សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញប្រារព្ធពិធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យ (ឧដុង្គ)

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញប្រារព្ធពិធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យ (ឧដុង្គ)

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីភាពប្រារព្ធ ពិធីបុណ្យវិសាខបូជា ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧដុង្គ) ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល។

ពិធីបុណ្យវិសាខបូជានេះ ក៏មានការការយាង និមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំប្រធានព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទផងដែរ។

វិសាខបូជា ជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ដែលត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ថា ជាទិវាបុណ្យវិសាខបូជាអន្ដរជាតិ នៅឆ្នាំ១៩៩៩ ដោយអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យនេះ នៅស្នាក់ការអង្គការសហប្រជាជាតិផ្ទាល់តែម្ដង។ ពុទ្ធសាសនិកទូទាំងពិភពលោក បានរៀបចំពិធីបុណ្យនេះទៅតាមប្រពៃណីប្រទេសនីមួយៗ។

ដោយឡែក វិសាខបូជា ត្រូវបានចាត់ទុកជាពិធីបុណ្យជាតិរបស់កម្ពុជា ដែលពលរដ្ឋគ្រប់រូបបានសម្រាកពីការងារដើម្បីចូលរួមអបអរសាទរពិធីបុណ្យនេះ។ គេធ្វើបុណ្យ វិសាខបូជា ឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍៣សំខាន់ គឺ៖

*ទី១៖ ថ្ងៃដែលព្រះពុទ្ធបានប្រសូត
*ទី២៖ ថ្ងៃដែលព្រះពុទ្ធបានត្រាស់ដឹង
*ទី៣៖ ថ្ងៃដែលព្រះពុទ្ធបាន​បរិនិព្វាន។

ព្រះពុទ្ធទ្រង់ប្រសូត នៅក្នុងសួនឧទ្យានលុម្ពិនី (លំពានី សព្វថ្ងៃស្ថិតនៅក្នុងប្រទេសនេប៉ាល់) ក្រោមដើមសាលព្រឹក្ស នៅថ្ងៃសុក្រ ១៥កើតពេញបូរមី ខែពិសាខ ក្នុងឆ្នាំច មុនគ្រិសសករាជប្រហែល៦០០ឆ្នាំ។

ក្នុងព្រះជន្ម២៩ព្រះវស្សា ដោយសង្កេតឃើញសេចក្ដីទុក កើត ចាស់ ឈឺ ស្លាប់ វិលវល់ក្នុងវិវដ្ដសង្សាមិនចេះចប់ មិនចេះហើយ ព្រះសទ្ធម្ម (សុធ័ត) បានស្វែងរកផ្លូវចេញពីសេចក្ដីទុកទាំងនោះ។ ក្រោយពីការស្វិតស្វែងអស់៦ព្រះវស្សា ព្រះអង្គបានរកឃើញផ្លូវរំលត់សេចក្ដីទុក្ខទាំងពួង ហើយបានត្រាស់ដឹងជាព្រះពុទ្ធ នៅក្នុងព្រះជន្ម៣៥ព្រះវស្សា នៅថ្ងៃពុធ ១៥កើត ពេញបូរមី ខែវិសាខ ឆ្នាំរកា នាវេលាទាបភ្លឺ។

បន្ទាប់មកព្រះអង្គបានចំណាយពេល៤៥ឆ្នាំ ដើរជួយពន្យល់មនុស្ស ទេវតា សព្វសត្វឲ្យបានយល់អំពីវិធីរំលត់សេចក្ដីទុក្ខក្នុងជីវិត។ សេចក្ដីទុកទាំងឡាយតែងកើតពីការប្រកាន់ ហួងហែង ច្រណែន ឈ្នានីស គំនុំគំគួន និងសេចក្ដីល្ងង់ខ្លៅមិនយល់ពីដំណើរនៃធម្មជាតិ។ បើយើងម្នាក់ៗព្យាយាមលះបង់អកុសលទាំងនោះ យើងនឹងទទួលបានសេចក្ដីសុខពិតប្រាកដមិនខាន។

