- ព័ត៌មានជាតិ
- March 3, 2024
មន្ត្រីរាជការរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ចំនួន ២០២នាក់ បានធ្វេីតេស្តរកសារធាតុញៀន ដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់
ខេត្តត្បូងឃ្មុំ បានអនុវត្តនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ កាលពីថ្ងៃទី២០ កុម្ភៈ ២០២៤ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ត្រីជំនាញរបស់ស្នងការនគរបាលខេត្ត បានរៀបចំការធ្វើតេស្តសារធាតុញៀនចំពោះមន្ត្រីក្រោមឱវាទរបស់រដ្ឋបាលខេត្ត ចំនួន ២០២នាក់ (ស្ត្រី ៨៣នាក់) ។ ជាលទ្ធផលនៃការធ្វើតេស្ត បានរកឃើញថា មន្ត្រីទាំង ២០២នាក់ ពុំមានជាប់ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់នោះទេ ។
សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានតាំងចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយនឹងបន្តរៀបចំការធ្វើតេស្តចំពោះមន្ត្រី នៅតាមបណ្តាមន្ទីរ និងអង្គភាពពាក់ព័ន្ធដទៃទៀត ចំណុះឱ្យរដ្ឋបាលខេត្ត ។
មន្ត្រីរាជការ ត្រូវបន្តជាគំរូស្អាតស្អំ ដល់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យអស់ពីកម្ពុជា ៕