និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើតវិញ ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុងទូទាំងប្រទេសកម្ពុជា។ ចំពោះករណីពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ…
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។…