ព្រះអង្គបានបំពេញបេសកកម្មពេញមួយជីវិត ដើម្បីជួយសត្វលោកដោយគ្មានរើសអើងអ្នកណាឡើយ។ ឱវាទរបស់ព្រះអង្គនៅជាឱសថដ៏ស័ក្ដិស័ទជួយព្យាបាលសេចក្ដីទុករបស់សត្វលោកតាំងពីពេលនោះ រហូតមកដល់សព្វថ្ងៃនេះ។

ព្រះអង្គបានរំលត់ខ័ន្ធចូលកាន់ព្រះរិនិព្វាន ក្នុងព្រះជន្ម៨០ព្រះវស្សា នៅថ្ងៃអង្គារ៍ ១៥កើត ពេញបូរមីខែវិសាខ ឆ្នាំម្សាញ់ ដោយបន្សល់ទុកនូវឱវាទ គឺព្រះធម៌របស់ព្រះអង្គជាពន្លឺបំភ្លឺផ្លូវដល់សត្វលោកទាំងឡាយ។

ថ្ងៃវិសាខបូជា ជាថ្ងៃដែលព្រះអង្គប្រសូត្រ ត្រាស់ដឹង និងព្រះរិនិព្វាន។ គេធ្វើបុណ្យវិសាខបូជានេះឡើង ដើម្បីរំលឹកដល់ព្រះករុណាធិគុណ្យដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់អ្វីៗគ្រប់យ៉ាងក្នុងមួយជីវិត ដើម្បីជួយស្រោចស្រង់សព្វសត្វទាំងអស់៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ សន្ទនា​ទូរស័ព្ទ​ជាមួយ​ នាយក​រដ្ឋមន្ត្រី​ ម៉ាឡេស៊ី​

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ សន្ទនា​ទូរស័ព្ទ​ជាមួយ​ នាយក​រដ្ឋមន្ត្រី​ ម៉ាឡេស៊ី​

ល្ងាចនេះ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូលលើកទី៤៦ ប្រកបដោយជោគជ័យ និងអរគុណឯកឧត្តមចំពោះការយកចិត្តទុកដាក់ លើស្ថានការណ៍ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ។ ខ្ញុំបានបញ្ជាក់ជូនឯកឧត្តម Anwar អំពីគោជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ÷ ១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ២. ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ…
ប្រមុខ​ក្រសួង​ការពារ​ជាតិ​ខ្មែរ​ និងថៃ​ ឯកភាព​គ្នាបន្ថយភាពតានតឹង​ ដោយរក្សាការទំនាក់ទំនងគ្នាជៀសវាងការប៉ះទង្គិចដោយយោធា​

ប្រមុខ​ក្រសួង​ការពារ​ជាតិ​ខ្មែរ​ និងថៃ​ ឯកភាព​គ្នាបន្ថយភាពតានតឹង​ ដោយរក្សាការទំនាក់ទំនងគ្នាជៀសវាងការប៉ះទង្គិចដោយយោធា​

នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តទៅនៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ជាលទ្ធផលនៃកិច្ចប្រជុំ យើងបាន៖ –…
រដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញជាគណៈអធិបតីចូលរួមកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០

រដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញជាគណៈអធិបតីចូលរួមកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបានគោរពអញ្ជើញជាគណៈអធិបតីចូលរួមក្នុងកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិពរណ៍អន្តរជាតិសេអ៊ូលលើកទី៤០ និងសន្និសីទឧស្សហកម្មទេសចរណ៍ពិភពលោកលើកទី៤ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីសេអ៊ូល។ សូមជម្រាបថា កម្មវិធីនេះមានការចូលរួមពី ប្រទេសជាង៤០ ពីគ្រប់ទ្វីប ស្តង់ពិព័រណ៌ចំនួន៥០០ អ្នកលក់ចំនួន៧៥០ ក្រុមហ៊ុន និងអ្នកទិញចំនួន៨០០ក្រុមហ៊ុន ហើយក្រសួងទេសចរណ៍ក៏បានចូលរួមដោយរៀបចំពន្លាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក ជាពិសេសប្រជាជនកូរ៉េ ដើម្បីមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនឡើង៕