ប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងពលតូចអន្តរាគមន៍លេខ៥
- ការពារជាតិ
- March 1, 2024
ប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងពលតូចអន្តរាគមន៍លេខ៥
ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលមអន្តរាគមន៍លេខ២ អញ្ជើញជាអធិបតីក្នុងពីធី ប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងពលតូចអន្តរាគមន៍លេខ៥។
ឯកឧត្តឧត្តម សេនីយ៍ឯក កែវ ធី មានប្រសាសន៍លើកឡើងអំពីសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗ ជូនដល់នាយទាហាន និងនាយទាហានរង បានជ្រាប និង បានបន្តដាក់បទបញ្ជារ លើការងារកសាងពង្រឹងប្រៀបការពារជាតិ ការងារគ្រប់គ្រងកសាងកម្លាំងដោយប្រព័ន្ធDigital (ឌីជីថល) ការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្រ្ត និងការងារបច្ចេកទេស(ការគ្របគ្រងអាវុធគ្រាប់ គ្រឿងចក្រ) ដល់កងពលតូចអន្តរាគមន៍លេខ៥ ត្រូវបន្តយកចិត្តទុកដាក់អោយបានម៉ឺងម៉ាត់ ម្ចាស់ការត្រួតពិនិត្យ និងតាមដានអោយបានជាប់ជាប្រចាំ ដើម្បីធានាការពារអោយបាននូវបូរណភាពដឹកដី និងទប់ស្កាត់អោយបាននូវរាល់បទល្មើសផ្សេងៗ។
ក្នុងឱកាសនោះ ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានផ្តល់កិត្តិយស បំពាក់ឋានន្តសក្តិ និងប្រគល់ប័ណ្ណសរសើរជូនដល់នាយទាហានដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចនាពេលកន្លងមក សរុបចំនួន ២៤នាក់។
ឆ្លៀតក្នងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី បានផ្តល់នូវអនុសាសន៍មួយចំនួន ដល់នាយទាហាន នាយទាហានរង និងពលទាហានកងពលតូចអន្តរាគមន៍លេខ៥ ត្រូវយកចិត្តទុកដាក់នូវចំនុចដូចខាងក្រោម៖
១.លើកកម្ពស់មនសិកាស្នេហាជាតិ ស្នេហាប្រជាជន និងតម្កល់ផលប្រយោជន៍ជាតិជាធំ។
២.ពង្រឹងចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុងទាំងឆន្ទៈ និងសកម្មភាពឱ្យបានរឹងមាំគ្រប់កាលៈទេសៈ។
៣.លើកកម្ពស់ស្មារតីសិក្សាស្វែងយល់ បង្កើនបានចំណេះដឹងចំណេះធ្វើ ចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ។
៤.បែងចែកតួនាទីភារកិច្ចដឹកនាំ ជូនមេបញ្ជាការគ្រប់ជាន់ថា្នក់ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
៥.ត្រូវបន្តអនុវត្តម៉ឹងម៉ាត់ ៥ខ្លឹមសារប្រឡងប្រណាំងរបស់កងទ័ពជើងគោក ជាសកម្មភាពជាកស្ដែងក្នុងការកសាង និងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។
៦.កែទម្រង់ស៊ីជម្រៅរបៀបរបបការងារ តាមអភិក្រមការងារ «ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់»។
ជាទីបញ្ចប់ ឯកឧត្តម មេបញ្ជាការ សង្ឃឹមយ៉ាងមុតមាំថា នាយទាហាន នាយទាហានរង កងពលតូចអន្តរាគមន៍លេខ៥ យកអនុសាសន៍ខាងលើនេះ ទៅអនុវត្តន៍ជាសកម្មភាពជាក់ស្តែងក្នុងការបំពេញ និងសម្រេចដោយជោគជ័យ ផែនការសកម្មភាពការងារយោធា សន្តិសុខ ឆ្នាំ២០២៤ រួមចំណែកក្នុងការលើកកម្ពស់កិត្យានុភាព កងពលធំអន្តរាគមន៍លេខ២ នៅក្នុងកងយោធពលខេមរភូមិន្ទ។