
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនពលរដ្ឋដែលជម្លៀសខ្លួនមកកាន់ទីសុវត្ថិភាព ក្នុងភូមិតាកឹង ឃុំថ្មី ស្រុកគូលែន ក្រោយប៉ះទង្គិចគ្នាជាមួយកងទ័ពថៃ
- ការពារជាតិព័ត៌មានជាតិព័ត៌មានផ្សេងៗ
- May 30, 2025
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អមដំណើរដោយឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ និងបានជម្លៀសខ្លួនមកកាន់ទីសុវត្ថិភាព ស្ថិតក្នុងភូមិតាកឹង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ហ៊ុន ម៉ានិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រៀមលក្ខណៈក្នុងការវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើមវិញ ដើម្បីចាប់ផ្តើមការងារបង្កបង្កើនផល និងប្រកបមុខរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញ ក្រោយពេលដែលស្ថានភាពនៅតាមបណ្ដោយព្រំដែនមានភាពស្ងប់ស្ងាត់ និងមានសន្តិសុខល្អប្រសើរ។
ជាមួយនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការចរចា និងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងការដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅតាមបណ្ដោយព្រំដែន ដោយឈរលើគោលការណ៍សន្តិវិធី និងផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