នាយករដ្ឋមន្ត្រីវៀតណាម អរគុណកម្ពុជារួមចំណែកជួយដល់​ការបង្រួបបង្រួមវៀតណាកាលពី៥០ឆ្នាំមុន សម្តេចតេជោ ប្រាប់វៀតណាម ពីមុនកម្ពុជា-វៀតណាម ជួយគ្នាដោយកម្លាំងទ័ព ឥឡូវត្រូវជួយគ្នាដោយការធ្វើពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រីវៀតណាម អរគុណកម្ពុជារួមចំណែកជួយដល់​ការបង្រួបបង្រួមវៀតណាកាលពី៥០ឆ្នាំមុន សម្តេចតេជោ ប្រាប់វៀតណាម ពីមុនកម្ពុជា-វៀតណាម ជួយគ្នាដោយកម្លាំងទ័ព ឥឡូវត្រូវជួយគ្នាដោយការធ្វើពាណិជ្ជកម្ម

(ហូជីមិញ, វៀតណាម)៖ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀត​ណាម បានបង្ហាញការដឹងគុណចំពោះការជួយជ្រោមជ្រែងរបស់​កម្ពុជា ធ្វើឱ្យប្រទេសវៀតណាម ដណ្តើមបានវៀតណាមខាងត្បូង ហើយក៏ជាពេលវេលានៃការបង្រួបបង្រួមវៀតណាមកាលពី៥០ឆ្នាំមុន។

ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ជាពេលវេលាដែលវៀតណាមខាងជើង វាយដណ្តើមបានវៀតណាមខាងត្បូង គាំទ្រដោយសហរដ្ឋអាមេរិក ហើយក៏ជាពេលវេលាដែលវៀតណាម ប្រកាសយ៉ាងមហោឡារិកនៃ​ការ​បង្រួបង្រួមវៀតណាមខាងជើង និងខាងត្បូង ក្រោយធ្វើសង្គ្រាម​អស់​ជាច្រើនឆ្នាំ។ ជោគជ័យនៃការបង្រួបបង្រួមរបស់វៀតណាម ត្រូវ​បានចារក្នុងប្រវត្តិសាស្ត្រថា កម្ពុជា ជាចំណែកយ៉ាងធំធេងនៃការបង្រួប​បង្រួម​វៀតណាម។

ក្នុងយុទ្ធសាស្ត្រសង្គ្រាម វៀតណាមខាងជើង ជួប​ការ​លំបាកយ៉ាងខ្លាំង​ក្នុងការចូលមកវាយដណ្តើមយកទឹកដីវៀតណាមខាងត្បូង។ តែដោយ​មានការជួយជ្រោមជ្រែងរបស់សម្តេច នរោត្តម សីហនុ ព្រះបរមរត​ន​កោដ្ឋ តាមរយៈផ្លូវលំហូរជីមិញ កងទ័ពវៀតណាមខាងជើង ប្រើប្រាស់​ទឹក​ដី​កម្ពុជា វាយចូលវៀតណាមខាងត្បូង រហូតដណ្តើមបានជោគ​ជ័យ។ អ្នកជំនាញលើសមរភូមិសង្គ្រាម បានមើលឃើញថា បើគ្មានការ​ជួយពីកម្ពុជា វៀតណាមខាងជើង មិនអាចវាយដណ្តើមយកវៀតណាម​ខាងត្បូង​បាននោះឡើយ។

ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ រដ្ឋាភិបាលវៀតណាម បានប្រារព្ធ​ពិធីអបអរសាទរយ៉ាងមហោឡារិកនៃខួប៥០ឆ្នាំថ្ងៃដែលពួកគេដណ្តើមបានវៀតណាមខាងត្បូង ថ្ងៃដែលអាមេរិកបរាជ័យសង្គ្រាមនៅ​វៀ​ត​ណាម​ខាងត្បូង បរាជ័យក្នុងកិច្ចការពារសម្ព័ន្ធមិត្ត និងជាថ្ងៃ​ដែលគេ​បង្រួប​បង្រួម។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធាន​គណ​បក្សប្រជាជនកម្ពុជា ក៏ត្រូវបានអញ្ជើញចូលរួមក្នុងពិធីដ៏មហោឡារិក​នេះ​ផងដែរ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥, ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានអរគុណកម្ពុជា ដែលបានចូល​រួមចំណែក​ការជួយវៀតណាម ឱ្យសម្រេចបានជោគជ័យ។​ ឯកឧត្តម ក៏​បាន​អរគុណ​រាជរដ្ឋាភិបាលកម្ពុជា ដែលបញ្ជូនកងទ័ពមកចូលរួមដើរ​ព្យុះ​​​ហយាត្រា​កង​ទ័ព។

ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ក៏បានអរគុណសម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមក្នុងពិធីអបអរសាទរ​នេះ។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទររដ្ឋាភិបាល និងប្រជាជន​វៀតណាម ក្នុងឱកាសខួប៥០ឆ្នាំ នៃការបង្រួបង្រួមជាតិវៀតណាម។ សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏អរគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋសភា និងរដ្ឋាភិបាលវៀតណាម ចំពោះការស្វាគមន៍ និងបដិសណ្ឋា​រ​កិច្ចយ៉ាងកក់ក្តៅចំពោះសម្តេច និងគណៈប្រតិភូកម្ពុជាទាំងអស់ ក្នុង​ឱកាសចូលរួម ព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្ត្ររ​បស់​ប្រទេសវៀតណាម ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីអតីតកាល​កម្ពុជា និងវៀតណាម បានជួយគ្នា ពឹងគ្នាទៅវិញ តាមរយៈកងទ័ព តែឥឡូវ កម្ពុជា និងវៀតណាមជួយគ្នា និងពឹងគ្នា ទៅវិញទៅមក តាមរយៈសេដ្ឋ​កិច្ច ពោលគឺការធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វៀតណាម ពូកែកែច្នែ កម្ពុជាពូកែ​ដាំ ដូចជា ស្វាយចន្ទី កម្ពុជា ជាប់លេខ១ នៅលើពិភពលោក ក្នុងការ​ផលិត​គ្រាប់ស្វាយចន្ទី ឯវៀតណាមជាប់លេខ១ ខាងកែច្នៃនាំចេញ​ស្វាយចន្ទី​ទៅលក់នៅលើពិភពលោក។ ដូច្នេះវាមានទំនាក់ទំនងគ្នា​ទៅវិញ​ទៅមកនៅក្នុងពាណិជ្ជកម្ម។

សម្តេចតេជោ បន្ថែមថា ការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ជាពិសេសសង្គ្រាមពាណិជ្ជកម្មដែលផ្សារភ្ជាប់ជាមួយភូមិសាស្ត្រ​នយោ​បាយ កំពុងជះឥទ្ធិពលអវិជ្ជមានមកលើប្រទេសជាច្រើនរួមទាំង​ប្រទេស​កម្ពុជា និងវៀតណាមផងដែរ។ ស្ថិតក្នុងស្ថានភាពបែបនេះ និង​ជាងពេលណាៗទាំងអស់ កម្ពុជា និងវៀតណាម ត្រូវសហការ និងជួយគ្នាទៅវិញទៅមក ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្ត​ភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាព​យូរអង្វែង»។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់ឃើញប្រទេស​ទាំង​ពីរពង្រីកនូវពាណិជ្ជកម្មជាមួយគ្នាក្នុងនាមជាប្រទេសជិតខាង ដោយ​មិនគួរសំឡឹងមើលទីផ្សារនៅឆ្ងាយពេកនោះទេ។

សម្តេចតេជោ ក៏អបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំរបស់​ក្រសួង​ពាណិជ្ជកម្មទាំងពីរនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហា​ណូយ ដែលភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្មទ្វេភាគីសម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦ ដោយ​ឯក​ភាព​បង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំ​ពា​ណិជ្ជ​កម្ម​ដល់គោលដៅ២០ពាន់លានដុល្លាអាមេរិក និង ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។

សម្តេចតេជោប្រធានព្រឹទ្ធសភា សង្កត់ធ្ងន់ថា គោលដៅ ២០ពាន់លាន​ដុល្លារនេះ ជាគោលដៅអាចធ្វើបាន មិនមែនជាគោលដៅដែលធំជ្រុល​ធ្វើមិនបាននោះឡើយ។ សម្តេចតេជោបន្ថែមថា ថ្វីបើវៀតណាម ជា​ប្រទេសធំមានប្រជាជនដល់ ១០៦លាន់នាក់ ជាទីផ្សារធំ តែកម្ពុជា​មាន​ប្រជាជនតែ ១៧ លាននាក់ពិតមែន តែមានតម្រូវការខ្ពស់។

ក្រៅពី​ពាណិជ្ជកម្ម ឆ្លៀតនៅក្នុងឱកាសនោះ សម្ដេចតេជោ បានវាយ​តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សរវាងប្រទេសទាំងពីរ ដោយសម្តេចអរគុណវៀតណាម ដែលបានយក​ចិត្ត​ទុក​ដាក់ចំពោះការរស់នៅរបស់និស្សិត និងសិក្ខាកាមកម្ពុជាដែលកំពុង​សិក្សានៅវៀតណាម ហើយវៀតណាម បន្តផ្តល់អាហារូបករណ៍ និងវគ្គ​បណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីរាជការកម្ពុជា សំដៅពង្រឹង​សមត្ថ​ភាព​មូលធនមនុស្សកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ផាម មិញជិញ ក៏ពេញចិត្តចំពោះ​កិច្ចព្រម​ព្រៀង​សម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីផងដែរ។ លោក សង្ឃឹមថា ពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ២០ពាន់​ដុល្លារ តាមការចង់បានរបស់ប្រទេសទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីវៀត​ណាមបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ វៀតណាម នឹងទិញអង្ករ ស្វាយចន្ទី និងគ្រឿងសមុទ្របន្ថែមទៀតពីកម្ពុជា។

ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏សន្យាចំពោះមុខសម្តេចតេជោ ក្នុងការបញ្ចុះ​ពន្ធ​នៃការនាំស៊ីម៉ង់តិ៍ទៅកាន់ប្រទេសកម្ពុជា និងសន្យាផ្តល់អាហា​រូប​ករណ៍ ដល់និស្សិតកម្ពុជា តាមតម្រូវការរបស់កម្ពុជា ជាពិសេសនៅក្នុង​វិស័យបច្ចេកវិទ្យា ព្រមទាំងសន្យាផ្តល់ការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា​តាមតម្រូវការជាក់ស្តែងផងដែរ។

សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការពេញចិត្ត និង​បានអរគុណចំពោះការសន្យារបស់ លោកនាយករដ្ឋមន្ត្រីវៀតណាម ក្នុងការសហការ និងគាំទ្រដល់កម្ពុជា៕

Related post

សម្តេចតេជោ៖ សូមបងប្អូនកុំពង្រីកបញ្ហា ឈានដល់ការស្អប់ខ្ពើមជាតិសាសន៍ ដោយរក្សាភាពស្ងប់ស្ងាត់ ដើម្បីរដ្ឋាភិបាលដោះស្រាយព្រំដែនជាមួយថៃដោយសន្តិវិធី

សម្តេចតេជោ៖ សូមបងប្អូនកុំពង្រីកបញ្ហា ឈានដល់ការស្អប់ខ្ពើមជាតិសាសន៍ ដោយរក្សាភាពស្ងប់ស្ងាត់ ដើម្បីរដ្ឋាភិបាលដោះស្រាយព្រំដែនជាមួយថៃដោយសន្តិវិធី

រយៈពេលពីរបីថ្ងៃចុងក្រោយនេះ សម្តេចតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារជា បន្តបន្ទាប់នៅលើបណ្តាញសង្គមដោយបានអំនាវនាវដល់ជនរួមជាតិអោយរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែម៉ឺងម៉ាត់មិនទុកឱ្យបរទេសប្រមាថ។ សម្តេចតេជោ បានបង្ហោះសារថា សូមកុំធ្វើឱ្យបញ្ហាប្រឈមុខនៅព្រំដែនជាមួយថៃនេះក្លាយជាបញ្ហា នៃអារម្មណ៍ជាតិសាសន៍ ឬជាតិនិយមជ្រុល។ ហើយម្សិលមិញនេះ សម្តេចតេជោ បានបង្ហោះសារមួយទៀត ដោយបានសរសេរថាសម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង…
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ នយោបាយ «ឈ្នះឈ្នះ» គឺជាស្នូលនៃដំណោះស្រាយបញ្ហារបស់មេដឹកនាំយើង

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ នយោបាយ «ឈ្នះឈ្នះ» គឺជាស្នូលនៃដំណោះស្រាយបញ្ហារបស់មេដឹកនាំយើង

(ភ្នំពេញ)៖ ក្រោយពីទទួលបានព័ត៌មានស្តីពីការសម្រួលកងទ័ពរវាងប្រទេសទាំងពីរ ដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំមួយ ដែលហៀបនឹងផ្ទុះឡើងទៅហើយនោះ មានបងប្អូនជនរួមជាតិយើងជាច្រើនបានសាទរ និងធូរទ្រូង ប៉ុន្តែក៏មានបងប្អូនយើងមួយចំនួនហាក់មិនអស់ចិត្ត ចំពោះព័ត៌មាននេះ។ បើតាមការលើកឡើងរបស់ឯកឧត្តម ប៉ែន ប៉ូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។ ឯកឧត្តម ប៉ែន ប៉ូណា បានលើកឡើងជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំសូមបងប្អូនពិចារណាលើចំណុចមួយចំនួនដូចតទៅ៖ ទី១៖ ការបញ្ចៀសសង្គ្រាមដ៏ធំមួយកុំឱ្យផ្ទុះឡើងដោយភាគីទាំងពីរសុខចិត្តសម្រួលកម្លាំងរៀងៗខ្លួន គឺជានយោបាយឈ្នះឈ្នះមួយទៀតដែលថ្នាក់ដឹកនាំយើងសម្រេចបានសម្រាប់ប្រទេសជាតិនិងប្រជាជនយើង។ បើសិនជាសង្គ្រាមនេះផ្ទុះឡើងមែន វាមានទំហំធំជាងសង្គ្រាមព្រះវិហារឆ្ងាយណាស់។…
សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ចុះសួរសុខទុក្ខ នាយទាហាន​ ពលទាហាន​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ

សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ចុះសួរសុខទុក្ខ នាយទាហាន​ ពលទាហាន​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ

សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឥស្សរជនកម្ពុជាដែលធ្លាប់តតាំងក្តីឈ្នះថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៨ ខែមិថុនា​ ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ នាយទាហាន​ ពលទាហាន​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ដែល​ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ។ ការចុះសួរសុខទុក្ខរបស់សម្ដេចឥស្សរវិទេសបញ្ញា អតីតប្រមុខការទូតកម្ពុជា…