ឧបនាយករដ្ឋមន្ដ្រី ស សុខា ចាត់ទុកការវាយតម្លៃរបស់ UN លើកម្ពុជាពាក់ព័ន្ធអំពើជួញដូរមនុស្ស ប្រៀបដូចការអនុវត្តស្ដង់ដារពីរ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ចាត់ទុកការវាយតម្លៃរបស់ UN លើកម្ពុជាពាក់ព័ន្ធអំពើជួញដូរមនុស្ស ប្រៀបដូចការអនុវត្តស្ដង់ដារពីរ

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចាត់ទុកការរបាយការណ៍វាយតម្លៃ និងការដាក់ចំណាត់ថ្នាក់កម្ពុជា ជាប់លេខ៣ ពាក់ព័ន្ធអំពើជួញដូរមនុស្ស ប្រៀបដូចការអនុវត្តស្ដង់ដារពីរ ហើយមើលមិនឃើញពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងកន្លងមកលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នា ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ក្នុងពិធីផ្សព្វផ្សាយប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ០៥ឆ្នាំ (២០២៤-២០២៨)» នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានសង្កត់ធ្ងន់ថា ដោយទទួលស្គាល់នូវអ្វីដែលជាការខ្វះខាតកម្ពុជាបំពេញមិនទាន់បាន ប៉ុន្ដែប្រទេសជឿនលឿនខ្លះក៏កើតមានបញ្ហាអំពើជួញដូរមនុស្សនេះដែរ ហើយពេលខ្លះខ្លាំងជាកម្ពុជាថែមទៀតផង។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងយ៉ាងដូច្នេះថា «ពេលខ្លះរឿងតែមួយ ប៉ុន្ដែស្ដង់ដារពីរក្នុងវាយតម្លៃ ធ្វើឲ្យការខិតខំប្រឹងប្រែងរបស់យើងគ្មានតម្លៃ   ខ្ញុំទទួលស្គាល់ពីភាពខ្វះខាត ប៉ុន្ដែសូមទទួលយកនូវអ្វីដែលកម្ពុជាខិតខំប្រឹងប្រែងដែរ កុំឲ្យឃើញតែភាពអវិជ្ជមានកើតឡើង ប្រទេសណាក៏កើតឡើងដែរ សូម្បីតែប្រទេសជឿនលឿន»

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានកត់សម្គាល់ថា កន្លងទៅអង្គការសហប្រជាជាតិ តាមរយៈអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស តែងកំណត់នូវអ្វីដែលកម្ពុជាគួរអនុវត្តតាម ប៉ុន្ដែនៅពេលអនុវត្តតាមរួចហើយ ក៏នៅតែបន្ដវាយតម្លៃមិនល្អចំពោះកម្ពុជា លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានអះអាងថា អង្គការសហប្រជាជាតិ បានកំណត់នូវរបៀបរបបប្រជុំ របៀបរាយការណ៍ ដើម្បីឲ្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រកាន់យកតែនៅពេលមុនចេញរបាយការណ៍វាយតម្លៃមិនប្រាប់នូវអ្វីដែលគួរកែតម្រូវ។ លោកស្នើឲ្យស្ថាប័នវាយតម្លៃគួរណាស់តែមើលឃើញពីអ្វីដែលកម្ពុជាបានខិតខំប្រឹងប្រែង។

បើតាមឯកឧត្តមអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី, ប្រទេសកម្ពុជាទៅវិញទេ ដែលក្លាយជាប្រទេសរងគ្រោះដោយសារអំពើជួញដូរមនុស្សនេះ ខណៈអ្នកដែលបញ្ជាឲ្យធ្វើសកម្មភាពសុទ្ធតែមានមូលដ្ឋាននៅក្រៅប្រទេស។ ជាក់ស្ដែង សូម្បីតែប្រទេសដែលធ្វើរបងតាមព្រំដែនចំណាយលុយរាប់ពាន់លានដុល្លារ ក៏នៅតែមានអំពើជួញដូរមនុស្សកើតឡើង។

ប៉ុន្ដែបើទោះបីជាយ៉ាងណា ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិនិត្យ និងពង្រឹងការធ្វើរបាយការណ៍ ហើយសិក្សាពីប្រទេសជិតខាងអំពីរបៀបរបបនៃការធ្វើរបាយការណ៍នេះ។ លោកមើលឃើញថា ស្ថានភាពរបស់ប្រទេសជិតខាងអំពើជួញដូរមនុស្ស ប្រហាក់ប្រហែលកម្ពុជា ប៉ុន្ដែការវាយតម្លៃបែរជាល្អជាងកម្ពុជាទៅវិញ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានបន្ថែមទៀតថា អំពើជួញដូរមនុស្សជាឧក្រិដ្ឋកម្មដ៏ស្មុគស្មាញមួយ ក្នុងចំណោមបញ្ហាផ្សេងនៅក្នុងសង្គមដែលបានបំផ្លិចបំផ្លាញមនុស្សជាតិយ៉ាងធ្ងន់ធ្ងរ ទាំងធនធានមនុស្ស និងសេចក្ដីសុខរបស់មនុស្សគ្រប់វ័យ ស្ថានភាពគ្រប់ទីកន្លែងដែលងាយរងគ្រោះ ពិសេសព្រួយបារម្ភដល់អ្នកបន្ដវេនថែមទៀត។ ឯកឧត្តម បានបន្តថា មិនថាប្រទេសតូច ឬធំ អំពើជួញដូរមនុស្សមិនបានស្ងប់ស្ងាត់នៅឡើយទេ នាពេលបច្ចុប្បន្ននេះ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ពាក្យបណ្ដឹងដែលបានប្ដឹងពាក់ព័ន្ធករណីអំពើជួញដូរមនុស្សតាមរយៈទំព័រ Facebook របស់សម្ដេចក្រឡាហោម ស ខេង, ក្រសួងមហាផ្ទៃ និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មានចំនួន១,៨០៦បណ្ដឹង ប៉ុន្ដែបណ្ដឹងពិតប្រាកដមានត្រឹមចន្លោះពី១៥ ទៅ១៧ភាគរយប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រោយទទួលបានបណ្ដឹងនេះ សមត្ថកិច្ចពាក់ព័ន្ធបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីជួយអន្ដរាគមន៍ករណីដែលកើតឡើងពិតប្រាកដ៕

អត្ថបទ​ដោយ៖ Met Kimau

Related post

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់នឹងវិបត្តិ

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន…

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយ ចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ។ ការលើកឡើងបែបនេះរបស់ឯកឧត្តមរដ្ឋមន្រ្ដី ហេង សួរ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា…
អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជូនពលករ ធ្វើការចុះឈ្មោះដើម្បីផ្តល់ការងារ និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើតវិញ ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុងទូទាំងប្រទេសកម្ពុជា។ ចំពោះករណីពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ…
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។…